ធនាគារ​ពិភព​លោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ដល់​កម្ពុជា​ក្រោយ​ពី​បាន​ឈប់​ឲ្យ​កម្ពុជា​ខ្ចី​អស់​ពេល​៥ឆ្នាំ​

ធនាគារពិភពលោកទើបបានយល់ព្រមឲ្យកម្ពុជាខ្ចីប្រាក់ថ្មីៗបន្ថែម ទៀតចំនួន១៣០លានដុល្លារដោយដកចេញនូវវិធានការបង្កកប្រាក់កម្ចីថ្មីៗរបស់ធនាគារអស់រយៈពេល៥ឆ្នាំកន្លងទៅនេះដែលធនាគារនេះបានដាក់ទណ្ឌកម្មលើកម្ពុជាក្រោយពីមានបញ្ហារឿងរដ្ឋាភិបាលខ្មែរដេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់ពួកគេដោយបង្ខំ និងដ៏ចម្រូងចម្រាស។

ធនាគារ​ពិភព​លោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ដល់​កម្ពុជា​ក្រោយ​ពី​បាន​ឈប់​ឲ្យ​កម្ពុជា​ខ្ចី​អស់​ពេល​៥ឆ្នាំ​រូបភាពបឹងកក់នៅក្រុងភ្នំពេញពី Google Map

នេះគឺជាដំណឹងល្អសម្រាប់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រោយពីធនាគារពិភពលោកបានមានបញ្ហាជាមួយរដ្ឋាភិបាលខ្មែរជុំវិញការបណ្ដេញពលរដ្ឋច្រើនពាន់គ្រួសារពីតំបន់បឹងកក់នៅកណ្ដាលក្រុងភ្នំពេញដើម្បីបើកផ្លូវឲ្យមានការអភិវឌ្ឍ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុនធនាគារពិភពលោកបានលើកឡើងថា គណៈកម្មាធិការនាយកនៃធនាគារនេះបានយល់ព្រមឲ្យមានការចាប់ផ្ដើមឡើងវិញលើប្រាក់កម្ចីសម្រាប់គម្រោងចំនួន៤ ដើម្បីផ្ដល់ជូនសហគមន៍ខ្មែរទូទាំងប្រទេសកម្ពុជានូវផ្លូវថ្នល់ប្រសើរជាងមុន, ធនធានទឹកដែលមាននិរន្ដរភាព, ការធ្វើឲ្យជីវភាពប្រសើរពីការធ្វើកសិម្ម និងការបង្កើនសេវាសុខភាពដល់ពលរដ្ឋ។

រដ្ឋាភិបាលក្រុងភ្នំពេញបានជួលដីបឹងកក់ទៅឲ្យក្រុមហ៊ុនឯកជនមួយដែលដឹកនាំដោយអ្នកនយោបាយម្នាក់ពីបក្សកាន់អំណាច។ ក្រុមហ៊ុនក៏បានធ្វើការឈូសឆាយលុបបឹងសម្រាប់ការអភិវឌ្ឍសំណង់អគារពាណិជ្ជកម្មដោយធ្វើឲ្យពលរដ្ឋប្រមាណ៤ពាន់គ្រួសាររស់នៅតំបន់នោះត្រូវនាំគ្នាចាកចេញ។

បើតាមអង្គការ Inclusive Development ឲ្យដឹងថា ការបណ្ដេញពលរដ្ឋបឹងកក់ចេញគឺជាការបង្ខំឲ្យមនុស្សចាកចេញយ៉ាងអាក្រក់បំផុតចាប់តាំងពីក្រុងភ្នំពេញត្រូវខ្មែរក្រហមជម្លៀសមនុស្សចេញនៅឆ្នាំ១៩៧៥។

ទាក់ទងរឿងនេះសកម្មជនការពារសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋបានទទូចឲ្យធនាគារកុំផ្ដល់ប្រាក់កម្ចីថ្មីៗទៀតដល់កម្ពុជារហូតទាល់តែអ្នកដែលត្រូវគេបង្ខំឲ្យចាកចេញនោះបានទទួលទីជម្រកសមរម្យសម្រាប់ក្រុមគ្រួសារពួកគេ៕

ប្រភពៈ radioaustralia