៩​នាទី​ចុង​ម៉ោង ចាន់ វឌ្ឍនាកា ធ្វើ​បាន Hat-trick ជួយ​បឹង​កេត វាយ​បក​ឈ្នះ​ស្វាយ​រៀង ៣-១

(ភ្នំពេញ)៖ ស្ទើរមួយគួរឲ្យជឿត្រឹមតែ ៩នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា រកបាន ៣​គ្រាប់​ម្នាក់​ឯង (Hat-Trick) ដើម្បី​ជួយ​ក្រុម​ខ្លួន វាយបកយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ខក​ចិត្ត​ជា​ខ្លាំង ស្រប​ពេល​ក្រុម​ពួក​គេ​គាំទ្រធ្វើការនាំមុខ ១-០ រហូតដល់នាទីទី៨៥ ទៅហើយនោះ ។

ជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ដែលបញ្ចប់នាក្បាលព្រលប់ថ្ងៃទី២១ ខែឧសភានេះ ក្រុមបឹងកេតអង្គរ បាន​បន្ថែម ៣​ពិន្ទុ ដើម្បី​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ជា​មួយ ២១ពិន្ទុទាំងលំបាកបំផុត នៅពេលប៉ះក្រុមព្រះខ័នរាជស្វាយរៀង ។ តង់​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ហាក់​មាន​ប្រៀប​លើ​បឹង​កេត ហើយ​ថែម​ទាំង​មាន​ឱកាស​រកគ្រាប់បាល់ជាច្រើនលើកទៀតផង តែធ្វើមិនសម្រេចមុននឹងបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ។

លុះចូលតង់ទី២ ទោះបីលោក ប្រាក់ សុវណ្ណារ៉ា ផ្លាស់ប្ដូរទម្រង់លេងរបស់ក្រុមបឹងកេតអង្គរយ៉ាងណា ក៏ក្រុមដឹកនាំដោយលោក សំ វ៉ាន់ដេត នៅ​តែ​មាន​ប្រៀប​រហូត​មាន​ការទម្លុះសំណាញ់ទីបឹងកេត ១គ្រាប់ពីសំណាក់កីឡាករ Kipson ដើម្បីជួយក្រុមព្រះខ័នរាជស្វាយរៀង ឲ្យនាំមុខ ១-០ ត្រឹមនាទីទី៧៥ ដែល​១​គ្រាប់​នេះ ត្រូវបានអ្នកគាំទ្ររំពឹងថា ព្រះខ័នរាជស្វាយរៀងនឹងទទួលបាន ៣ពិន្ទុ ព្រោះទម្រង់លេងកំពុងតែល្អ ។

ប៉ុន្ដែអ្វីដែលមិនគួរឲ្យជឿ គឺនៅក្នុងរយៈពេល ៩នាទី បូកទាំងម៉ោងបន្ថែម ក្រុមបឹងកេតអង្គរ បានទទួលគ្រាប់បាល់ចំនួន ៣គ្រាប់ផ្ទួនៗ ពី​ការ​ធ្វើ​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នៅនាទីទី៨៥, នាទី៨៩ និងនាទី ៩០+៣ ដែលធ្វើឲ្យបឹងកេត ទទួលបាន៣ពិន្ទុ ដើម្បី​ឡើង​ឈរ​កំពូល​តារាង​តែ​ម្ដង ។ រីឯ​ក្រុម​ថ្នាក់​ដឹក​នាំ​ក្រុម​ព្រះខ័នរាជស្វាយរៀង រួមទាំងកីឡាករ និងអ្នកគាំទ្របានត្រឹមហួសចិត្ត និងសោកស្ដាយប៉ុណ្ណោះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៩​នាទី​ចុង​ម៉ោង ចាន់ វឌ្ឍនាកា ធ្វើ​បាន Hat-trick ជួយ​បឹង​កេត វាយ​បក​ឈ្នះ​ស្វាយ​រៀង ៣-១