ចិនគំរាមចំៗ ប្រធានាធិបតី​តៃវ៉ាន់ថ្មី​​មិន​ឱ្យ​​​រើ​ខ្លួន​ទារ​ឯករាជ្យ

តៃវ៉ាន់ទើបមានប្រធានាធិបតីថ្មី គឺលោកស្រី ត្សៃអ៊ីង វេន ដែលជាអ្នកឯករាជនិយម។ គ្រាន់តែបានស្បថចូលកាន់តំណែង នៅថ្ងៃសុក្រទី ២០ ឧសភានេះ មិនបានប៉ុន្មានម៉ោងផង ចិនប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ គំរាម ថាតៃវ៉ាន់ នឹងគ្មានសន្តិភាពឡើយ ប្រសិនបើហ៊ានរើខ្លួន ហាមាត់ទាមទារឯករាជភាព តែបន្តិច ក៏មិនបានដែរ។

នៅក្នុងពេលស្បថចូលកាន់តំណែង លោកស្រី ត្សៃអ៊ីង វេន ប្រធានាធិបតីភេទស្រ្តីដំបូងរបស់តៃវ៉ាន់ បានអំពាវនាវសុំឱ្យមានការចរចាជាវិជ្ជមានជាមួយចិន ក្នុងអត្ថន័យនៃការផ្សះផ្សាគ្នា។ ប៉ុន្តែប្រតិកម្មតបមកវិញ មានតែពាក្យព្រមាន និងគំរាម យ៉ាងច្បាស់លាស់ចែងក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ៖

“ក្នុងករណីមានការរៀបចំទាមទារឯករាជ្យ នោះមិនអាចមានឡើយសន្តិភាពនិងស្ថិរភាព។ ឯករាជ្យ គឺជាមហន្តរាយនៃសន្តិភាពនិងអភិវឌ្ឍន៍តៃវ៉ាន់ និងទំនាក់ទំនងចិន-តៃវ៉ាន់” !។

ចិនគំរាមចំៗ ប្រធានាធិបតី​តៃវ៉ាន់ថ្មី​​មិន​ឱ្យ​​​រើ​ខ្លួន​ទារ​ឯករាជ្យលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ថ្មី ក្នុងពេលស្បថចូលកាន់តំណែង

លោកស្រី ត្សៃអ៊ីង វេន ប្រសូតចេញពីចលនាប្រជាធិបតេយ្យដែលមានជំហរជាប្រពៃណី ចង់បានឯករាជ្យ បានបញ្ជាក់ហើយបញ្ជាក់ទៀត មិនប្តូរលក្ខន្តិកៈនៃទំនាក់ទំនងជាមួយចិនឡើយ។ សម្រាប់លោកស្រី ចំណងទាក់ទងទ្វេភាគីចិន-តៃវ៉ាន់ គឺជាចំណែកមួយនៃការស្ថាបនាសន្តិភាពតំបន់និងសន្តិសុខសមូហភាព។ តៃវ៉ាន់នឹងធ្វើជាឆ្មាំសន្តិភាពយ៉ាងសកម្ម ហើយមិនប្តូរជំហរនយោបាយនេះដាច់ខាត។

ប៉ុន្តែពាក្យសំដីនេះគ្រប់គ្រាន់សម្រាប់ប៉េកាំងឡើយ។ តាំងពីលទ្ធផលឆ្នោតបង្ហាញថាលោកស្រី ត្សៃជីន វេន បានឈ្នះ ក្លាយជាប្រធានាធិបតីថ្មីតៃវ៉ាន់មក ទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះ គ្មានភាពកក់ក្តៅនឹងគ្នាទេ ! ចិនបានធ្វើគ្រប់យ៉ាង សំឡុងផង គំរាមផង ព្រោះចង់ឱ្យលោកស្រី ទទួលស្គាល់ការត្រូវរ៉ូវគ្នាក្រៅផ្លូវការ រវាងប៉េកាំងនិងតៃប៉ិ កាលពីឆ្នាំ១៩៩២ ថាចិនមានតែមួយ ភាគីណាបកព្រលាត់យ៉ាងដូចម្តេចក៏បាន។ គោលការណ៍ចិនតែមួយ ដែលលោកស្រីប្រធានាធិបតីថ្មី ក៏ដូចជាបក្សប្រជាធិបតេយ្យទាំងមូល មិនទទួលស្គាល់ដាច់ខាត។

ត្រឹមតែសុន្ទរកថាសម្របសម្រួល ចិនទំនងជាមិនអាចព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់។ ឯចំណែកលោកស្រី ត្សៃអ៊ីង វេន បើតាមអ្នកវិភាគក៏នឹងប្រឹងឱ្យអស់ពីសមត្ថភាពសម្រួលសម្ពាធជាមួយប៉េកាំងដែរ ប៉ុន្តែបញ្ហានៅត្រង់ថាគ្មានសំណើជាក់ស្តែង និងភាពមិនទុកចិត្តគ្នាខ្លាំង៕

ប្រភពៈ RFI