កម្តៅនៅឥណ្ឌាកើនឡើងដល់ ៥១អង្សាសេ ជាកំណត់ត្រាថ្មីនិងអាក្រក់បំផុត!

(ញូដេលី)៖ ទីបំផុតកម្តៅនៅទីក្រុង Phalodi របស់រដ្ឋ Rajasthan ប្រទេសឥណ្ឌា បានកើនឡើងដល់ ៥១អង្សាសេហើយ បើតាមការព្យាករណ៍នៅថ្ងៃសុក្រនេះ ដែលវាជាកំណត់ត្រាថ្មី និងអាក្រក់បំផុត សម្រាប់ប្រទេសឥណ្ឌា និងតំបន់អាស៊ីទាំងមូល។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦។

ទីក្រុងវាលខ្សាច់ខាងលើនេះ ធ្លាប់បានកើនឡើងកម្តៅខ្ពស់បំផុតជាលើកដំបូង កាលពីឆ្នាំ ១៩៥៦ ប៉ុន្តែកាលណោះគឺមានកម្តៅតែ ៥០,៦អង្សាសេប៉ុណ្ណោះ។ នាយកដ្ឋានព្យាករណ៍អាកាសធាតុ ឥណ្ឌា (IMD) បានប្រកាសថា «វាជាការកើនឡើងកម្តៅ ដ៏អាក្រក់បំផុតសម្រាប់ឥណ្ឌា ដែលមានរហូត ៥១អង្សាសេបែបនេះ»។ សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេនោះ គឺភាគខាងត្បូង និង ភាគខាងលិចប្រទេស ដែលនឹងអូសបន្លាយដល់ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើគិតពីសីតុណ្ហភាពជាមធ្យមទូទាំងប្រទេសឥណ្ឌា គឺស្ថិតក្នុងរង្វង់ ៤៥ អង្សាសេ លើសកម្រិតប្រកាសអាសន្ន ហើយវាក៏បានសម្លាប់មនុស្សរាប់សិបនាក់មកហើយ ក្នុងឆ្នាំ២០១៦ នេះ។ ងាកមកមើលប្រទេសស្រីសង្កា ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាវិញបែរជាកំពុង ទទួលរងគ្រោះដោយសារតែទឹកជំនន់ ដែលបានបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងដំណំទៅវិញ ស្របពេលដែលប្រទេសឥណ្ឌា ដែលនៅក្បែរគ្នាបែរជាទទួលរងគ្រោះរាំងស្ងួត ស្ទើរទូទាំងប្រទេស៕

កម្តៅនៅឥណ្ឌាកើនឡើងដល់ ៥១អង្សាសេ ជាកំណត់ត្រាថ្មីនិងអាក្រក់បំផុត!

ប្រភពៈ freshnewsasia