ភរិយា​សព​ដែល​ស្លាប់​ដោយសារ​គ្លីនិក​«​ឃឹម រ៉ា​នី​» រៀបរាប់​ប្រវត្តិ​ស្នេហ៍

ភរិយា​សព​ដែល​ស្លាប់​ដោយសារ​គ្លីនិក​«​ឃឹម រ៉ា​នី​» រៀបរាប់​ប្រវត្តិ​ស្នេហ៍



រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​គ្លីនិក «​ឃឹម រ៉ា​នី​» ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​បាន​សម្រេច​បិទ តាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង នៅ​ថ្ងៃ​ទី​២៣ ឧសភា ២០១៦​នេះ បាន​បញ្ជាក់​ពី​មូលហេតុ​ថា ដោយសារ​គ្លីនិក​«​ឃឹម រ៉ា​នី​» ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។ បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន​ពេល​សុំ​បើក​មន្ទីរ​សម្រាក​ ព្យាបាល ឃឹម រ៉ា​នី និង​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល បន្ទាប​ពី​បុរស​ម្នាក់​បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់ ក្រោយ​ពេល ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡាំ តៅ​គង់ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៥២​សេ ផ្លូវ​២០៩ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ  ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥ​ន្ឋ​នៈ​សា​វី​ម៉ិច និង​មាន​ប្រ​ព​ន្ឋ​ឈ្មោះ សុខ រ័​ត្ន​មុនី អាយុ​២៨​ឆ្នាំ ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​ឈ្មោះ រ៉ា បាន​បបួល​គ្នា​ទៅ​ហូប​គុយ ទាវ នៅ​ម្តុំ​ទួល​គោក លុះ​ហូប​រួច ជន​រង​គ្រោះ​បាន​ត្អូញ​ឈឺ​ខ្នង​ខ្លាំង គ្រានោះ​ក៍​ក្រឡេក​ឃើញ​គ្លីនិក​ខាង​លើក៍​ចូល​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ​២​ម្ជុល (​មិនដឹង​ថា​ថ្នាំ​អី​) ស្រាប់តែ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​បាន​ប្រកាច់​បែកពពុះមាត់ ឃើញ​សភាព​ដូច្នោះ គ្រូពេទ្យ​នៅ​គ្លីនិក​ឃឹម​រ៉ា​នី បាន​បង្ខំ​ឲ្យ​ឈ្មោះ រ៉ា ផ្តិត​មេដៃ រួច​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ទៅ​ដល់​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ ។

