Jose Mourinho គ្រោង​ជំនួស​តំណែង​គ្រូបង្វឹក Van Gaal នៅ​ពេល​ឆាប់​ៗ​នេះ

អតីត​គ្រូបង្វឹក​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho គ្រោង​ជំនួស​តំណែង​លោក Louis van Gaal នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​យល់​ស្រប​តាម​កិច្ចព្រមព្រៀង​រួច​មក​។

សូម​រំ​ឮ​កថា លោក Van Gaal បាន​ដឹកនាំ​ក្លិប Man Utd លើក​ពាន FA Cup កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ​បាន​យកឈ្នះ​ក្លិប Crystal Palace ក្នុង​លទ្ធផល 2-1 ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រូបង្វឹក​រូប​នេះ​សង្ឃឹមថា នឹង​អាច​បន្ត​តំណែង​របស់​ខ្លួន​បន្ត​ទៀត ក៏​ប៉ុន្តែ​ក្តី​ស្រ​ម៉ៃ​របស់​លោក​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នូវឡើយ បន្ទាប់​ពី​មាន​ប្រភព​មួយ​ចំនួន​បាន​រាយការណ៍​ថា លោក​Jose Mourinho នឹង​មក​ជំនួស​តំណែង​របស់​លោក​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​។

ទោះជា​យ៉ាងណា​ក្តី លោក Van Gaal ហាក់ដូចជា​មិន​អើពើ​នឹង​ពាក្យ​ច​ចាម​អារាម​ដែល​បាន​ផុស​ឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នោះ​ឡើយ ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​និយាយ​ថា «​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាំងអស់​ទាក់ទង​នឹង​ការ​ចាក​ចេញពី​ក្លិប​ទេ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ព្រោះថា​ខ្ញុំ​ជា​គ្រូបង្វឹក​ដំបូង បន្ទាប់​ពី​លោក Alex Ferguson ដែល​អាច​ដឹកនាំ​ក្លិប Man Utd គ្រង​ជា​ម្ចាស់​ជើងឯក​។ ខ្ញុំ​មាន​រូបថត​ជាមួយ​លោក Alex ហើយ​វា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​តែង​ចង​ចាំ​ទុក​»​។

លោក Jorge Mendes ភ្នាក់ងារ​របស់​លោក Mourinho បាន​និយាយ​ថា «​លោក Mourinho បាន​យល់ព្រម​នូវ​តម្លៃ​ខ្លួន​របស់​គាត់​រួច​ហើយ ព្រមទាំង​បាន​ពិភាក្សា​បញ្ហា​នានា​ទាក់ទង​នឹង​ការ​ជំនួស​តំណែង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Man Utd និង​ព័ត៌មាន​លម្អិត​នៃ​កិច្ចសន្យា​ផង​ដែរ​»៕