សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​-​អាទិត្យ​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​-​អាទិត្យ ​ទី​២១-២២ ឧសភា ចុង​ស​ប្ដា​ហ៍​នេះ សម្រាប់​ថ្ងៃ​សៅរ៍​ មាន​៤​គូ និង​ថ្ងៃអាទិត្យ​ មាន​៦​គូ ក្នុង​នោះ​គូ​អន្តរជាតិ​កម្ពុជា​-​ថៃ​មាន​ចំនួន​៤​គូ ​គឺ​ថ្ងៃ​សៅរ៍​២​គូ និង​ថ្ងៃអាទិត្យ​២​គូ ។

សម្រាប់​គូ​អន្តរជាតិ​កម្ពុជា​-​ថៃ ​ថ្ងៃ​សៅរ៍ មាន​កីឡាករ ឡោ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឡាំង​សួន​ឆ័​យ គៀត​ប្រះ​សាន​ឆ័យ ​​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ឈ្មោះ អេ​លាន ស​.​វី​រ៉ា​វណ្ណ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​កីឡាករ​ថៃ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​ទើប​គ្មាន​អ្នក​ណា​ដឹង​ពី​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ច្បាស់លាស់ គឺ​គ្រាន់តែ​ដឹង​ថា ពួក​គេ​គឺជា​ជើង​ខ្លាំង​មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ ។ ឡាំង​សួន​ឆ័​យ គៀត​ប្រះ​សាន​ឆ័​យ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡោ សំណាង ក្នុង​ពេល​នេះ ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​មិន​តិច​នាក់​ឡើយ បាន​ន័យ​ថា ថ្វីដៃ​ប្រកួត​របស់​គេ​ពិតជា​ខ្លាំង​មិនធម្មតា ។

ចំណែក ឡោ សំណាង បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ល្បិច​ប្រយុទ្ធ​ពី​មុន​មក​និង​ឥឡូវនេះ​វិញ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ ពី​មុនគេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយ​រក​គូប្រកួត​បាន​ឡើយ ប៉ុន្តែ​ឥឡូវ​ភាព​ខ្លាំងក្លា​មានការ​ធ្លាក់​ចុះ​ជាង​មុន​ព្រោះតែ​វ័យ​របស់​គេ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ ឯ​កម្លាំង​ក៏​កាន់តែ​ចុះ​ខ្សោយ​ជាង​មុន​ដែរ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ឡោ សំណាង មិន​ហ៊ាន​ធានា​ថា អាច​ទប់ទល់​ជាមួយ​កីឡាករ​ថៃ រូប​នេះ​បាន​ប៉ុន្មាន​ទឹក​នោះ​ទេ ។

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដែល​ទើប​ចូល​ប្រឡូក​នៅ​លើ​សង្វៀន​បាន​តែ​ប៉ុន្មាន​ឆ្នាំ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ថ្វីដៃ​របស់​គេ​ពិតជា​មិន​អន់​ឡើយ ។ បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​វិញ មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់ ប៉ុន្តែ​ដោយសារ​តែ​មិន​ធ្លាប់​ស្គាល់​ប្រវត្តិ​គូប្រកួត​ពី​មុន​មក​នោះ គេ​ក៏​មិន​ហ៊ាន​សន្យា​ទុក​មុន​ពី​រឿង​ចាញ់​ឈ្នះ​នោះ​ដែរ ។ ដូច្នេះ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​អាច​ដឹង​បាន ។

នៅ​លើ​សង្វៀន​ដដែល កីឡាករ អេ ប្រេ​ស៊ី​ល មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ឈ្មោះ Wong Justin និង​គូ​ចុង​ក្រោយ​កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ យស់ សំ​អាល់ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

ដោយឡែក គូ​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ ​តម្រូវ​ទៅ​លើ​កីឡាការិនី អេ យ៉ា​នុ​ត មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ កីឡាការិនី​ថៃ​ឈ្មោះ ផ​ន​ស្នេហ៍ ស៊ី​ត​ប៉ា​ធី​ម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ​ចៅ រស់ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ខ​សក្តិ​ធី ស វី​រ៉ា​វ៉ា​ន់ ដែល​គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម ។ រវាង អេ យ៉ា​នុ​ត និង​ផ​ន​ស្នេហ៍ ស៊ី​ត​ប៉ា​ធី​ម ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​លើ​សង្វៀន​ខេត្តសៀមរាប ដែល​កាល​ណោះ អេ យ៉ា​នុ​ត បាន​ត្រឹមតែ​យកឈ្នះ​ដោយ​ពិន្ទុ​ទាំង​វេទនា​បំផុត​។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ មិនដឹង​ថា អេ យ៉ា​នុ​ត មានសំណាង​យកឈ្នះ​ដូច​មុន​ទៀត​ឬ​អត់​នោះ​ទេ ។ លោក អេ ភូ​ថង ដែល​ត្រូវជា​ឪពុក និង​ជា​គ្រូបង្ហាត់​ទៀត​ផង​នោះ​បាន​ប្រាប់​ថា ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ អេ យ៉ា​នុ​ត ព្យាយាម​ហ្វឹកហាត់​មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ ដូច្នេះ​ការ​ជួប​គ្នា​លើក​នេះ​អាច​មាន​សង្ឃឹម​ឈ្នះ​ច្រើន ។

ចំណែក​ការ​ជួប​គ្នា​រវាង ចៅ រស់ និង ខ​សក្ដិ​ធី ស​.​វី​រ៉ា​វ៉ា​ន់​វិញ ក៏​អត់​ទាន់​មាន​អ្នក​ណា​ហ៊ាន​អះអាង​ទុក​មុន​ថា​យ៉ាងណា​នោះ​ដែរ ព្រោះ​គូ​នេះ​មិន​ស្គាល់​ពី​ប្រវត្តិ​គ្នា​ច្បាស់លាស់ ។ ចាំ​មើល រវាង​ចៅ រស់ និង​កីឡាករ​ថៃ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា?

រីឯ​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ មាន សុខ ឌឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ឡុ​ង សុធា​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ សុ​ន ធា​រិ​ទ្ធ មក​ពី​ក្លិប​កុសល​កីឡា ។ សេក រាំ​បូរ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​នួន វិចិត្រ មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​ឡុ​ង បញ្ញា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