កងទ័ព​អេហ្ស៊ីប៖ គេរកឃើញ​បំណែក​សាកសព និង​យន្តហោះ​ ដែល​បាត់​ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍

នៅមួយថ្ងៃក្រោយយន្តហោះអេហ្ស៊ីបជើងហោះហើរប៉ារីស ក្រុងគែរបានបាត់ខ្លួនពីរ៉ាដា ប្រតិបត្តិការស្វែង រុករក ពីសំណាក់អាជ្ញាធរអេហ្ស៊ីប បារាំង ក្រិក និងអាមេរិក នៅបន្តធ្វើ នៅសមុទ្រមេឌីទែរ៉ាណេ។ នៅថ្ងៃសុក្រនេះ កងទ័ពអេហ្ស៊ីបបានអះអាងថា គេបានរកឃើញបំណែកសាកសពមនុស្ស បំណែកយន្តហោះ ឥវ៉ាន់របស់អ្នកដំណើរ ដែលអណ្តែតនៅប្រមាណ ២៩០គីឡូម៉ែត្រពីឆ្នេរអេហ្ស៊ីប ភាគខាងជើងទីក្រុងAlexandrie។

គេបានរកឃើញបំណែកដំបូងរបស់យន្តហោះអេហ្ស៊ីប MS 804 ដឹកមនុស្ស៦៦នាក់ ដែលបានបាត់ខ្លួនដោយអាថ៌កំបាំងពីរ៉ាដា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តាមសេចក្តីថ្លែងការណ៍របស់កងទ័ពអេហ្ស៊ីប យន្តហោះ និងនាវាជើងទឹកបានរកឃើញ និងស្រង់បានឥវ៉ាន់ផ្ទាល់ខ្លួនមួយចំនួន របស់អ្នកដំណើរ ហើយនិងបំណែកខ្លះៗរបស់យន្តហោះ។

កងទ័ព​អេហ្ស៊ីប៖ គេរកឃើញ​បំណែក​សាកសព និង​យន្តហោះ​ ដែល​បាត់​ខ្លួន នៅថ្ងៃ​ព្រហស្បតិ៍

ទាហានជើងទឹកអេហ្ស៊ីបស្វែងរកបំណែកយន្តហោះ A320 របស់ក្រុមហ៊ុនអេហ្ស៊ីបអ៊ែរ ដែលបាត់ខ្លួនពីរ៉ាដា កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ឧសភា

បំណែកយន្តហោះដែលគេស្រង់បានពីក្នុងទឹក នឹងឲ្យអាចផ្តល់តម្រុយខ្លះ ពីមូលហេតុដែលធ្វើឲ្យយន្តហោះធ្លាក់ នៅក្នុងពេលដែលអាកាសធាតុអំណោយផលនោះ។ អាជ្ញាធរអេហ្ស៊ីបអះអាងថា គេនៅបន្តស្វែងរុករកបន្តទៀត ជាពិសេសប្រអប់ខ្មៅ ដែលមានថតរាល់ព័ត៌មាន និងការនិយាយឆ្លើយទាក់ទងរបស់អ្នកបើកបរនៅក្នុងយន្តហោះ។

នៅថ្ងៃសុក្រ អ្នកស៊ើបអង្កេតបារាំង និងទីប្រឹក្សារបស់ក្រុមហ៊ុនអ៊ែរប៊ូស បានធ្វើដំណើរទៅដល់ទីក្រុងគែរ ដើម្បីស៊ើបអង្កេត ស្វែងរកមូលហេតុនៃការបាត់ខ្លួនរបស់យន្តហោះអេហ្ស៊ីប។ អាជ្ញាធរអេហ្ស៊ីបវិញ បានដាក់ការសង្ស័យច្រើនទៅលើការវាយប្រហារភេរវកម្ម ព្រោះថា អ្នកបើកបរយន្តហោះមិនបានបញ្ជូនសារសុំជំនួយអ្វីសោះ នៅមុនពេលយន្តហោះបាត់ខ្លួនពីរ៉ាដា។

តាមរដ្ឋមន្រ្តីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប គេនឹងពិចារណាលើគ្រប់សម្មតិកម្ម ប៉ុន្តែ យ៉ាងណាក៏ដោយលោកវាយតម្លៃថា ស្ថានភាពបច្ចុប្បន្នធ្វើឲ្យជឿច្រើនថា យន្តហោះ MS 804ដែលហោះពីប៉ារីស ទៅទីក្រុងគែរ នៅថ្ងៃព្រហស្បតិ៍ អាចរងការវាយប្រហារពីក្រុមភេរវនិយម ច្រើនជាងការជួបបញ្ហាបច្ចេកទេស៕

ប្រភពៈ RFI