ផ្ទុះការតវ៉ាជំទាស់​គណៈកម្មការ​វត្ត​វត្ត​ទឹក​ហូត ​លក់​ដី​ឱ្យ​គេ​ធ្វើ​ម៉ុង​ចិន

ផ្ទុះការតវ៉ាជំទាស់​គណៈកម្មការ​វត្ត​វត្ត​ទឹក​ហូត ​លក់​ដី​ឱ្យ​គេ​ធ្វើ​ម៉ុង​ចិន



ខេត្តកំពង់ឆ្នាំង ៖ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​រតន​មុនី​សាគរ​ហៅ​វត្ត​ទឹក​ហូត​ស្ថិត​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​វត្ត ដោយ​ចោទប្រកាន់​ថា គណៈកម្មការ​វត្ត​បាន​លក់​ដី​វត្ត​ទៅ​ឲ្យ​គេ​ធ្វើ​ម៉ុង​បញ្ចុះសព​ចិន​ខុស​នឹង​កិច្ចសន្យាម្តង​ហើយ​ម្តងទៀត ដែល​គណៈកម្មការ​ធ្លាប់​បាន​សន្យា​បញ្ឈប់​ការ​ឲ្យ​ដី​វត្ត​ដល់​គេ​សម្រាប់​កសាង​ម៉ុង​បន្ត​ទៀត បន្ទាប់​ពី​បានជា​ជ្រុល​ឲ្យ​គេ​ធ្វើ​ម៉ុង​ដល់​ទៅ​៣​ដង​រួច​ហើយ​នោះ ។ ករណី​ផ្ទុះ​ការ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ។

ពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា កន្លង​ទៅ​គណៈកម្មការ​វត្ត​ដែល​មាន​លោក សោម ឆៃ ជា​ប្រធាន​គណៈកម្មការ​បាន​លួច​ឲ្យ​គេ​ធ្វើ​ម៉ុង​បញ្ចុះសព​ចិន​ចំនួន​៣​ម៉ុង​ហើយ និង​បាន​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ម្តង​រួច​មក​ហើយ​ដែរ តែ​កាល​ណោះ​វា​ជ្រុល​ទៅ​ហើយ​ក៏​សុំ​ឱ្យ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង​ទៅ តែ​សុំ​ហាម​ធ្វើ​បន្ត​ទៀត ។

ក្រោយមក​លោក សោម ឆៃ បាន​ឲ្យ​គេ​ធ្វើ​ម៉ុង​ចំនួន​១០​ទៀត​បន្ត​ពី​ម៉ុង​៣​ដែល​ធ្វើ​រួច​នោះ ដោយ​យក​ថ្លៃ​ម៉ុង​១​ចំនួន​៩០០​ដុល្លារ ហើយ​គណៈកម្មការ​បាន​ទទួល​ប្រាក់​កក់​ថ្លៃ​ដី​ធ្វើ​ម៉ុង​ចំនួន​៧​ក្នុង​ដី​ម៉ុង​១​ថ្លៃ​៣០០​ដុល្លារ សរុប​ប្រាក់​កក់​២១០០​ដុល្លារ ហើយ​ក៏​បាន​បែក​ការណ៍​ដល់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា រហូត​សម្រេច​បញ្ឈប់​ការ​ធ្វើ​ម៉ុង​នោះ​បន្ត​ទៀត និង​សុំ​ឲ្យ​គណៈកម្មការ​ប្រគល់​ប្រាក់​កក់​នោះ​ឱ្យ​ម្ចាស់​ដើម​វិញ ដោយ​មាន​ធ្វើ​ឯកសារ​ជា​ផ្លូវច្បាប់​ទៀត​ផង រួច​ក៏​ស្ងប់ស្ងាត់​មួយ​រយៈ ។

