វៀតណាម-អាមេរិក៖​លោក​អូបាម៉ា​ប្រកាស​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម

នៅក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាបានប្រកាសឲ្យដឹងនាថ្ងៃចន្ទ ទី២៣ ឧសភានេះថា សហរដ្ឋអាមេរិកលើកទ័ណ្ឌកម្មហាមលក់អាវុធឲ្យវៀតណាម។ សូមជម្រាបជូនថា ទ័ណ្ឌកម្មរបស់អាមេរិកហាមលក់អាវុធឲ្យវៀតណាម ជាទ័ណ្ឌកម្មចុងក្រោយសល់តាំងពីក្រោយការបិទបញ្ចប់សង្រ្គាមរវាងគ្នាក្នុងឆ្នាំ ១៩៧៥។

វៀតណាម-អាមេរិក៖​លោក​អូបាម៉ា​ប្រកាស​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាមលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងសមភាគីវៀតណាមលោក Tran Dai Quang

« សហរដ្ឋអាមេរិកបានលប់ចោលការហាមឃាត់ » នេះជាឃ្លាមួយយ៉ាងខ្លីដែលលោកបារ៉ាក់ អូបាម៉ាបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី១ នៃដំណើរទស្សនកិច្ចក្នុងទឹកដីវៀតណាមថ្ងៃនេះ។ ការប្រកាសរបស់លោកអូបាម៉ាក្នុងការលប់ចោលការហាមលក់អាវុធឲ្យវៀតណាមពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ពីការរំកិលរកគ្នាកាន់តែខ្លាំងរវាងប្រទេសអតីតគូសត្រូវទាំងពីរ។

លោកអូបាម៉ាបានបន្ថែមនៅក្នុងសន្និសីទកាសែតថា សេចក្តីសម្រេចចិត្តរបស់អាមេរិកក្នុងការលើកទ័ណ្ឌកម្មហាមលក់អាវុធឲ្យវៀតណាមមិនមានជាប់ទាក់ទងនឹងចិនដែលកំពុងមានជម្លោះជាមួយវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូងទេ តែជាឆន្ទៈ និងបំណងប្រាថ្នាពិតរបស់អាមេរិកដែលចង់បំពេញ និងចង់បង្កើនបន្ថែមនូវទំនាក់ទំនងប្រក្រតីជាមួយវៀតណាម។

ជាការឆ្លើយតបវិញ លោកប្រធានាធិបតីវៀតណាម Tran Dai Quang បានថ្លែងដោយសាមញ្ញថា វៀតណាមពេញចិត្តខ្លាំងណាស់ចំពោះសេចក្តីសម្រេចិត្តរបស់អាមេរិកក្នុងការលប់ចោលទាំងស្រុងនូវការហាមលក់អាវុធឲ្យវៀតណាម និងថា ទង្វើបែបនេះជាភស្តុតាងដែលបានបញ្ជាក់កាន់តែច្បាស់ថែមទៀតពីទំនាក់ទំនងប្រក្រតីពេញលក្ខណៈរវាងអាមេរិក និងវៀតណាម។

សូមរម្លឹកជូនថា ក្រោយពីអាមេរិកបានលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីវៀតណាមក្នុងឆ្នាំ ១៩៩៤ មក ប្រទេសអតីតគូសត្រូវទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងផ្លូវទូតរវាងគ្នាឡើងវិញក្នុងឆ្នាំ ១៩៩៥។ បន្ទាប់មកក្នុងឆ្នាំ ២០១៤ រដ្ឋបាលអាមេរិកាំងរបស់លោកអូបាម៉ាក៏បានលើកទ័ណ្ឌកម្មហាមលក់អាវុធមួយភាគចេញពីវៀតណាម ពិសេសគ្រឿងសព្វាវុធសម្រាប់ការពារផ្លូវសមុទ្រ ដូចយ៉ាងនាវាល្បាតយោធាផ្លូវសមុទ្រជាដើម៕

ប្រភពៈ RFI