រថយន្ត​ពន្លត់​អគ្គិភ័យ​113​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ

រថយន្ត​ពន្លត់​អគ្គិភ័យ​113​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ



រាជធានី​ភ្នំពេញ ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១៣​គ្រឿង​ប្រភេទ ISUZU ម៉ាក FTR គុណភាព​១០០% ផលិត​នៅ​ឆ្នាំ​២០១៥ ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​វត្តមាន​លោកនាយ​ឧត្តមសេនីយ៍​ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​១១៣​គ្រឿង​ផលិត​នៅ​ប្រទេស​ចិន​ស៊េរី​ឆ្នាំ​២០១៥​នេះ មាន​តម្លៃ​សរុប​ចំនួន​៣៩.៧២៥.៣៧៦.០០០​រៀល ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​១១៣​គ្រឿង​ខាងលើ​នេះ​ថា ការ​បញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ថែម​នេះ គឺ​ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ទាន់​ពេលវេលា និង​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​ដែល​ជា​មហន្តរាយ​ទាំង​តូច​ទាំង​ធំ​តែង​កើតឡើង​ជាយថាហេតុ នៅ​តាម​តំបន់​នានា មិន​ថា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​នោះ​ទេ ពិសេស​តំបន់​ដាច់​ស្រយាល​ដូច​ជា​តំបន់​ព្រៃ​ភ្នំ​ជាដើម ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ត​ថា នៅ​ថ្ងៃ​ខាង​មុខ រាជរដ្ឋាភិបាល​គ្រោង​បញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​មាន​សមត្ថភាព​ពន្លត់​អគ្គិភ័យ​លើ​សំណង់​អគារ​ខ្ពស់​បន្ថែម ខណៈ​សំណង់​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​បន្ត​រីក​ដុះដាល​ជា​ច្រើន​កន្លែង ។

តាម​ការ​គ្រោងទុក រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ​៤.០០០​លាន​រៀល ដើម្បី​បញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះ ប៉ុន្តែ​ក្រោយ​ពី​ការ​ដាក់​ដេញថ្លៃ​ក្នុង​ចំណោម​ក្រុមហ៊ុន​៦ គឺ​មាន​តែ​ក្រុមហ៊ុន​ខេ​អិន​អិន​តែ​មួយ​គត់​ដែល​ហ៊ាន​ដេញ​ទម្លាក់​ថ្លៃ​មក​នៅ​ត្រឹម​ប្រមាណ​៨៦.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គ្រឿង ពោល​គឺ​ក្នុង​ចំណោម​រថយន្ត​១១៣​គ្រឿង គឺ​បាន​ចំណាយថវិកា​សរុប​ប្រមាណ​៣៩​ពាន់​លាន​រៀល ។ បច្ចុប្បន្ន នៅ​ទូ​ទាំង​ប្រទេស​មាន​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​សរុប​ប្រមាណ​៥០០​នាក់ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១២៨​គ្រឿង និង​ទើប​ទិញ​ថ្មី​១១៣​គ្រឿង សរុប​២៤១​គ្រឿង ។

តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា ក្នុង​រយៈពេល​បី​ខែ ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ​២០១៦​នេះ មាន​អគ្គិភ័យ​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​២០៨​លើក កើនឡើង​ជិត​៣០​លើក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ។ នៅ​មិន​ទាន់​ដឹង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​នេះ នឹង​ត្រូវ​បែងចែក​បែប​ណា​នៅឡើយ​ទេ ។ ទោះបី​បែប​ណា​សង្ឃឹមថា នៅ​តាម​ទីប្រជុំជន គប្បី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​១​គ្រឿង​ទៅ​២​គ្រឿង ។ បច្ចុប្បន្ន​នេះ គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​នៅ​តាម​ទី​ជនបទ តែង​គ្មាន​សង្ឃឹមថា​អាច​ស្រោចស្រង់​បាន​នោះ​ទេ ដោយសារ​តែ​ផ្លូវ​ឆ្ងាយ​ទម្រាំ​រថយន្ត​ទៅ​ដល់ ភ្លើង​បាន​លេប​ត្របាក់​អស់​គ្មានសល់ ៕