ជំងឺ​ភ័យខ្លាច​ខុស​ធម្មតា ព្យាបាល​ជា​ដែរ​ទេ​?

ជំងឺ​ភ័យខ្លាច​ខុស​ធម្មតា ព្យាបាល​ជា​ដែរ​ទេ​?

​ជំងឺ​ភ័យខ្លាច​ខុស​ធម្មតា ឬ​ហៅ​ថា Panic Disorder គឺជា​អារម្មណ៍​នៃ​ការភ័យខ្លាច ខ្លាំង​បំផុត​ភ្លាមៗ ដែល​ធ្វើឲ្យ​មាន​ប្រតិកម្ម រាងកាយ​ធ្ងន់ធ្ងរ​ជាច្រើន ទោះបីជា​មូលហេតុ​របស់​វា មិនមាន​អ្វី​គ្រោះថ្នាក់​ពិត​ប្រាក ឬ​ខ្លាំងក្លា​ដូច​អារម្មណ៍​នោះ​ក៏​ដោយ​។ ការភ័យខ្លាច​ខុសធម្មតា​បែបនេះ​អាច​ជា​រឿង​មួយ គួរឲ្យខ្លាច​បំផុត ចំពោះ​អ្នកជំងឺ​ផ្ទាល់ ព្រោះ​នៅពេល​មាន​បញ្ហា​នេះ កើតឡើង​ហើយ អ្នក​ប្រហែលជា​គិតថា អ្នក​មិន​អាច​គ្រប់គ្រង អ្វី​បាន​ទាល់តែសោះ មាន​ជំងឺ​បេះដូង ឬ​ស្លាប់​ផង​ក៏​មាន​ដែរ​។

​មនុស្ស​ភាគច្រើន មាន​អាការៈ​ជំងឺ​បែប​នេះ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត តែ​វា​នឹង​បាត់​ទៅ​វិញ នៅពេល​ស្ថានភាព​បង្ក​វា​បាត់​ដែរ​។ ប៉ុន្តែ បើសិន​ជា​អ្នក​កើត​មាន ជំងឺ​នេះ​ម្តងទៀត អាកា​រៈអា​ចនឹង​កើត​មាន​យូរ ជាមួយនឹង​ការភ័យខ្លាច​ជាប់​រហូត​ដែរ​។

ថ្វី​បើ​ជំងឺ​ភ័យខ្លាច​ខុសធម្មតា​នេះ មិន​មាន​ការ​គម្រាម​គំហែង ដល់​អាយុជីវិត​ក៏ដោយ ក៏​វា​អាចជា​រឿង​មួយ​គួរឲ្យខ្លាច និង​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ខ្លាំង​ដែរ ប៉ុន្តែ ការព្យាបាល​ជំងឺ​នេះ មាន​ប្រសិទ្ធភាព​បំផុត​។

ការព្យាបាល អាច​ជួយ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​ភាពភ័យខ្លាច​ញឹកញាប់ ព្រមទាំង​ពង្រឹង​ដល់​មុខងារ​ជីវិត​រស់នៅ​រាល់ថ្ងៃ​ទៀត​។ ជម្រើស​ព្យាបាល​ដ៏​សំខាន់​នោះ​គឺ ការព្យាបាល​ចិត្តសាស្ត្រ និង​ការប្រើ​ថ្នាំ​។ ការព្យាបាល​មួយ ឬ​ពីរ​ប្រភេទ​នេះ ប្រហែលជា​ត្រូវ​ធ្វើឡើង ទៅតាម​ការចង់បានរ​បស់​អ្នក ប្រវត្តិ​ជំងឺ ភាព​ធ្ងន់ធ្ងរ និង​ត្រូវ​ការជួប​ជាមួយ អ្នកជំនាញ​ខាង​ជំងឺ​នេះ ឬ​អត់​ដែរ​។

ការព្យាបាល​បែប​ចិត្តសាស្ត្រ​
វា​គឺជា​ជម្រើស​ព្យាបាល​ដំបូង​គេ​មួយ សម្រាប់​ជំងឺ​ភ័យខ្លាច​ខុសធម្មតា ហើយក៏​អាច​ជួយ​អ្នក​យល់​ដឹង​ថា អ្វី​ទៅ​ជា​ការភ័យខ្លាច​ខុស​ធម្មតា និង​អាច​សិក្សា​ពី​របៀប ចៀសវាង​ជំងឺ​នេះ​កុំ​ឲ្យ​កើតឡើង​ទៀត​។​

ការប្រើប្រាស់​ថ្នាំ​
ថ្នាំ​អាច​នឹង​ជួយ​កាត់បន្ថយ​រោគសញ្ញា ដែល​ទាក់ទង​នឹង​ជំងឺ​ភ័យខ្លាច​ខុសធម្មតា ព្រមទាំង​ការបាក់​ទឹកចិត្ត​ដែរ បើសិនជា​មាន​។ ថ្នាំ​ជាច្រើន​ប្រភេទ ត្រូវបាន​គេ​បង្ហាញថា មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ជំងឺ​នេះ មានដូចជា ៖

  • ​Selective Serotonin Reuptake Inhibitors (SSRIs)
  • ​Serotonin and Norepinephrine Reuptake Inhibitors (SNRIs)
  • ​Benzodiazepines ។​

​ក្នុងករណី​ដែល​ថ្នាំ​មួយ​មុខ ប្រើ​ទៅ​មិន​មាន​ប្រសិទ្ធភាព គ្រូពេទ្យ​អាច​នឹង​ណែនាំ ឲ្យប្រើ​មួយ​ប្រភេ​ទទៀត ឬ​ប្រើ​ពីរ​មុខ​ចូលគ្នា ដើម្បី​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​។ ចូរ​ចាំ​ថា ការប្រើ​ថ្នាំ​នេះ​អាច​នឹង​ត្រូវ​ស៊ី​ពេល ច្រើន​សប្តាហ៍​ដែរ ដើម្បី​ឲ្យ​រោគ​សញ្ញាបាត់​ទៅ​វិញ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ទាំងអស់នេះ សុទ្ធតែ​មាន​ផល​រំខាន​របស់​វា ហើយ​ថ្នាំខ្លាំង​មិន​ត្រូវ​បាន​ណែនាំ​ឲ្យប្រើ ទៅតាម​ស្ថានភាព​ជា​ច្រើន​ដែរ ដូចជា ក្នុងពេល​មាន​ផ្ទៃពោះ​ជាដើម​។ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​សិន មុន​នឹង​ជ្រើសរើស​ប្រើប្រាស់​ថ្នាំ​គ្រប់​ប្រភេទ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។