ម៉េង កែវពេជ្ជតា អន់​ចិត្តនឹង​ក្រសួង​វប្បធម៌​

ម៉េង កែវពេជ្ជតា អន់​ចិត្តនឹង​ក្រសួង​វប្បធម៌​

​រាជធានី​ភ្នំពេញ : នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង​បានបង្ហាញ​អារម្មណ៍​អន់ចិត្ត ដោយ​បើកចំហរ​តែម្ដង​ចំពោះ ចំណាត់ការ​របស់​ក្រសួង​វប្បធម៌ និង​ករណី​ដែល ដេ​នី ក្វាន់ ស្លៀកពាក់​ស៊ិ​ច​ស៊ី​កាលពី​ថ្ងៃទី​១៧ ឧសភា ក្នុងពេល​ក្រសួង​តម្រូវអោយ ដេ​នី ក្វាន់​ទៅ​ទទួល​ការអប់រំ​។​

 

​ក្នុងនោះ​អ្នកនាង​ក៏បាន​រិះគន់​ដល់​ជំហរ​របស់ ដេ​នី ក្វាន់ ផងដែរ ដែល​មុន​ការ​បង្ហោះ​សុំទោស គឺ​បញ្ជាក់ថា​ខ្លួន​មិន​យល់ព្រម​ទទួលខុស ចំពោះ​ការប្រមាថ​មកលើ​អ្នកនាង ប៉ុន្តែ​ចុងក្រោយ​បែរជា​បាន​កែប្រែ​ជំហរ​។ អ្នកនាង​បញ្ចេញ​អារម្មណ៍​ឆ្លើយតប​ទៅកាន់​អ្នកផ្ដល់យោបល់​ថា ៖ «​មុន​ហ្នឹង​ប្រកាស​ដាច់ខាត មិន​សូមទោស​ខ្ញុំ​ទេ​។ នេះ​ប្រហែលជា​ខ្លាច​អ្វីមួយ ទើប​ប្រឹង​ប្រញាប់​ចេញមក​សូមទោស​ទាំង​មិន​ចង់​។ ហ៊ឺ​ខ្ញុំ​ហាក់​អន់ចិត្ត និង​ក្រសួង​យើង​ណាស់ ស្លៀកពាក់​បែប​ហ្នឹង​ក៍​អាច​ទទួល​ជួប​បានដែរ វា​ខុសពី​ពួក​ខ្ញុំ បើ​ហ៊ាន​តែ​ខុស​បន្តិច ម៉ែ​អឺយ​អត់​មើលមុខ​អា​ឡូ​វ​ហេ​ហេ​!»​។​

 

​ការលើកឡើង​របស់​អ្នកនាង ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​យល់ស្រប និង​អះអាងថា ឈុត​ដែល ដេ​នី ក្វាន់ បាន​ស្លៀក​ក្នុងពេល​ឡើងទៅ​ជួប​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ កាលពី​ថ្ងៃទី​១៧ ឧសភា ដែលមាន​អ្នកកាសែត​នៅចាំ​ធ្វើ​កិច្ចសម្ភាសន៍​ជាច្រើន តែ​ជា​រឿង​មិនគួរ​នឹង​ក្រសួង​ផ្ដល់​កិត្តិយស​ឲ្យ​។​

 

​នៅក្នុង​ចម្លើយ​តប​ទៅកាន់​ប្រិយមិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក នៅពេល​មាន​ព័ត៌មាន​សុំទោស​របស់​កញ្ញា ដេ​នី ក្វាន់ ត្រូវបាន​បង្ហោះ​ឲ្យ​អ្នកនាង​បានឃើញ នៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់​អ្នកនាង តារាចម្រៀង ម៉េង កែវពេជ្ជតា បាន​សរសេរ​រិះគន់ ទៅកាន់​ក្រសួង​វប្បធម៌ ដោយ​មានន័យ​សំដៅថា អ្នកនាង​មិនអាច​ទទួលយក​នោះទេ ដែល​ក្រសួង​វប្បធម៌​មិនមាន​ចំណាត់ការ​ណាមួយ ទៅលើ ដេ​នី ក្វាន់ បន្ទាប់ពី​នាង​ធ្វើខ្លួន​ស៊ិ​ច​ស៊ី បណ្ដាលអោយមាន​ការរិះគន់​ពេញ​ស្រទាប់​មហាជន និង​បាន​ទាំង​ស្លៀកពាក់​លិច​លើ​ខើច​ក្រោម ក្នុង​ថ្ងៃ​ទៅ​ជួប​ក្រសួង​នោះ​ទៅទៀត ប៉ុន្តែ​ក្រសួង​នៅតែ​ទទួល​ជួប ហើយ​មិនមាន​ការស្ដីបន្ទោស​។ ក្នុងនោះ​អ្នកនាង ក៏​នៅតែ​អន់ចិត្ត​មិនទាន់​ចប់​ផងដែរ ចំពោះ​ការប្រមាថ​របស់ ដេ​នី ក្វាន់ ក្នុងពេល​ផ្ទុះឡើង​នូវ​ជម្លោះ ពាក្យសម្ដី​ជាមួយគ្នា​បើទោះជា ដេ​នី ក្វាន់ បាន​បង្ហោះ​ការសុំ​ទោស​ជា​សាធារណៈ​រួចទៅហើយ​។​

