ជនសង្ស័យ​សំខាន់​នៃ​ភេរវកម្ម​ក្រុងប៉ារីស​បិទមាត់ មិនឆ្លើយនៅ​មុខ​ចៅក្រម

នៅទីក្រុងប៉ារីស ដំណាក់កាលសាកសួរសាឡា អាប់ដេស្លាម ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយបានក្លាយជាឥតន័យ។ នៅថ្ងៃសុក្រទី២០ ឧសភា នៅចំពោះចៅក្រមស៊ើបអង្កេត ជនសង្ស័យបង្កភេរវកម្មសម្លាប់មនុស្ស១៣០នាក់ នៅទីក្រុងប៉ារីស បានបិទមាត់ មិននិយាយស្តីអ្វីទាំងអស់។ មេធាវីក្រុមជនរងគ្រោះបានបរិហារពីចរិកគ្មានការទទួលខុសត្រូវ ក្នុងពេលដែលមេធាវីចុងចោទវិញបានបានអះអាងថា សាឡា អាប់ដេស្លាមមិនចង់និយាយអ្វីនៅថ្ងៃនេះ ប៉ុន្តែ នឹងនិយាយប្រាប់ចៅក្រមនៅថ្ងៃក្រោយ។

តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ ជនសង្ស័យ បង្កភេរវកម្មទីក្រុងប៉ារីស សាឡា អាប់ដេស្លាមបិទមាត់ មិនឆ្លើយសំណួររបស់ចៅក្រមស៊ើបអង្កេតបារាំង។ តាមរដ្ឋអាជ្ញាបារាំង សាឡា អាប់ដេស្លាមកំពុងលេងបិទពួនជាមួយតុលាការបារាំង ដោយបានប្រើសិទ្ធិនៅស្ងៀមស្ងាត់របស់ខ្លួន។

មេធាវីការពារក្តីរបស់សាឡា អាប់ដេស្លាមវិញ មិនយល់ឃើញដូច្នោះទេ។ តាមលោកFranck Berton សាឡា អាប់ដេស្លាមគ្រាន់តែចង់ប្រើសិទ្ធិមិននិយាយរបស់ខ្លួន តែប៉ុណ្ណោះ។ លោកBerton នៅអះអាងថា កូនក្តីរបស់លោកមិននិយាយនៅថ្ងៃនេះ ប៉ុន្តែ នឹងអាចនិយាយប្រាប់ចៅក្រមនៅថ្ងៃក្រោយ។

ជនសង្ស័យ​សំខាន់​នៃ​ភេរវកម្ម​ក្រុងប៉ារីស​បិទមាត់ មិនឆ្លើយនៅ​មុខ​ចៅក្រម

ឡានប៉ូលិស ដែលអមដំណើរឡានដឹកជនសង្ស័យ សាឡា អាប់ដេស្លាមចូលតុលាការក្រុងប៉ារីស ថ្ងៃទិ២០ឧសភា ២០១៦

សម្រាប់មេធាវីរបស់ក្រុមជនរងគ្រោះ គេមិនត្រូវទន្ទឹងរង់ចាំអ្វីជាដុំកំភួនពីសាឡា អាប់ដេស្លាម នោះទេ។ តាមអាយ្យការទីក្រុងប៉ារីស នៅមុខចៅក្រម សាឡា អាប់ដេស្លាមបានបដិសេធ មិនបញ្ជាក់ហេតុផលដែលធ្វើឲ្យរូបគេនៅស្ងៀមបិទមាត់។ លើសពីនោះ សាឡា អាប់ដេស្លាម នៅបានបដិសេធ មិនព្រមបញ្ជាក់សេចក្តីថ្លែងការណ៍ដែលខ្លួនបានធ្វើនៅចំពោះមុខប៉ូលិស និងចៅក្រមបែលហ្ស៊ិក។

ចម្លើយសារភាពរបស់សាឡា អាប់ដេស្លាម គឺជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ ដោយសារតែសាឡា អាប់ដេស្លាម ជាជនសង្ស័យភេរវកម្មដ៏សំខាន់តែម្នាក់ ដែលនៅមានជីវិត។ អាជ្ញាធរបារាំងធ្លាប់សង្ឃឹមថា នឹងបានព័ត៌មានច្រើនពីមាត់សាឡា អាប់ដេស្លាម បន្ទាប់ពីជននេះនៅក្រោយការចាប់ខ្លួន ក្នុងទីក្រុងព្រុចសែល នៅខែមីនាកន្លងទៅ ធ្លាប់ប្រាប់ទៅប៉ូលិសបែលហ្ស៊ិកថា គេនឹងសហការ និយាយតែជាមួយចៅក្រមបារាំងតែប៉ុណ្ណោះ។

អាជ្ញាធរប្រយុទ្ធប្រឆាំងភេរវកម្ម បានចាត់ទុក សាឡា អាប់ដេស្លាម ដើមកំណើតម៉ារ៉ុក ថា ជា អ្នកទទួលខុសត្រូវសំខាន់ម្នាក់ដែលបានទៅដឹកជញ្ជូនក្រុមភេរវជនឲ្យចូលទឹកដីអឺរ៉ុប និងបង្កភេរវកម្មនៅកណ្តាលក្រុងប៉ារីស កាលពីខែវិច្ឆិកាឆ្នាំមុន។ ទាំងចៅក្រមបារាំង ដែលចោទសាឡា អាប់ដេស្លាម ពីបទធ្វើឃាត ភេរវកម្ម និងប៉ូលិសប្រឆាំងភេរវកម្មបារាំង សង្ឃឹមចង់បានការសហការពីភេរវជនសាឡា អាប់ដេស្លាម ដើម្បី អាចដឹងពីបណ្តាញ និងផែនការបង្កភេរវកម្មផ្សេងទៀត ដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមអាចរៀបចំទុកសម្រាប់វាយប្រហារប្រទេសបារាំង និងអឺរ៉ុប។ ប៉ុន្តែ ក្តីសង្ឃឹមរបស់អាជ្ញាធរបារាំង ដែលចង់បានចម្លើយសារភាព ពីជនសង្ស័យតែមួយនៃភេរវកម្មក្រុងប៉ារីស នៅពេលបានរលាយដូចអំបិលត្រូវទឹក ដោយនៅថ្ងៃដំបូង ជននេះបានប្រើសិទ្ធិបិទមាត់របស់ខ្លួន នៅចំពោះមុខចៅក្រមបារាំង៕

ប្រភពៈ RFI