​លោក សម រង្ស៊ី បញ្ជាក់ថា​ការប្តឹង​ពី​បញ្ហា​នៅ​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ជា​ជម្រើស​ល្អ​មួយ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ចុង​សប្តាហ៍​នេះ​ថា  វិបត្តិ​នយោបាយ​កំពុង​ឡើងក​ម្តៅ​នៅក្នុង​ប្រទេស​កម្ពុជា ការ​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​កាន់តែ​អាក្រក់​ឡើងៗ ហើយ​អំណាច​ក៏​ត្រូវបាន​ប្រមូលផ្តុំ​លើ​បុគ្គល​មួយក្រុម​តូច ដែលជា​ជម្រើស​មួយ​ចាំបាច់ ត្រូវ​ប្ដឹង​អង្គការសហប្រជាជាតិ ឱ្យ​មកជួយ​ដោះស្រាយ គឺ​តាមរយៈ​ការបើក​កិច្ចប្រជុំ​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ១៩៩១​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា គេ​អាច​យក​ឧទាហរណ៍​ប្រទេស​ភូមា ប្រទេស​ភូមា​គឺ​រងគ្រោះ​ជាង​ប្រទេស​ម្ពុ​ជា​ទៅទៀត ព្រោះ​មានអំណាច​ផ្តាច់ការ​នៅ​ប្រទេស​ភូមា ៥០-៦០​ឆ្នាំ​ទៅហើយ តែ​ថ្មីៗ​នេះ​មានការ​រើបម្រះ​ដោយសារ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ ដូច្នេះ​បើ​ប្រទេស​ភូមា​អាច​ប្រែ​មុខមាត់​បាន​ពីរ​បប​ផ្តាច់ការ ទៅ​របប​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​ក៏​អាច​ប្រែ​ដូចគ្នា​ដែរ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ស្ថាប័ន​ពិភពលោក​មួយ​នេះ​ពិតជា​ជួយ​ប្រទេស​កម្ពុជា ដែល​លោក​ថា សូម្បី​ខ្លួន​លោក​ក៏​អាច​វិល​ត្រឡប់មកវិញ​ដែរ​។​

ចំពោះមុខ​បញ្ហា​ដែល​រដ្ឋាភិបាល​បន្តធ្វើ​កា​រ​គាបសង្កត់ និង​ចាប់ចង​មន្ត្រី​គណបក្សជំទាស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​ថា​យើង មិន​រង់ចាំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ទៀត​ទេ ព្រោះ​ព្រះមហាក្សត្រ​នៅពេលនេះ​គឺ​បាត់បង់​សិទ្ធិ​ដែល​រដ្ឋធម្មនុញ្ញ​បានចែង និង​ប្រគល់​សិទ្ធិ​ជូន​ព្រះអង្គ ក្នុង​ការធានា​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ធានាបាន​នូវ​តុលាការ​ឯករាជ្យ​ដែល​លោក​គិតថា​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ជំនឿ​ថា​ព្រះមហាក្សត្រ​អាចជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​កាលៈទេសៈ​នេះ​បានឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​លើកឡើង​ដែរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​រក​ការអន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ហើយ​ការរក​អន្តរាគមន៍​ពី​អន្តរជាតិ​នេះ​ដោយសារ​ព្រះមហាក្សត្រ​មិនទាន់​ឆ្លើយតប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​។ គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ខ្លួន​អ្នកនយោបាយ សកម្មជន​ការពារ​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សមាជិក​ព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ​គណបក្សជំទាស់ ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​ប្តឹង​អ្នកវិភាគ​នយោបាយ​មួយចំនួន​៕

samrainsy3d