ពិភពលោក​បើក​ជំនួប​កំពូល​មនុស្សធម៌​ជា​លើក​ទី​មួយ​ ដើម្បី​​ប្រសិទ្ធិភាពជំនួយ​

អង្គការសហប្រជាជាតិ ឥស្សរជននយោបាយជាន់ខ្ពស់ តំណាងប្រទេស អង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយ ម្ចាស់ក្រុមហ៊ុន… ជិត៦ពាន់នាក់ មកពី៨០ប្រទេស ត្រូវជួបជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួកគី នៅថ្ងៃចន្ទនេះជាលើកទីមួយ ក្នុងជំនួបកំពូលមនុស្សធម៌ពិភពលោក។ វាគ្មិនទាំងអស់ មានពេលពីរថ្ងៃសម្រាប់ពិគ្រោះយោបល់គ្នាចង់ធ្វើកំណែទម្រង់ប្រព័ន្ធមនុស្សធម៌ ដើម្បីឱ្យដំណើរការផ្តល់ជំនួយមនុស្សធម៌មានប្រសិទ្ធិភាព។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលនិងមនុស្សធម៌ខ្លះ មានជាអាទិ៍អង្គការគ្រូពេទ្យគ្មានព្រំដែន បដិសេធមិនចូលរួមទេ ព្រោះយល់ថាជំនួបកំពូលមនុស្សធម៌លើកដំបូងបង្អស់នេះនឹងមានត្រឹមតែពាក្យ។

ពិភពលោក​បើក​ជំនួប​កំពូល​មនុស្សធម៌​ជា​លើក​ទី​មួយ​ ដើម្បី​​ប្រសិទ្ធិភាពជំនួយ​

ប្រធានាធិបតីតួកគី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ថតរូបអនុស្សាវរីយ៍ជាមួយក្រុមអ្នកចូលរួមក្នុងជំនួបកំពូលមនុស្សធម៌ពិភពលោក

ពិភពលោកសព្វថ្ងៃ បាននិងកំពុងជួបវិបត្តិធ្ងន់ធ្ងរខ្លាំង និងច្រើនឡើងៗ ព្រមទាំងមានទ្រង់ទ្រាយធំទៀត រហូតដល់អង្គការសហប្រជាជាតិ បានផ្តល់ចំណាត់ថា្នក់ថាជាវិបត្តិកំរិតបី។ វិបត្តិមនុស្សធម៌នេះបង្កឡើងដោយមូលហេតុពីរយ៉ាង ៖ ជម្លោះឬសង្គ្រាមស៊ីវិល (ស៊ីរី អ៊ីរ៉ាក់ ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល) និងការឡើងកម្តៅអាកាសធាតុ។

នៅចំពោះមុខសម្រែកមនុស្សធម៌របស់ ពលរដ្ឋប្រមាណ៦០លាននាក់ ដែលត្រូវបង្ខំចិត្តធ្វើបំលាស់ទី និង១២៥លាននាក់កំពុងរង់ចាំជំនួយ រដ្ឋ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន យល់ថាប្រព័ន្ធផ្តល់ជំនួយមនុស្សធម៌បច្ចុប្បន្នចាស់គំរិលពេកហើយ និងត្រូវតែគិតគូរធ្វើកំណែទម្រង់ ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់មនុស្សធម៌បាន។

ហេតុដូច្នេះហើយទើប លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានកោះហៅនិងរៀបចំជំនួបកំពូលមនុស្សធម៌ពិភពលោកនេះឡើង។ ជាជំនួបកំពូលដែលមិនមានទាល់សោះពីមុនមក។ មានអ្នកចូលរួម ជាង៦ពាន់នាក់ ជាអង្គការក្រៅរដ្ឋាភិបាល តូចធំមធ្យម ជាក្រុមហ៊ុន ក្នុងនោះជាង៦០នាក់ជាប្រមុខរដ្ឋ-រដ្ឋាភិបាល។

អង្គការគ្រូពេទ្យគ្មានព្រំដែន ធ្វើពហិការមិនចូលរួម

អង្គការគ្រូពេទ្យគ្មានព្រំដែនដែលមានមន្ទីរពេទ្យ៧៥កន្លែង រងការវាយប្រហារ នារយៈពេលមួយឆ្នាំកន្លងទៅនេះ បានសម្រេចចិត្តមិនចូលរួម ក៏ព្រោះតែយល់ថា ជំនួបកំពូលមនុស្សធម៌នេះ ខ្វះគំនិតផ្តួចផ្តើមជាក់ស្តែង សម្រាប់បិទបញ្ចប់ការដាក់កម្រិតយ៉ាងតឹងតែងនិងធ្ងន់ធ្ងររបស់ប្រទេសមួយចំនួន ក្នុងការចែកចាយជំនួយមនុស្សធម៌។

