មិនដឹង​រឿង​អី​ដេញ​វ៉ៃ​ប៉ូលិស​រង​របួស​2​នាក់

មិនដឹង​រឿង​អី​ដេញ​វ៉ៃ​ប៉ូលិស​រង​របួស​2​នាក់



ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​កម្លាំង​បង្ការ​-​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត ឃាត់ខ្លួន កាលពីវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​១៩ ឧសភា ដោយសារ​តែ​បុរស​នេះ​ប្រើ​ដំបង​ដេញ​វាយ​សមត្ថកិច្ច បណ្ដាល​ឲ្យ​របួស​២​នាក់ ពេល​កម្លាំង​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ខាង​មុខ​វាល​បែក​ចាន ស្ថិត​ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កម្លាំង​របស់​ខ្លួន សហការ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​ពេល​យប់ បាន​និយាយ​ថា យើង​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​បង្ក​ហិង្សា​នោះ​ទេ តែ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ភ្លាម​ៗ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ក្រោយ​ពី​បុរស​នោះ​ប្រើ​ហិង្សា​ដ៏​ឃោ​ឃៅ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​ដោយ​គ្មាន​មូលហេតុ ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​បង្ក​ហិង្សា​នោះ​ទំនងជា​ស្រវឹង បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ដែល​មាន​កាន់ដំបង​មួយ​កំណាត់​ផង សំដៅ​មក​រក​សមត្ថកិច្ច​ដែល​កំពុង​ត្រួតពិនិត្យ​ចរាចរណ៍ ស្រាប់តែ​ឈប់​ម៉ូតូ រួច​ទាញ​ដំបង​ដេញ​វាយ​សមត្ថកិច្ច​ទាំង​កំរោល​តែ​ម្ដង​។ លោក​ថា គ្រានោះ​សមត្ថកិច្ច​បាន​ព្យាយាម​ទប់ទល់ តែ​ត្រូវ​ជន​នេះ​វាយ​ទៅ​លើ​កម្លាំង​របស់​លោក បណ្ដាល​ឲ្យ​រង​របួស​២​នាក់ ទម្រាំ​ឃាត់ខ្លួន​ជន​នេះ​បាន រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​តែ​ម្ដង ដើម្បី​សួរនាំ ។

បើ​តាម​សាក្សី​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពាក់​វែ​នតា​.​ស​នោះ ជិះ​ម៉ូតូ​ចុះឡើង​ៗ មើល​សមត្ថកិច្ច​ដែល​កំពុង​ត្រួតពិនិត្យ​ចរាចរណ៍ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឃើញ​បុរស​នេះ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​សំដៅ​ទៅ​រក​គោលដៅ​សមត្ថកិច្ច ។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​ជិះ​ជិត​ដល់​គោលដៅ​សមត្ថកិច្ច គេ​ឃើញ​បុរស​នោះ​ឈប់​ម៉ូតូ រួច​ទាញ​ដំបង​ដើរ​សំដៅ​ទៅ​រក​សមត្ថកិច្ច បង្ហាញ​ពី​កាយវិការ​កាច​សាហាវ មើលទៅ​ហាក់ដូចជា​មាន​គំនុំ​ជាមួយ​សមត្ថកិច្ច​យូរហើយ ។ ពេល​នោះ​សមត្ថកិច្ច​បាន​ព្យាយាម​សួរនាំ តែ​បុរស​នោះ​បែរជា​ចាប់ផ្ដើម​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច​គ្មាន​សំចៃមាត់ ធ្វើ​ឲ្យ​សមត្ថកិច្ច​ក្ដៅ​មុខ ក៏​ចាប់ផ្ដើម​ឡោម​ព័ទ្ធ​ចាប់​បុរស​នោះ ។ ប៉ុន្តែ​មិន​ងាយស្រួល​ទេ ត្រូវ​បុរស​នោះ​ប្រើ​ដំបង​វាយតប​វិញ បណ្ដាល​ឲ្យ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស ។ សមត្ថកិច្ច​បាន​ដេញចាប់​ផ្អើល​អ្នកដំណើរ​ពេញ​ផ្លូវ ទម្រាំ​ចាប់ខ្លួន​បុរស​នោះ​បាន ។

ទោះជា​បែប​ណា​គេ​មិន​ទាន់​ដឹង​ថា បុរស​នេះ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់ ឬ​យ៉ាងណា​នោះ​ទេ ក្រោយ​ពី​លោកស្នងការ​បញ្ជា​ឲ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ មន្ត្រី​ជំនាញ​នឹង​ធ្វើការ​សួរនាំ​ជន​បង្ក​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​នោះ​ហើយ តែ​យើង​មិន​ទាន់​ដឹង​ថា លោកស្នងការ​ខេត្ត​នឹង​មាន​វិធានការ​បែប​ណា​ចំពោះ​ជន​អ​ន្ទ​ពាល​ខាងលើ​នេះ​ទេ ៕