មិនមែនចុះអ័ព្ទទេ សិប្បកម្ម​កិន​ថ្ម​បង្ហុយ​កម្ទេចថ្ម​ជះ​លើ​ភូមិ​អ្នកស្រុក

មិនមែនចុះអ័ព្ទទេ សិប្បកម្ម​កិន​ថ្ម​បង្ហុយ​កម្ទេចថ្ម​ជះ​លើ​ភូមិ​អ្នកស្រុក



ខេត្ដកំពត ៖ សិប្បកម្ម​កិន​ថ្ម​ខ្នាត​តូច​ចំនួន​៤​កន្លែង​ដែល​មា​នទី​តាំងនៅ​ជិត​ៗ​គ្នា អម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច ស្ថិត​នៅ​ក្នុងភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច កំពុង​រង​ការ​រិះគន់​ថា បាន​បង្ហុយ​កម្ទេច​ថ្ម​ធ្លាក់​លើ​លំនៅ​ឋាន​ពួក​គាត់​ជា​ប្រចាំ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផង​ដែរ ។

ពលរដ្ឋ​ដែល​ មានផ្ទះ​នៅ​ជិត​កន្លែង​កិន​ថ្ម​ផលិត​ម្សៅ​បៀក​និយាយ​ថា អ្នកមាន​លំនៅ​ឋាន​ជិត​រោង​សិប្បកម្ម​កិន​ថ្ម​នេះ មាន​ជាង​២០​គ្រួសារ​គ្រោង​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​ជួយ​សម្រួល​ដល់​ម្ចាស់​រោង​សិប្បកម្ម​កិន​ថ្ម​ទាំង​៤​នេះ ដោះស្រាយ​បញ្ហា​កម្ទេច​ថ្ម​ហុយ​ឥត​ឈប់​ឈរ​ពេញ​មួយ​ថ្ងៃ​ៗ​មក​លើ​ភូមិឋាន​ពួក ​គាត់​រស់នៅ ។

ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ប្ដឹង​ពី​ករណី​សិប្បកម្ម​កិន​ថ្ម​នេះ ទាល់តែ​អ្នក​រង​គ្រោះ​ទាំងអស់​ហ៊ាន​ចេញ​មុខ​ហើយ​បើ​ចេញ​មុខ​ត្រឹមតែ​១០​នាក់ ​គឺ​ធ្វើ​ឱ្យ​ម្ចាស់​សិប្បកម្ម​កិន​ថ្ម​គេ​ខឹងសម្បា​ទៅ​វិញ​ទេ ដូច្នេះ​គឺ​ទាមទារ​ឱ្យ​មានការ​ឯកភាព​គ្នា​ទាំងអស់ ដើម្បី​តវ៉ា​រក​ដំណោះស្រាយ​មិន​ត្រូវ​ទុក​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ​ទៀត​ទេ ។

កាលពីមុន ពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​នេះ ឲ្យ​តែ​ព្រលប់​ឡើង​ថ្លង់​នឹង​សំឡេង​ម៉ា​ស៊ី​ន​កិន​ថ្ម និង​កម្ទេច​ថ្ម​ហុយ​សំពោង​ប្រឡាក់​ជាប់​ដើមឈើ​និង​ដំបូលផ្ទះ លុះ​ឥឡូវ​ចាប់ផ្ដើម​ហុយ​ទាំង​ដី​នៅ​តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទៀត ។

បើ ​តាម​មន្ដ្រី​សាលាស្រុក​កំពង់ត្រាច និយាយ​ថា រោង​សិប្បកម្ម​កិន​ថ្ម​នេះ​មាន​៣​នៅ​ជាប់​ៗ​គ្នា ដែល​មាន​ម្ចាស់​ឈ្មោះ ហេង ឡុ​ក ឈ្មោះ​ហេង ផុ​ក និង​ឈ្មោះ វង្ស ចំណាន និង​មួយទៀត​គឺ​រោងចក្រ​ខ្នាត​តូច​ផលិត​ម្សៅ​បៀក​របស់​ម្ចាស់​សហគ្រាស​ ទឹកបរិសុទ្ធ​ភ្នំ​មាស និង​មាន​ឡ​ដុត​ថ្ម​ធ្វើ​កំបោរ​ស​មួយ​ផង ។

លោក ដួង ហាន ប្រធាន​ភូមិ​កំពង់ត្រាច​ទី​១ បានឱ្យ​ដឹង​ថា រោង​សិប្បកម្ម​កិន​ថ្ម​៣​កន្លែង និង​រោងចក្រ​ខ្នាត​តូច​ផលិត​ម្សៅ​បៀក​នេះ ពិតជា​បន្ដ​ការ​បង្ហុយ​កម្ទេច​ថ្ម​ធ្លាក់​លើ​ផ្ទះ​ពលរដ្ឋ​មែន​។ លោក​មេ​ភូមិ​និយាយ​ដោយ​ស្មោះត្រង់​ថា បើ​យើង​ត្រឹមតែ​ថ្នាក់​ភូមិ​ជំទាស់​ពិតជា​មិន​មាន​ប្រយោជន៍​ទេ ទាល់តែ​ថ្នាក់លើ​ជួយ​ដោះស្រាយ​ដែរ ។

លោក ហេង ឡុ​ក ម្ចាស់​សិប្បកម្ម​កិន​ថ្ម ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា លោក​យក​តង់​កៅស៊ូ​បាំង​ដែរ​គឺ​មិន​ឱ្យ​កម្ទេច​ថ្ម​ហុយ​ចេញ គឺ​ហុយ​តិចតួច​ទេ ។

លោក សុខ គឹ​ម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ និយាយ​ថា សិប្បកម្ម​កិន​ថ្ម​ទាំង​៤​កន្លែង​នៅ​ស្រុក​កំពង់ត្រាច គឺ​គេ​មានច្បាប់​ត្រឹមត្រូវ ។

បើ​ពួក​អ្នករក​ស៊ី​កិន​ថ្ម​ទាំង​ខ្នាត​ធំ ខ្នាត​តូច តែង​គិត​ថា កាលណា​ពួក​គេ​រត់​ច្បាប់​បាន​ហើយ គឺ​រួច​ជា​ស្រេច​ហើយ ដោយ​គេ​មិន​គិត​ពី​ផល​ប៉ះ​បាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ឡើយ ។ ប៉ុន្តែ​ថ្វីបើ​មានច្បាប់​ក្ដី ក៏​មិនមែន​ថា​ស្របច្បាប់​នោះ​ដែរ ប្រសិនបើ​មានការ​ប៉ះពាល់​របស់​ប្រជា​ពលរដ្ឋ ៕