ចលនាកីឡាអូឡាំពិកប្រារព្ធនៅ​ កម្ពុជាលើកដំបូងនា ថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ កម្ពុជានឹងប្រារព្ធចលនាកីឡាអូឡាំពិកជាលើកដំបូង នាព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភានេះនៅបរិវេណវិទ្យាល័យបាក់ទូក ដើម្បីស្វែងរកក្រុមជើងខ្លាំងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមយកជ័យលាភីសម្រាប់វិទ្យាល័យដែលមានទំហំទឹកប្រាក់សរុប ១០០០០ដុល្លាទៅកាន់៤ជ័យលាភី សម្រាប់ប្រើប្រាស់ក្នុងការសាងសង់សាលា រឺការអភិវឌ្ឍន៍បណ្ណាល័យ។

នេះជាកម្មវិធីកីឡាអន្តរជាតិដែលបានរៀបចំឡើងនៅជុំវិញពិភពលោក ក្នុងគោលដៅលើកកំពស់សុខភាព និងគុណភាពនៃការរស់នៅ តាមរយៈការលេងកីឡា ដោយផ្ដោតពិសេសលើមនុស្សជំនាន់ក្រោយ ពោលគឺយុវជន និងវ័យជំទង់។ ព្រឹត្តិការណ៍នាថ្ងៃអាទិត្យនេះរួមមាន ការប្រកួតកីឡាទូទៅសម្រាប់សាធារណជន ការហាត់ក្បាច់គុណល្បុក្កតោ ការប្រកួតអាវ៉ង់ ការប្រកួតហ្គេមជាក្រុម ការគូរមុខ ការថតរូបកីឡា និង ការប្រកួតសម្រាប់សិស្សវិទ្យាល័យបាក់ទូក លើវិញ្ញាសាបាល់ទាត់ បាល់ទះ រត់ប្រណាំង ចោលដុំដែក លោតចម្ងាយ និងកាយសម្ព័ន្ធ។ អ្នកចូលរួមអាចនឹងមានឱកាសទទួលបានរង្វាន់សំភារៈកីឡាជាច្រើនដូចជា អាវយឺត មួក កងដៃ ក្រណាត់ជូតញើស ឧបករណ៍កីឡាតាមដានសុខភាព។ 

គោលបំណងសំខាន់នៃកម្មវិធីគឺចង់បញ្រ្ជៀបទំលាប់នៃការលេងកីឡាចូលក្នុងជីវភាពប្រចាំថ្ងៃ របស់សិស្សនិស្សិត និងសាធារណជន ស្របពេលដែលការលេងកីឡា ហាក់ត្រូវបានមើលរំលង និងធ្លាក់ចុះជាពិសេស ក្នុងសម័យបច្ចេកវិទ្យាទូរស័ព្ទទំនើប។ សូមសិស្សានុសិស្ស និស្សិត និងសាធារណជនចូលរួមប្រកួត លេងកំសាន្ត និងគាំទ្រចលនាកីឡាអូឡាំពិកទាំងអស់គ្នាដើម្បីសុខភាព។ 

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចលនាកីឡាអូឡាំពិកប្រារព្ធនៅ​ កម្ពុជាលើកដំបូងនា ថ្ងៃអាទិត្យនេះ

ចលនាកីឡាអូឡាំពិកប្រារព្ធនៅ​ កម្ពុជាលើកដំបូងនា ថ្ងៃអាទិត្យនេះ