ឡុ​ង សំណាង និង ម៉​ន រ​ដ្ឋា ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​នេះ​មួយ​ណា​សម្រេច​គោលដៅ?

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ ​កងទ័ពជើងគោក ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ទី​២១ ឧសភា ខាង​មុខ​នេះ មួយ​ណា​សម្រេច​គោលដៅ?

ទោះបី​អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​មែន ប៉ុន្តែ​បើ​តាម​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​សីុ​ធី​អិន​ឱ្យ​ដឹង​ថា កីឡាករ​ថៃ​ទាំង​២​រូប​នេះ គឺជា​ជើង​ខ្លាំង​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ឆ្នាំ​ទេ ។ មិនតែប៉ុណ្ណោះ​ពួក​គេ​គឺជា​អ្នក​ប្រដាល់​ដែល​ពិបាក​រក​គូប្រកួត​បំផុត ។

ឡុ​ង សំណាង ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​រុងរឿង ស​.​ដាន​ឆ័​យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម លើក​នេះ គេ​ពិតជា​ស្គាល់​ច្បាស់​ណាស់​ថា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិនធម្មតា ។ ប៉ុន្តែ​ដោយសារ​ពី​មុន​មក​ពួក​គេ​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា ទើប​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។ ឡុ​ង សំណាង មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ ចលនា​វាយ​ចេញ​ក៏​រហ័ស​គ្រាន់បើ និង​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទេ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ទេ​ដោយ​ទទួល​ឱ្យ​អ្នកគាំទ្រ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទៅ​ចុះ ។

ចំណែក ម៉​ន រ​ដ្ឋា ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ ណា​រ៉ុ​ង​ណ​យ អ​.​សក្តិ​ណា​រិ​ន្ទ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​វិញ​នោះ ក៏​មិន​ទាន់​ហ៊ាន​អះអាង​ទុក​មុន​ពី​រឿង​ចាញ់​ឈ្នះ​នោះ​ដែរ ។ ម៉​ន រ​ដ្ឋា ជា​អ្នក​ប្រដាល់​ដែល​មាន​ចរិត​ឆេវឆាវ​បំផុត ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​ទាំង​ចូល​កៀក​និង​វាយ​ជា​ប្រយោល គឺ​ល្អ​ដូច​គ្នា រីឯ​ស្បែក​មុខ​បើ​វាយ​ត្រូវ​ល្មម​ៗ​មិន​ឈឺ​ឡើយ តែបើ​ឈឺ​វិញ​គេ​កាន់តែ​ដើរ​ចូល ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មិន​អាច​លេងសើច​បាន​ឡើយ ព្រោះ​គូប្រកួត​របស់​គេ​បើ​តាម​ដឹង​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​ធ្លាប់​អុកឡុក​សង្វៀន​ស្រុក​ថៃ​មិន​តិច​ឆ្នាំ​ទេ ។ ចាំ​មើល ម៉​ន រ​ដ្ឋា អាច​ផ្ដួល​កីឡាករ​ថៃ​បាន​ឬ​អត់ ?

ក្រៅពី​គូ​អន្តរជាតិ​នៅ​មាន​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ​លឺ​ត ពិសិដ្ឋ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ​វ៉ែន ហុង​សុវណ្ណ មក​ពី​ក្លិប​កងកេង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ យ៉ា​ម ខេ​ម​រ៉ា មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា និង​គូ​ចុង​ក្រោយ​កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​៕