ជាមួយ ​គ្នា​នោះ​ដែរ​ភរិយា​របស់​សព ឡាំ តៅ​គង់ ឈ្មោះ Sok Rath Mony បាន​សរសេរ​ពី​ប្រវត្តិ​ស្នេហា​ដ៏​ផ្អែមល្ហែម​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ២០១៦​នេះ​ថា ៖ «​បងអត់​ចូល​ចិត្ត​ថតរូប​ទេ តែ​បង​ចូល​ចិត្ត​ថត​ជាមួយ​អូន ហើ​យ​ចូល​ចិត្ត​ហៅ​អូន selfie. អូន​ចេះ​តែ​ថា មុខ​កំពុង​អាក្រក់​មើ​ល ថត​អត់​ស្អាត ហើយ​ក៏​មិន​ព្រមអោយ​ថត​។ បង​ថា​ប្រពន្ធ​បង​ស្អាត​ជា​និច្ច អួត​ប្រពន្ធ​រហូត មុខ​ម៉េច​ក៏​បង​ស្រលាញ់ ស្អុយ​ញើស​ក៏​មក​ថើប​ហើ​យ​ថា​ក្រអូប​ណាស់​។ អូន​ចង់បាន​អី ចង់​ញ៉ាំ​អី ចង់ទៅ​ណា ចាំ​បង​សា​រ៉េ​អោយ ដើ​ម្បី​អូន ដើ​ម្បី​ប្រពន្ធ​បង​។ អត់​បាច់​ខ្វល់​នរណា​ទេ មាន​បង​នៅ​ក្បែរ បង​ការពារ​អូន មានអី​មិន​សប្បាយចិត្ត​ប្រាប់​បង​ភ្លាម ហើ​យ​ម្សិលមិញ​អោយ​សន្យា​ហាម​យំ តែ​អូន​អត់​សន្យា​ទេ បង​ក៏​ថា កា​អ៊ី​ង ស្តាប់​បង បងការ​អូន​មក មិន​ចង់​ឃើញ​ប្រពន្ធ​បង​ដេក​យំ​ចឹ​ង​ទេ​។ បង​ចង់​ឃើ​ញ​អូន​ញញឹម​។ រាល់ដង ម៉ោង​ស្មើ​នេះ បង​ជូន​អូន​ដល់​ស្ថានីយ បើមិន​ញ៉ាំគុយទាវ​ជាមួយ​គ្នា ក៏​បង​ឆៀង​ចូល​ទិញ​អី​១​ប្រអប់​ដែរ​។ ជួប​មុខ​គឺ ញ៉ាំអី​នៅ ឃ្លាន​អត់ ហត់​អត់ ផឹក​ទឹកដោះគោ​ហើយ​នៅ អស់​ទឹកដោះគោ​នៅ បង​ចូល​ទៅ​ទិញ​ក្លា​ស្សេ​អោយ​ទៀត​។ បង​ថ្នម​អូន ស្រលាញ់​អូន​រហូត ហើ​យ​ប្រាប់​អូន​រហូត​ថា បង​ស្រលាញ់​អូន​ណាស់​។ បង​ជា​មនុស្ស​ម្នាក់​សាមញ្ញ មិន​ចូល​ចិត្ត​មាត់ក​ច្រើ​ន មិនសូវ​ចេះ​លេង មិន​ចេះ​ទ្រ មិន​ដែល​ខ្វល់​ពី​នរណា តែ​ចំពោះ​អូន គឺ​មាន​តែ​អូន​ប៉ុណ្ណោះ បង​ថា​ស្តាយ​ដែល​អូន​ទើប​ស្រលាញ់​ហើយ​ព្រម​ការ​ឆ្នាំ​នេះ ខាត​ពេល​បងអស់​១​ឆ្នាំ​ហើយ​។ បង​ពិបាក​ណាស់​ទម្រាំ​ធ្វើ​អោយ​អូន​ស្រលាញ់ អូន​ធ្វើ​បាប​បង​យូរ​ហេ​ី​យ​។ អូន​សុំ​ទោស​ណា​។ យើ​ង​ចាប់​ផ្តើម​ជាមួយ​គ្នា ក៏​ជួប​ការ​រារាំង តែ​បង​ថា បង​មាន​វិធី អោយ​តែ​អូន​ថា អូ​ខេ​កាន់​ដៃ​គ្នា​ទៅ​មុខ គឺ​កុំ​ភ័យ យ៉ាងណា​ក៏​បង​មិន​ចោល​អូន​ដែរ​។ យ៉ាង​ច្រើ​ន​ទៅ​នៅ​ក្រៅ​២​នាក់ ហើយ​បង​សើ​ច​។ និយាយ​ទៅ យើង​ប្រឈម​រឿង​ច្រើន ហើយ​ក៏​មាន​តែ​ប្តី​ប្រពន្ធ​យើង​ដឹង​សុខទុក្ខ​គ្នា​។ ហេតុ​អី ពេល​ដែល​បាន​នៅ​ក្បែរ​គ្នា ពេល​ដែល​មាន​ក្តី​សុខ មាន​ពេល​ខ្លី​យ៉ាងនេះ? គ្រប់​គ្នា នរណា​ក៏​ថា អូន​បាន​ប្តី​ល្អ ស្លូត ស្រលាញ់​ការពារ​ប្រពន្ធ អូន​អត់​ទាន់​សរសើ​រ​បញ្ចូល​បង​ផង បង​ទៅ​បាត់​។ ថើ​ប​បង​១​មុន​ទៅ​ធ្វើការ បើមិន​បាន​ថើប បងអត់​អស់ចិត្ត​ទេ​។ ពេល​ខ្លះ​អូន​អត់​ថើប​បង ក៏​បង​យក​ថ្ពាល់​មក​អោយ​អូន​ថើ​ប​ដែរ ហើ​យ​ហៅ​អូន កា​អ៊ី​ង យ៉ាប់​ហា​។ បង​ទំលាប់​អូន​ធ្លាប់​ហើ​យ ឥលូវ​នៅ​សល់​អី​ទៀត?»