ពិភពលោក​បើក​ជំនួប​កំពូល​មនុស្សធម៌​ជា​លើក​ទី​មួយ​ ដើម្បី​​ប្រសិទ្ធិភាពជំនួយ​

ជនភៀសខ្លួនតម្រង់ជួរក្នុងជំរំចាំទទួលជំនួយអាហារ នៅព្រំដែនម៉ាសេដ្វាន

បើតាមអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលព្រួយបារម្ភនឹងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ប្រព័ន្ធមនុស្សធម៌បច្ចុប្បន្ននេះ មានទម្រង់ការិយាល័យនិយមជ្រុលនិងខ្លាចគ្រោះណាស់។ ដូច្នេះជំនួបកំពូលនេះ យ៉ាងច្រើនបំផុត បានត្រឹមចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីឆន្ទៈល្អ តែមិនអាចប្តូរផ្លាស់ស្ថានភាពរបស់អ្នកត្រូវការជំនួយ មានជាអាទិ៍នៅស៊ីរី ឬយេមែនឡើយ។

ប៉ុន្តែវាគ្មិន និងអ្នកចូលរួមផ្សេងទៀត រាប់ទាំងអង្គការក្រៅរដ្ឋាភិបាល តូចៗ និងមធ្យម សង្ឃឹមលើជំនួបកំពូលនេះថាជាដំណាក់កាលដ៏សំខាន់មួយ សម្រាប់ផ្តល់សន្ទុះថ្មី ក្នុងទិសល្អ ដល់វិស័យមនុស្សធម៌។

ការព្រមព្រៀងអន្តរជាតិ បង្កើតចលនាមនុស្សធម៌

អង្គការប្រជាជាតិដែលជាអ្នកផ្តួចផ្តើមគំនិតប្រឹងប្រែងខ្លាំង តាមរយៈប្រសាន៍របស់លោក បានគីមូន ចង់ប្រែក្លាយជំនួបកំពូលនេះ ជាចំណុចចាប់ផ្តើមចរន្តមួយខ្សែនៃការបញ្ចេញសកម្មភាព និងប្តេជ្ញាចិត្តជាក់ស្តែងជួយប្រទេសរងគ្រោះ ឱ្យប្រឈមតទល់នឹងវិបត្តិ -កំណត់វិធីសាស្ត្រថ្មីសម្រាប់ចាត់ចែងការធ្វើបន្លាស់ទីដោយបង្ខំ -និងធានាបាននូវប្រភពហិរញ្ញវត្ថុដ៏មានលំនឹងមួយសម្រាប់ចាត់ចែងវិបត្តិ។

សូមកុំភ្លេចថា នៅក្នុងចំណាត់ការដោះស្រាយវិបត្តិមនុស្សធម៌ ត្រូវមានអ្នកចូលរួមច្រើន មិនមែនតែអង្គការក្រៅរដ្ឋាភិបាលម្នាក់ឯង ឬរដ្ឋ-រដ្ឋាភិបាលមួយធ្វើកើតទេ។ ដូច្នេះការមកជួបជុំគ្នា ដោយចំពោះមានទាំងអង្គការក្រៅរដ្ឋាភិបាល ប្រមុខរដ្ឋ-រដ្ឋាភិបាល ជួបទល់មុខគ្នា គឺជាឱកាសដ៏ប្រពៃសម្រាប់ផ្ចង់ការពិភាក្សាគ្នា បង្ហាញទស្សនៈវិស័យនយោបាយ និងការប្តេជ្ញាចិត្ត ដោះស្រាយដោយឆ្កឹះឱ្យដល់ឬសគល់នៃបញ្ហា។

គេសង្ឃឹមថា ជំនួបកំពូលនេះនឹងមានសក្តានុពលខ្លាំង ផ្តល់សន្ទុះឱ្យមានចលនាមនុស្សធម៌ដ៏ធំមួយមិនធ្លាប់មាន ដែលមានការព្រមព្រៀងអន្តរជាតិ។

ជំនួបកំពូលក៏ជាឱកាសបើកឱ្យមានជំនួបទ្វេភាគីដែរ ឧទាហរណ៍ជំនួបរវាងប្រធានាធិបតីតួកគី និងប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីមែរកិល។ ជម្រើសយកក្រុងអ៊ីស្តង់ប៊ូលជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល មានបង្កប់ទៅដោយអត្ថន័យជានិម្មិតរូបផង និងភាពចម្រូងចម្រាសផង ព្រោះថាប្រទេសតួកគីនេះកំពុងទទួលជនភៀសខ្លួនស៊ីរី ដល់ទៅ២លាន៧សែននាក់ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលចោទអាជ្ញាធរ (តែអាជ្ញាធរបដិសេធ) ថាបានបញ្ជូនជនស៊ីរីត្រលប់ទៅកាន់កន្លែងកំណើតកំពុងមានសង្គ្រាមវិញ។ វិបត្តិក្នុងតំបន់ដែលបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីប្រព័ន្ធមនុស្សធម៌បច្ចុប្បន្នដ៏មានកំរិត ដែលត្រូវចាប់ផ្តើមគិតគូរធ្វើកំណែទម្រង់ភា្លមចាប់ពេលនេះទៅ៕

ប្រភពៈ RFI