​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​តាមដាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​តាមដាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ការបញ្ជាក់​របស់លោក យឹម សុវណ្ណ យ៉ាង​ដូច្នេះ ត្រូវគេ​សង្កេតឃើញថា ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន​២​រូប​បាននិងកំពុង​រង​ការចោទប្រកាន់​ពី​ស្ថាប័ន​តុលាការ​។​

គួរបញ្ជាក់​ថា​ថ្មីៗ​នេះ​លោក រ៉ុង ឈុន ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវបាន​តុលាការ​បញ្ជូន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​ដែល​កើតឡើង​តាំងពីដើម​ខែមករា ឆ្នាំ​២០១៤ ទៅ​ជំនុំជម្រះ​។ ចំណែក​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក នី ចរិយា ដែលជា​អតីតមន្ត្រី​សង្គម​ស៊ីវិល ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​សូកប៉ាន់​សាក្សី​។

​លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ស្ថានការណ៍​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​ព្រួយបារម្ភ​ថា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រោះ​មាន​មន្ត្រីជាន់ខ្ពស់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អ្នកនយោបាយ​ជាច្រើន​ត្រូវបាន​ស្ថាប័ន​តុលាការ​ធ្វើការ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​ជា​បន្តបន្ទាប់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​រំពឹងថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹងមាន​វិធានការ​សមរម្យ ករណី​សមាជិក​ត្រូវ​ចោទប្រកាន់​។ ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អា​ឡែ​ន វ៉ាន​ឌ័​រ​មី​សែន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​សហភាព​អឺរ៉ុប​បារម្ភ​ពី​ឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា និង​ភាពយុត្តិធម៌​នៃ​ការអនុវត្ត​ច្បាប់ ជាពិសេស​ទាក់ទង​នឹង​ការចាប់ខ្លួន​តំណាង​សង្គម​ស៊ីវិល មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សកម្មជន​នយោបាយ​ជាដើម​។ សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ​៕

Yim Sovan