កន្លែង​​ស្រស់​ស្អាត​បំផុត​ក្នុង​​ពិភពលោក​ដែល​​កំពុង​ប្រឈម​នឹង​ការ​បំផ្លាញ​

ទេសចរណ៍គឺជាអាវុធមុខពីរដែលម្ខាងជួយឲ្យពិភពលោកបានស្គាល់ពីទីកន្លែងស្រស់ស្អាត និងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រជាជនក្នុងតំបន់ ចំណែកម្ខាងទៀត គឺនាំមកនូវផលអាក្រក់ដោយវាធ្វើឲ្យបាត់បង់សម្រស់នៅកន្លែងនោះ ដោយសារតែចំនួនអ្នកទេសចរច្រើនលើសលប់ពេក។

ខាងក្រោមនេះគឺជាទីកន្លែងដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក ដែលកំពុងប្រឈមនឹងការធ្វើឲ្យខូចខាតបាត់បង់សម្រស់របស់ទីកន្លែងនោះ៖

១. កោះ Phi Phi ប្រទេសថៃ

បើតាមក្រុមប្រឹក្សាទេសចរណ៍របស់ថៃ កោះ Phi Phi និងកោះក្បែរនោះ ទទួលស្វាគមន៍ភ្ញៀវទេសចរ១.៤លាននាក់ក្នុងមួយឆ្នាំ។ ផ្ទុយពីចំណុចល្អនេះ ផ្កាថ្មប៉ប្រះទឹកបានត្រូវបំផ្លាញដោយយុថ្ការបស់ទូក និងបំពង់ខ្យល់អុកស៊ីហ្សែនរបស់អ្នកមុជទឹក ហើយបរិស្ថានសមុទ្រក៏ត្រូវរងការខូចខាតដោយការបំពុលរបស់ម៉ូតូជិះលើទឹក និងការបោះចោលសំរាមចូលទៅក្នុងសមុទ្រ។

២. កោះCozumel ប្រទេសម៉ិកស៊ីកូ

Aerial Photographs Helicopter

កោះនេះមានភាពល្បីល្បាញជាមួយនិងឆ្នេរខ្សាច់ និងថ្មប៉ប្រះទឹកដ៏ស្រស់ស្អាត ហើយបច្ចុប្បន្នកោះនេះក្លាយជាគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្តតាមនាវាដ៏ល្បីលំដាប់ទីពីររបស់ពិភពលោក។ ផ្ទុយពីលក្ខណៈល្អនេះ ថ្មប៉ប្រះទឹកដែលមិនរឹងមាំ កំពុងតែរងការគំរាមកំហែងពីការបំពុលបរិស្ថាន និងការអភិវឌ្ឍនៅទីនោះ ហើយនាវាបានធ្វើឲ្យទឹកកាន់តែឡើងក្ដៅដែលបណ្ដាលឲ្យផ្កាថ្មរងការខូចខាត។

៣. កោះបាលី ប្រទេសឥណ្ឌូណេស៊ី

កោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងស្ថិតក្រោមការគំរាមកំហែងដោយសារថាការកើនឡើងនូវការកាប់បំផ្លាញព្រៃឈើ ដើម្បីបើកផ្លូវឲ្យឧស្សាហកម្មទេសចរណ៍ និងកំណើនប្រជាជនឥណ្ឌូណេស៊ី។ ទេសចរណ៍មានកំណើនលឿនខ្លាំង ប៉ុន្តែខាងហេដ្ឋារចនាសម្ព័ន្ធមានភាពយឺតយ៉ាវ ដែលធ្វើឲ្យសំរាមនៅគរ មិនមានកន្លែងយកទៅចោល។ ម្យ៉ាងទៀត សត្វ និងរុក្ខជាតិដែលមិនមានដើមកំណើតនៅទីនោះ ក៏កំពុងគំរាមកំហែងកោះមួយនេះផងដែរ។

៤. កោះ Galapagos ប្រទេសអេក្វាទ័រ

ទោះបីជាមិនមានទេសចរច្រើនខ្លាំង ក៏មានទេសចរជាច្រើនធ្វើដំណើរទៅកម្សាន្តនៅទីនោះដើម្បីឃើញនូវជីវចម្រុះ និងបរិស្ថានដែលល្អប្លែកគេនៅលើកោះនេះ។ ក៏ប៉ុន្តែជីវិតរស់នៅលើកោះនេះ ឆាប់មានទទួលរងការប៉ះពាល់ពីសម្ពាធខាងក្រៅខ្លាំង ដែលក្នុងនោះអ្នកទេសចរ និងការអភិវឌ្ឍន៍ជាដើម។

៥. ភ្នំអេវ៉ឺរេស

បន្ទាប់ពី Edmund Hillary និងTenzing Norgay បានឡើងដល់កំពូលភ្នំអេវ៉ឺរេសដែលជាភ្នំខ្ពស់ជាងគេក្នុងពិភពលោកមក មានអ្នកឡើងភ្នំជាច្រើនបានឡើងទៅលើភ្នំនេះ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននៅទីនោះដែលកំពុងមានភាពទន់ខ្សោយស្រាប់។ អ្វីដែលសំខាន់គឺ អ្នកឡើងភ្នំមួយចំនួនបានបន្សល់ទុកនូវឧបករណ៍ និងរបស់របរផ្សេងៗដែលគេយកទៅជាមួយពេលឡើងភ្នំនៅលើភ្នំនេះ បង្កជាសំរាមនៅទីនោះ ហើយបញ្ហាអនាម័យគឺជាបញ្ហាដ៏សំខាន់ដោយហេតុថា ជារៀងរាល់ឆ្នាំមានកាកសំណល់របស់មនុស្សចំនួន១១,០០០ គីឡូ ដែលត្រូវយកចេញពីភ្នំនេះ។
ប្រែសម្រួល៖ Sophany
ប្រភព៖


  • កន្លែង​​ស្រស់​ស្អាត​បំផុត​ក្នុង​​ពិភពលោក​ដែល​​កំពុង​ប្រឈម​នឹង​ការ​បំផ្លាញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/24  Category:ចំនេះដឹង
Tags: