ស៊ន សៀវ​ម៉ី ទៅ​​កម្តៅ​សាច់ដុំ​​នៅ​​​ប្រទេស​​​កូរ៉េ ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨ ឧសភា ​កីឡាការិនី​ស៊ន សៀវ​ម៉ី និង​មនុស្ស​២​រូប​ទៀត ដែល​បាន​ចាក​ចេញពី​កម្ពុជា ​ក្នុង​គម្រោង​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េបាន​ទៅ​ដល់ទី​នោះ ​តាម​ការ​គ្រោងទុក​ហើយ បន្ទាប់​ពី​អ្នក​ទាំង​៣ ​បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា នៅ​វេលា​ម៉ោង​ជិត​១១​យប់ ។

លោក ស៊ន អេ​លី​ត ជា​បងប្រុស​បង្កើត​របស់​ស៊ន សៀវ​ម៉ី បាន​អះអាង​ថា ប្អូនស្រី​របស់​លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​តាំងពី​យប់​ថ្ងៃ​ទី​១៦ ឧសភា តែ​មិន​មានការ​ជូន​ដំណើរ​គគ្រឹកគគ្រេង​ក្រៅពី​សមាជិក​ក្នុង​ក្រុម​គ្រួសារ និង​អ្នក​ស្រឡាញ់​នាង​តិចតួច​នោះ​ទេ ដោយសារ​តែ​ការ​ចេញដំណើរ​ស្ថិត​នៅ​យប់​ជ្រៅ​ពេក និង​ម្យ៉ាង​មក​ពី​នោះ​គ្រាន់តែ​ជា​ការ​ចេញ​ទៅ​ហ្វឹកហាត់​ ដោយ​មិនមែន​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​ទេ ។

លោក​ថា ស៊ន សៀវ​ម៉ី បាន​ទៅ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង Check In​តាំងពី​ម៉ោង​១០​យប់ ហើយ​នៅ​វេលា​ម៉ោង​១០​ និង​៤៥​នាទី​យប់​ថ្ងៃទី១៦ ឧសភា ក៏​បាន​ចេញដំណើរ ​។ ក្នុង​ដំណើរ​ចាកចេញ​នោះ មាន​ទាំងអស់​៣​នាក់ គឺ​ស៊ន សៀវ​ម៉ី ប្អូន​ស្រី​របស់​លោក លោក​ឆ​យ យ៉ុ​ង​សុក ជា​គ្រូបង្វឹក​របស់​នាង និង​មាន​កីឡាការិនី​វ័យក្មេង​ម្នាក់​ទៀត​ ដែល​លោក​ឆ​យ យ៉ុ​ង​សុក បញ្ជូន​​ទៅ​ហ្វឹកហាត់​ឱ្យធ្វើ​ជា​ធនធាន​ថ្មី​របស់​វិស័យ​តេ​ក្វា​ន់​ដូ ។

លោក​​ថា ការ​ចាកចេញ​របស់​អ្នក​ទាំង​៣​ នឹង​មាន​រយៈពេល​២​ខែ​ពេញ ដោយ​គោលដៅ​ចម្បង​ គឺ​ដើម្បី​ឱ្យ​ស៊ន សៀវ​ម៉ី ទៅ​ទទួល​ការ​បង្វឹក​​បង្កើន​សមត្ថភាព​ជាមួយនឹង​គ្រូ​ជំនាញ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ដើម្បី​ឱ្យ​នាង​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ មុន​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ​នៅ​ខែកញ្ញា​ខាង​មុខ ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។

លោក​ថា ការ​ហ្វឹកហាត់​រយៈពេល​២​​ខែ​នេះ នៅ​មិន​ទាន់​ច្បាស់​ថា​ នឹង​ជួយ​ឱ្យ​ប្អូនស្រី​ក្លាយជា​កីឡាការិនី ដែល​មាន​កម្លាំង​វាយ​ប្រកួត​បរិបូរណ៍​មួយ​រយ​ភាគរយ​នៅឡើយ​ទេ ដោយសារ​រយៈពេល​២​ខែ​ ក៏​មិន​ច្រើន​នោះ​ដែរ ​សម្រាប់​កីឡាការិនី​ម្នាក់ ក្នុង​ការ​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​បែប​នេះ ។ លោក​ថា សៀវ​ម៉ី និង​អ្នក​រួម​ដំណើរ​ចំណាយពេល​ត្រឹមតែ​៥​ម៉ោង​​ប៉ុណ្ណោះ ក្នុង​ការ​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ដល់​ប្រទេស​កូរ៉េ​ដោយ​សុវត្ថិភាព ។