Man Utd លើក​ពាន FA Cup ទាំង​ព្រលឹង​ចុង​សក់

ក្តី​ប្រាថ្នា​របស់​ក្លិប​បិសាច​ក្រហម Man Utd គ្រង​ពាន​ជើងឯក FA Cup លើក​ទី​១២​របស់​ខ្លួន​បាន​ក្លាយជា​ការ​ពិត​ទាំង​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​បាន​បំបាក់​ក្លិប​ឥន្ទ្រី​កំណាច Crystal Palace វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​២-១​ក្នុង​ម៉ោង​បន្ថែម​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ នៅ​ពហុ​កីឡដ្ឋាន Wembley ចក្រភព​អង់គ្លេស ។

នៅ​ក្នុង​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​ថា​កីឡាករ​ក្លិប​ទាំង​ពីរ​បាន​ព្យាយាម​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្នា​រៀង​ៗ​ខ្លួន តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ​ក្នុង​តង់​ទី​១ ។ លទ្ធផល​ស្មើ​១-១​ក្នុង​តង់​ទី​២ បាន​ធ្វើ​ឱ្យ​ក្លិប​ទាំង​ពីរ​ឈាន​ដល់​ម៉ោង​បន្ថែម​។ សំឡេង​ហ៊ោកញ្ជ្រៀវ​ចេញពី​អ្នកគាំទ្រ​ក្លិប​បិសាច​ក្រហម បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​ខ្សែបម្រើ​Jesse Lingard​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្លិប​Crystal Palace នៅ​នាទី​ទី​១១០ បើ​ទោះបីជា​ក្រុម​របស់​ខ្លួន​សល់​កីឡាករ​តែ​១០​នាក់​ក៏​ដោយ ។

សូម​រំលឹក​ថា ក្លិប Man Utd បាន​គ្រង​ជា​ម្ចាស់​ជើងឯក FA Cup លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០០៤​ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូបង្វឹក​លោក Alex Ferguson ខណៈ​ប៉ះ​ជាមួយ​ក្លិប Millwall ក្នុង​លទ្ធផល​ឈ្នះ​៣-០ ។

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Van Gaal បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ដោយ​និយាយ​ថា​៖ “​នេះ​ជា​ជ័យជម្នះ​ដ៏​ប្រពៃ​មួយ​ដែល​យើង​ទទួល​បាន​សម្រាប់​ក្លិប ហើយ​ក៏​សម្រាប់​អ្នកគាំទ្រ​របស់​យើង​ផង​ដែរ ។ បើ​ទោះបីជា​យើង​មាន​កីឡាករ​ត្រឹមតែ​១០​នាក់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​បំបែក​រនាំង​ការពារ​គូប្រកួត​បាន​ដែរ៕