ម៉េង កែវពេជ្ជតា អន់​ចិត្តនឹង​ក្រសួង​វប្បធម៌​

​យ៉ាងណាមិញ​លោក គឹម សាន ប្អូនប្រុស​របស់ ដេ​នី ក្វាន់ ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ឈុត​ដែល​នាង​ស្លៀកពាក់​នោះ​មិន​ហួសហេតុ​ទេ គឺ​គ្រាន់តែ​មើលទៅ​មាន​លក្ខណៈ​បែប​ស៊ី​វិ​ល័យ​បន្តិច​ប៉ុណ្ណោះ​។ លោ​កថា​ឈុត​នោះ ជា​ឈុត​របស់​តារា​ល្បី នៅក្នុង​ប្រទេស​ថៃ ហើយ​មិន​ត្រូវបាន​ទុក​ថា សំលៀកបំពាក់​មិន​សម​ភ្នែក​នោះទេ និង​រឹតតែ​មិនមាន​ន័យ មើលស្រាល​ចំពោះ​ក្រសួង​ទៅទៀត​។ លោក​ទទូច​អោយ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន របស់​បងស្រី​ខ្លួន និង​បញ្ចប់​ការកត់សម្គាល់​លើ​ចំណុច​មិនល្អ ដោយសារតែ​នាង​បានទទួល​ខុស​ចំពោះ ភាព​ស៊ិ​ច​ស៊ី​ទៅហើយ​។​
​អ្នកនាង ម៉េង កែវពេជ្ជតា នៅតែ​បង្ហាញ​ពី​ការ​អន់ចិត្ត​ទាំង​លើ​ករណី​ក្រសួង និង ដេ​នី ក្វាន់ ដែល​បាន​បង្ហោះ​សារ​តិះដៀល​អ្នកនាង ឡើង​ផ្អើល​មហាជន ប៉ុន្តែ​ចុងក្រោយ គឺ​គ្រាន់តែ​ការសុំ​ទោស ក៏ត្រូវ​សមាគម​សិល្បករ​ខ្មែរ និង​ក្រសួង​វប្បធម៌ កោតសរសើរ និង​លើកទឹកចិត្ត​។ អ្នកនាង​សរសេរថា «​ញុំ​ស​សៃ​ប្រសាទ តែ​ញុំ​ស្លៀកពាក់​ជិត​ត្រឹមត្រូវ តែ​គាត់​វិញ​កើត​អី​ដែរ បាន​ស្រាត​ខោអាវ​បោះចោល​អស់​ចឹ​ង​!»​។​

 

​ពាក់ព័ន្ធ​និង​ការមិន​អស់ចិត្ត​របស់​អ្នកនាង ម៉េង កែវពេជ្ជតា នេះ គេ​មិនឃើញ​មានការ​តតាំង​ពី​កញ្ញា ដេ​នី ក្វាន់ និង​អ្នកគាំទ្រ​ដូច​មុន​ទៀត​ទេ បើទោះជា​ការ​បង្ហោះ​របស់​អ្នកនាង​បាន​រិះគន់​ចំៗ ទៅលើ​នាង និង​ចំណាត់ការ​មិនមាន​ប្រសិទ្ធភាព​របស់​ក្រសួង​វប្បធម៌​។​

 

​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈក​រ​ខ្មែរ​ធ្លាប់​អះអាងថា ករណី​ដៀល​គ្នា​ទៅវិញទៅមក​រវាង​អ្នកនាង ម៉េង កែវពេជ្ជតា និង​ដេ​នី​ក្វាន់ គឺជា​រឿង​ឯកជន ទើប​ខាង​សមាគម និង​ក្រសួង​វប្បធម៌ គឺ​លោក​ថៃ នរៈ​សត្យា សម្រេច​មិន​ធ្វើការ​លូកដៃ បើទោះជា​សភាព​នៃ​ជម្លោះ​ពាក្យសម្ដី​នោះ ត្រូវគេ​មើលឃើញថា​តារា​ស្រករ​ក្រោយ​គឺ ដេ​នី ក្វាន់ បាន​ប្រើពាក្យ​មិន​សមរម្យ ទៅលើ​រៀមច្បង ដែល​ធ្វើ​ឲ្យ​តម្លៃ​អ្នកសិល្បៈ​រង​ការរិះគន់​។ លោក​និយាយថា «​ក្រសួង ឬ​សមាគម មិនអាច​ទៅ​ដាក់បន្ទុក​លើ​តារា​ណា​ម្នាក់​ដោយសារតែ​បញ្ហា​ឈ្លោះ​គ្នា​ហ្នឹង​កើត​ទេ ព្រោះ​នោះ​ជា​រឿង​បុគ្គល​!»​។ យ៉ាងណាមិញ លោក​ក៏​ហាក់​អន់ចិត្ត​បន្តិច​ដែរ ដែល​ដេ​នី ក្វាន់ ទៅ​ជួប​ក្រសួង​កាលពី​ថ្ងៃទី​១៧ ឧសភា ហើយ​នៅតែ​ប្រើ​សំលៀក​ពាក់​ចេញ​ក្បាលពោះ​នា​ថ្ងៃនោះ​៕

 

ម៉េង កែវពេជ្ជតា អន់​ចិត្តនឹង​ក្រសួង​វប្បធម៌​

ម៉េង កែវពេជ្ជតា អន់​ចិត្តនឹង​ក្រសួង​វប្បធម៌​