ខ្មែរ​​​អិុស្លាម​​​នាំគ្នា​​​តវ៉ា​​​ប្រឆាំង​គម្រោង​​​ធ្វើ​​​​ផ្លូវ​​​កាត់​​​ព្រះវិហារ​​​

បងប្អូនខ្មែរអិុស្លាមប្រហែល២០០នាក់នាំគ្នាចេញមកប្រមូលផ្តុំនៅព្រះវិហារ អាល់ សាកាល់ ក្បែរតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងផ្លូវដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលមានគម្រោងធ្វើកាត់ដីរបស់ព្រះវិហារនេះ។ គម្រោងធ្វើផ្លូវនេះបាននាំឲ្យឈានដល់ការដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ដោយលោក អូស្មាន់ ហាសាន់ រដ្ឋលេខាក្រសួងការងារប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ជាសមភាគីរបស់លោកនៅក្នុងក្រសួងសង្គមកិច្ច រួចមកហើយ បន្ទាប់ពីលោក អះម៉ាត់ យ៉ះយ៉ា លើកឡើងថា លោក អូស្មាន់ ហាសាន់ ទទួលបានផលប្រយោជន៍ពីការដោះដូរដីសម្រាប់ការធ្វើផ្លូវនេះ។ មន្ត្រីទាំងពីររូបនេះសុទ្ធតែជាសមាជិកដ៏លេចធ្លោនៃសហគមន៍ខ្មែរអិុស្លាម។កាលពីថ្ងៃសុក្រ លោក អះម៉ាត់ យ៉ះយ៉ា បានដឹកនាំអ្នកតវ៉ាប្រឆាំងនូវអ្វីដែលលោកលើកឡើងថា មានតែបងប្អូនសហគមន៍ខ្មែរអិុស្លាមក្នុងរាជធានីភ្នំពេញមួយភាគតូចប៉ុណ្ណោះដែលគាំទ្រផ្លូវនាំឲ្យមានការទាស់ទែងគ្នានេះ។ លោក អះម៉ាត់ យ៉ះយ៉ា បានមានប្រសាសន៍ថា “លោក អូស្មាន់ ហាសាន់ និងក្រុមរបស់គាត់ចង់ធ្វើផ្លូវកាត់ព្រះវិហារ ហើយបងប្អូនរបស់យើងប្រឆាំងគម្រោងនោះ។ បងប្អូនរបស់យើងនិយាយថា បើពួកគេចង់ធ្វើផ្លូវ ក៏ធ្វើចុះ ប៉ុន្តែធ្វើតាមបណ្តោយរបង ហើយកុំពុះដីរបស់ព្រះវិហារយើងជាពីរផ្នែក”។ លោកបានបន្ថែមថា “វានឹងប៉ះពាល់ដល់បងប្អូនយើងដោយសារសំឡេងរំខាន ព្រោះ តែយានយន្តបើកកាត់។ នៅក្នុងកន្លែងសក្ការបូជា យើងត្រូវការភាពស្ងប់ស្ងាត់”។ គណបក្សសង្គ្រោះជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗទាក់ទាញសន្លឹកឆ្នោតរបស់បងប្អូនខ្មែរអិុស្លាមដែលធ្លាប់តែស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាបានមួយចំនួន ហើយលោក អះម៉ាត់ យ៉ះយ៉ា បានចោទលោក អូស្មាន់ ហាសាន់ ថា ជាអ្នកធ្វើឲ្យបងប្អូនខ្មែរអិុស្លាមកាន់តែច្រើនងាកចេញពីគណបក្សប្រជាជនកម្ពុជា។ លោកបានមានប្រសាសន៍ថា “អ្នកដែលបានបំផ្លាញសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺ អូស្មាន់ ហាសាន់ និងក្រុមរបស់គាត់។ ខ្ញុំនិយាយអ៊ីឹចឹង ហើយចាំមើលទៅ។ ប្អូនឯងដាក់សំដីខ្ញុំអាហ្នឹងទៅ”។ លោក អូស្មាន់ ហាសាន់ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។ ប៉ុន្តែ លោកត្រូវបានដកស្រង់សម្តីចេញពីក្នុងគេហទំព័ររបស់កាសែតរស្មីកម្ពុជាកាលពីថ្ងៃអាទិត្យមកថា ការប្រឆាំងចំពោះគម្រោងធ្វើផ្លូវនេះគឺជាការប្រឌិត។ ដោយបានអះអាងថា ៩០ភាគរយនៃសហគមន៍ខ្មែរអិុស្លាមគាំទ្រផ្លូវនេះនោះលោកបានមានប្រសាសន៍ថា “បងប្អូនយើងឃើញពីចំណុចអវិជ្ជមានចេញពីការការញុះញង់ ដែលជនមួយចំនួនតូចបង្កឲ្យមានបញ្ហានេះ”។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ផ្លូវនេះនឹងត្រូវធ្វើកាត់ដីព្រះវិហារតាមគម្រោង។ លោកបានមានប្រសាសន៍ថា បញ្ហានេះគឺជាជម្លោះផ្ទៃក្នុងរវាងមេដឹកនាំខ្មែរអិុស្លាម។ ប្រសិនបើយើងគិតពីប្រយោជន៍រួម នេះមិនមែនជាបញ្ហានោះទេ៕ ស៊ុយឈាង   © 2016, ខេមបូឌា ដេលី. […]

The post ខ្មែរ​​​អិុស្លាម​​​នាំគ្នា​​​តវ៉ា​​​ប្រឆាំង​គម្រោង​​​ធ្វើ​​​​ផ្លូវ​​​កាត់​​​ព្រះវិហារ​​​ appeared first on The Cambodia Daily.