ស្រាប់តែ​ថ្មី​ៗ​នេះ គឺ​នៅ​ថ្ងៃ​ទី​១៨ ឧសភា លោក សោម ឆៃ បាន​ឲ្យ​គេ​មក​ធ្វើ​ម៉ុង​បន្ត​ទៀត ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រឆាំង​តវ៉ា​ជា​ថ្មី​ទៀត ។ អ្នកស្រុក​បាន​បញ្ជាក់​ថា បើ​ធ្វើ​ចេតិយ គឺ​មិន​ហាមឃាត់​ឡើយ ។ ចំណែក​ចៅអធិការ​វត្ត​ព្រះ​នាម ព្រុំ ព្រួញ មិន​បាន​រំលត់​អធិករណ៍​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ខឹង​ក៏​និមន្ត​ចេញពី​វត្ត​ទៅ​គង់នៅ​វត្ត​ផ្សេង​បាត់​ទៅ ។

ប្រធាន​គណៈកម្មការ​វត្ត លោក សោម ឆៃ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​នឹង​ឲ្យ​គេ​ធ្វើ​ម៉ុង​នេះ គឺ​មានការ​ឯកភាព​ពី​គណៈកម្មការ​វត្ត និង​គណៈកម្មការ​កសាង​ភូមិ​មួយ​ចំនួន​ដែរ ដោយ​ឲ្យ​គេ​ធ្វើ​ម៉ុង​នេះ ព្រោះ​ម្ចាស់​ធ្វើ​ម៉ុង​បាន​ជួយ​កសាង​ជញ្ជាំង​សាលាឆាន់​ថ្មី​ក្នុង​មួយ​ប្លង់​មាន​៣៦​ម៉ែត្រការ៉េ​ថ្លៃ​៩០០​ដុល្លារ កសាង​៦​ប្លង់ និង​បាន​មក​កសាង​គំនូរ​៤៨​ម៉ែត្រការ៉េ​ទៀត ថ្លៃ​១​ម៉ែត្រការ៉េ​៥០​ដុល្លារ ។ គណៈកម្មការ​វត្ត​បាន​ព្រមព្រៀង​និង​មានការ​ឯកភាព​ពី​មន្ត្រី​សង្ឃ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ក្នុង​វត្ត ទើប​លោក​ហ៊ាន​ចាត់ចែង ។

ដោយឡែក​ចៅអធិការ​វត្ត​ព្រះ​នាម ព្រុំ ព្រួញ បាន​មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​អត់​មាន​ខឹង​នឹង​អ្នក​ណា​ទេ ការ​ចេញពី​វត្ត​មកនេះ​គឺ​ដល់​ពេល​ដែល​អាត្មា​ត្រូវ​ចេញ​ហើយ ។ អាត្មា​បានដឹង​ថា រឿង​ហ្នឹង​គឺ​បាន​ដោះស្រាយ​ហើយ ដោយ​បាន​ប្រជុំ​គ្នា​ឲ្យ​គណៈកម្មការ​វត្ត​សង​គេ​វិញ​ទៅ​ចំនួន​ប្រាក់​២១០០​ដុល្លារ​នោះ ។ ស្រាប់តែ​ក្រោយ​ចូល​ឆ្នាំ គណៈកម្មការ​បាន​បង្កើត​រឿង​ថ្មី​ទៀត ដោយ​មិន​ព្រម​សង​គេ​តាម​ការ​ប្រជុំ​សម្រេច​ពី​លើក​មុន​ទេ ទើប​កើតរឿង​បែប​នេះ ។ ការ​ធ្វើ​ម៉ុង​នោះ​ទៀត​សោត វា​អាច​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​ជាតិ ព្រោះ​កាលណា​គេ​ធ្វើ​ម៉ុង​ច្រើន​វា​នាំ​ឱ្យ​បាត់បង់​ចេតិយ​អស់ហើយ និង​មួយទៀត ការ​កសាង សមិទ្ធផល​នានា​ដោយ​ការ​ដោះ​ដូរ ក៏​វា​មិនសូវ​រីក​ចម្រើន​អី​ដែរ ដូច​ឃើញ​ស្រាប់​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​លើក​ឡើង​ដី​១​ដុំ​ទឹក​១​ថ្លុក គឺ​គណៈកម្មការ​និង​ព្រះសង្ឃ​ជា​អ្នក​សម្រេច​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា បើ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មិន​ឯកភាព ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ប្រជាពលរដ្ឋ​ជា​សាសនិកជន រីឯ​ការ​រីក​ចម្រើន​ក្នុង​វត្ត ក៏​ដោយសារ​តែ​បរិស័ទ​ជា​អ្នកគាំទ្រ ៕