ជប៉ុន​ឈ្នះ​ការ​ដេញថ្លៃ​កីឡា​អូ​ឡាំ​ពិ​ក Tokyo 2020 តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អន្តរជាតិ

មន្ត្រីជាន់ខ្ពស់​ជប៉ុន​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ថា គណៈកម្មាធិការ​កីឡា​អូ​ឡាំ​ពិ​ក​ជប៉ុន (JOC) គ្រោង​ស៊ើបអង្កេត​លើ​ករណី​ដេញថ្លៃ​ដែល​ខ្លួន​បាន​ឈ្នះ​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក Tokyo 2020 ក្រោយ​ពី​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ចោទ​ឡើង​ទាក់ទង​នឹង​ការ​ចំណាយ​របស់​គណៈកម្មាធិការ​ដេញថ្លៃ​ថា​ជា​ការ​សូកប៉ាន់។

សារព័ត៌មាន​អង់គ្លេស The Guardian បាន​រាយការណ៍​ថា ក្រុម​ដេញថ្លៃ​របស់​ជប៉ុន​បាន​ចំណាយ​ទឹកប្រាក់​សរុប​ច្រើន​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​គណនេយ្យ​ធនាគារ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី និង​មានការ​ជាប់​ទាក់ទង​នឹង​លោក​Papa Massata Diack (​ជា​កូន​អតីត​ប្រធាន​អត្ត​ព​លិ​ក​អន្តរជាតិ​លោក Lamine Diack) ។

មន្ត្រី​ជប៉ុន​ផ្សេង​ទៀត​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​ខាងលើ ដោយ​និយាយ​ថា ការ​ចំណាយ​ទាំងនោះ គឺជា​ការ​ចំណាយ​ស្របច្បាប់​សម្រាប់​តម្លៃ​សេវា​ប្រឹក្សា​យោបល់​តែ​ប៉ុណ្ណោះ​។

ប្រធាន JOC និង​ជា​ប្រធាន​ក្រុម​ដេញថ្លៃ​ដែល​បាន​ឈ្នះ​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក Tokyo 2020 លោក Tsunekazu Takeda បាន​និយាយ​ទៅ​កាន់​គណៈកម្មាធិការ​សភា​ថា​៖«​ពួក​យើង​នឹង​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ ដោយ​មានការ​ចូលរួម​ពី​មេធាវី​អន្តរជាតិ ហើយ​ពួក​យើង​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ម្តងទៀត​ជាមួយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដេញថ្លៃ​នា​ពេល​នោះ ដើម្បី​ធានា​ថា​តើ​មាន​អំពើ​ខុសច្បាប់​ឬ​មាន​ករណី​គួរ​ឱ្យ​សង្ស័យ​អំឡុង​ពេល​ដេញថ្លៃ​ដែរ​ឬទេ​» ។

សារព័ត៌មាន The Guardian ក៏​បាន​ចេញផ្សាយ​បន្ថែម​ថា ថវិកា​ដែល​បាន​ដាក់​ក្នុង​គណនេយ្យ​ធនាគារ​សិង្ហ​បុរី នោះ​គឺ​លោក Ian Tan Tong Han (​មិត្តភក្តិ​របស់​លោក Diack) ជា​អ្នកកាន់កាប់ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អតីត​ប្រធាន​អត្ត​ព​លិ​ក​អន្តរជាតិ​លោក Lamine Diack និង​កូនប្រុស​របស់​លោក​ឈ្មោះ Papa Massata Diack កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស​បារាំង​ចំពោះ​ករណី​សូកប៉ាន់​មន្ត្រី​សហព័ន្ធ​អត្ត​ព​លិ​ក​អន្តរជាតិ (IAAF) ទាក់ទង​នឹង​ការ​បិទ​បាំង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ប្រទេស​រុ​ស្ស៊ី​ឆ្នាំ​២០០៨​ផង​ដែរ ។

កាលពី​ខែ​មុន Logo នៃ​កីឡា​អូ​ឡាំ​ពិ​ក Tokyo 2020 ត្រូវ​បាន​ប្តូរ​រូបរាង​ថ្មី​បន្ទាប់​ពី Logo ចាស់​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា​ចម្លង​ពី​បរទេស ។ អ្នក​បង្កើត Logo នេះ​គឺ​លោក Asao Tokolo ៕