អតីត​តារាភាពយន្ត​ដួង តារា​រាសី ចង់​ត្រឡប់​ពី​បារាំង​មក​ធ្វើជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​

អតីត​តារាភាពយន្ត​ដួង តារា​រាសី ចង់​ត្រឡប់​ពី​បារាំង​មក​ធ្វើជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​

​រាជធានី​ភ្នំពេញ : មើលឃើញ​ពី​ភាព​រីកចម្រើន​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ប៉ុន្តែ​អតីត​តារា​សម្តែង​អ្នកនាង​ដួង តារា​រាសី យល់ថា ហាក់​«​ខ្សត់​អ្នកចេះ​សម្តែង » នៅឡើយ​។ អ្នកនាង ដួង តារា​រាសី បាន​មកលេង​មាតុភូមិ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ដោយ​នាង​បាន​ទៅ​រស់នៅ​ប្រទេស​បារាំង​អស់​ពេល​ជាង​២០​ឆ្នាំ​មកហើយ​។​

 

​អ្នកនាង ដួង តារា​រាសី បានបង្ហាញ​ស្នាដៃ​ភាពយន្ត​ឱ្យ​មហាជន​ស្គាល់​ក្នុងអំឡុង​ទសវត្ស​ទី​៩០ ជំនាន់​តារា​ជើងចាស់​ប្រុស​ស្រី​មួយចំនួនទៀត​ដូចជា លោក​សម តារា អ្នកនាង អម្ពរ ទេវី អ្នកនាង សុខ ស្រីមុំ និង​លោក ខៃ ប្រសិទ្ធ ជាដើម​។  អ្នកនាង ដួង តារា​រាសី សម្តែង​ជា​តួរង​ជាច្រើន​រឿង​នា​អំឡុង​ពេលនោះ​។​

 

​អ្នកនាង ដួង តារា​រាសី ឱ្យដឹងថា នាង​ធ្លាប់​មកលេង​ស្រុកកំណើត​បី​បួន​ដង​ហើយ ឱ្យតែ​ទំនេរ​នាង​មក​សួរសុខទុក្ខ​បងប្អូន​នៅ​ស្រុក​ខ្មែរ​ដែលជា​ទឹកដី​ក​កំណើត​មិនអាច​ចោល​បានឡើយ​។ ទោះជា​រស់នៅ​ស្រុក​គេ​ក៏​អារម្មណ៍​នៅតែ​ស្រឡាញ់​ទឹកដី​អង្គរ​។ អ្នកនាង ដួង តារា​រាសី មកលេង​ស្រុក​លើក​នេះ​រយៈពេល​១​ខែ អំឡុង​បុណ្យចូលឆ្នាំថ្មី ហើយ​បាន​ដើរ​កម្សាន្ត​ជាមួយ​បងប្អូន និង​មិត្តភក្តិ​។ រស់នៅ​ប្រទេស​បារាំង​អ្នកនាង ដួង តារា​រាសី​មានកូន​ស្រី​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ និង​បែកបាក់​ស្វាមី​១០​ឆ្នាំ​ហើយ​។​

 

​បច្ចុប្បន្ន​នាង​នៅតែ​ម្នាក់ឯង​ដោយ​មិនទាន់​មើលឃើញ​បុរស​ណា​ទេ ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់ ។ នៅ​ស្រុក​បារាំង​អ្នកនាង​ដួង តារា​រាសី ឆ្លៀតពេល​ធ្វើការ​ផង និង​ពេលទំនេរ​ឆ្លៀតពេល​ទៅ​សម្តែង​ក្នុង​ពិធី​បុណ្យទាន ម្តងៗ​។ អ្នកនាង​ដួង តារា​រាសី កោតសរសើរ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​រីកចម្រើន​នាពេល​បច្ចុប្បន្ន​ហើយ មាន​តារា​ច្រើន​ស្អាត និង​ទាន់សម័យ​។ ទាំង​សម្រស់ ទាំង​កម្ពស់ តារា​ខ្មែរ​ទាំងនោះ​មិន​ចាញ់​តារា​ស្រុក​គេ​ទេ ។ ទោះជា​យ៉ាងណាក្តី អ្នកនាង​តារា​រាសី​និយាយថា «​ខ្ញុំ​សំណូមពរ​តារា​ជំនាន់​ថ្មី​នេះ​ចេះ​សម្តែង​ឱ្យបាន​ច្រើន​ទម្រង់ ដើម្បីឱ្យ​អ្នកមើល​សរសើរ​ពី​ស្នាដៃ​របស់​យើង  ព្រោះថា​នៅមាន​ចន្លោះ​ខ្សត់​អ្នក​ពូកែ​លេង​ស្ទីល​សម្តែង​ច្រើន​។ ពោល​ខ្ញុំ​ចង់​ឲ្យ​តារា ថ្មីៗ​ជាច្រើន​ដួង​មានឈ្មោះ​ល្បី ហើយ​មហាជន​នៅ​ស្គាល់​យូរអង្វែង ។ ដូច​ជំនាន់​ខ្ញុំ​មាន​តារា​ច្រើនណាស់​មហាជន​ស្គាល់ ទោះ​មកដល់ពេលនេះ​នៅតែ​ចាំ​ឈ្មោះ នេះ​អារម្មណ៍​នាង​ខ្ញុំ​យល់ថា​ជា​រឿង​ល្អ។​

 

​បើ​និយាយ​ពី​តម្លៃ​ទីផ្សារ​សម្តែង​វិញ​គឺ​បាន​ប្រាក់​ច្រើន ហើយ​ឧបករណ៍​ថត​គឺ​ទំនើប នេះ​ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ភាពជឿនលឿន​របស់​ខ្មែរ ហើយ​មានតែ​ការ​ខំ​តទៅទៀត​គឺ​ល្អ​»​។ តារាភាពយន្ត​ដួង តារា​រាសី ចង់​ធ្វើជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ ភាពយន្ត​ខ្មែរ  ។ មិនតែប៉ុណ្ណោះ​អ្នកនាង​រាសី​ចង់​រួម​សម្តែង ប្រសិនបើ​មាន​ផលិតកម្ម​ណា​ត្រូវការ​៕

អតីត​តារាភាពយន្ត​ដួង តារា​រាសី ចង់​ត្រឡប់​ពី​បារាំង​មក​ធ្វើជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​

អតីត​តារាភាពយន្ត​ដួង តារា​រាសី ចង់​ត្រឡប់​ពី​បារាំង​មក​ធ្វើជា​គ្រូបង្ហាត់​សម្តែង​ភាពយន្ត​