ពាណិជ្ជកម្ម​វៀតណាម​ប្រឈម​នឹង​ការភ្ជាប់​ទៅ​នឹង​សិទ្ធិមនុស្ស

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក Obama ទៅកាន់ប្រទេសវៀតណាម ត្រូវគេរំពឹងថានឹងក្លាយជាចំណុចរបត់នៃកំណើនសេដ្ឋកិច្ចនិងទំនាក់ទំនងលក្ខណៈយុទ្ធសាស្រ្តរវាងប្រទេសទាំង២ ដែលធ្លាប់ច្បាំងគ្នាអស់រយៈពេលជាងមួយទសវត្សរ៍។

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកប្រធានាធិបតីអាមេរិក Barack Obama ទៅកាន់ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទម៉ោងក្នុងប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចរបត់នៃកំណើនសេដ្ឋកិច្ចនិងទំនាក់ទំនងលក្ខណៈយុទ្ធសាស្រ្តរវាងប្រទេសទាំង២ ដែលធ្លាប់ច្បាំងគ្នាអស់រយៈពេលជាងមួយទសវត្សរ៍។

ពាណិជ្ជកម្ម​វៀតណាម​ប្រឈម​នឹង​ការភ្ជាប់​ទៅ​នឹង​សិទ្ធិមនុស្ស

រូបឯកសារ៖ បុរសម្នាក់កំពុងធ្វើការក្នុងចំការក្នុងខេត្ត Ha Nam នៅក្រៅក្រុងហាណូយ។ ដំណើរទស្សកិច្ចរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវគេរំពឹងថានឹងនិយាយអំពីសេដ្ឋកិច្ចដែលកំពុងលូតលាស់ និងបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មានការទម្លុះរបាំងសេដ្ឋកិច្ចសំខាន់មួយចំនួនសម្រាប់ប្រទេសជាអតីតសត្រូវនឹងគ្នាទាំងពីរ ចាប់តាំងពីចំណងការទូតរវាងរដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុង Washington បានចាប់ផ្តើមកាលពីឆ្នាំ១៩៩៥មក។ ឥឡូវនេះ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកលើសពីកម្រិតនាំចេញរបស់បណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត ខណៈដែលការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាមបានកើនឡើងយ៉ាងគំហុក។

ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១២ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលសមាជិកភាពនេះផ្តល់អាទិភាពដល់ប្រទេសវៀតណាមជាងប្រទេសណាៗទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ដែលមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។

លោក Tuong Lai អតីតទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកគឺជាគន្លឹះក្នុងការជួយដល់ប្រទេសវៀតណាមឲ្យចាប់ផ្តើមទំព័រថ្មីមួយ និងឃ្លាតចេញពីរង្វង់ប្រទេសចិន»។

ក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះ ក៏ប្រឈមនឹងឧបសគ្គផ្លូវច្បាប់នៅក្នុងរដ្ឋធានី Washington ផងដែរ ដែលអ្នកជំទាស់មួយចំនួននឹងលើកឡើងពីការជំទាស់របស់ខ្លួនក្នុងចំណោមក្តីបារម្ភជាច្រើនទៀត ទៅនឹងអ្វីដែលពួកគេហៅថា ជារបបផ្តាច់ការដែលត្រូវបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ចម្រូងចម្រាសមួយនេះ។ ភាគីវៀតណាមចង់ឲ្យទំនាក់ទំនងពាណិជ្ជកម្មនេះពង្រីកបន្ថែមទៀត និងដាក់បញ្ចូលវិស័យមួយដែលមកទល់នឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គេពិបាកនឹងស្រមើលស្រមៃដល់នោះ គឺជាអាវុធយុទ្ធភ័ណ្ឌ។

លោក Cu Chi Loi នាយកវិទ្យាស្ថានវៀតណាមសម្រាប់ការសិក្សាអាមេរិកបានថ្លែងប្រាប់ VOA ថា «ការដកទណ្ឌកម្មគ្រឿងសព្វាវុធចេញពីវៀតណាមក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយ ខណៈដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយ៉ាងទូលំទូលាយ។ ការរក្សាទណ្ឌកម្មនេះនឹងបង្ហាញពីទំនាក់ទំនងទ្វេភាគីដែលមានកម្រិត»។

សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលក់អាវុធមួយចំនួនដែលមានរយៈពេល៣ទសវត្សរ៍ពីប្រទេសកុម្មុយនិស្តមួយនេះកាលពីខែតុលាឆ្នាំ២០១៤ ដែលត្រូវបានគេហៅថាជា «អនាគតនៃការផ្ទេរគ្រឿងសព្វាវុធសម្រាប់សន្តិសុខផ្លូវទឹក»។ កាលពីឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានផ្តល់ទឹកប្រាក់ចំនួន១៨លានដុល្លារដល់ក្រុមហ៊ុនជាប់កិច្ចសន្យារបស់អាមេរិកមួយ ឲ្យផលិតនាវាយាមល្បាតធ្វើពីអាលុយមីញ៉ូមដែលមានប្រវែង២២ម៉ែត្រចំនួនពីរគ្រឿង សម្រាប់យាមល្បាតនៅតាមឆ្នេរសមុទ្ររបស់វៀតណាម។

កាលពីដើមខែនេះ លោកឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Pham Quang Vinh បានថ្លែងប្រាប់អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសង្គ្រាមវៀតណាមនៅក្នុងរដ្ឋTexas ថា ទណ្ឌកម្មគ្រឿងសព្វាវុធគឺជាឧបសគ្គមួយកាលពីអតីតកាល ដែលគួរតែត្រូវបានដកចេញ ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងដែលត្រឡប់ទៅរកភាពប្រក្រតីវិញទាំងស្រុង និងកម្រិតភាពជាដៃគូទូលំទូលាយនាពេលបច្ចុប្បន្ននេះរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Ash Carter បានថ្លែងប្រាប់គណៈកម្មាធិការគ្រប់គ្រងអាវុធរបស់ព្រឹទ្ធសភាថា លោកគាំទ្រចំពោះការដកទណ្ឌកម្មទាំងស្រុងនេះចេញ។

លោក Loi បានថ្លែងប្រាប់ VOA ថា ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកមានជំហរដូចគ្នាចំពោះបញ្ហាយុទ្ធសាស្រ្តថ្នាក់តំបន់និងបញ្ហាសន្តិសុខមួយចំនួន ជាពិសេសការប្រយ័ត្នប្រយែងទៅវិញទៅមកចំពោះគោលបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង និងដែលបានធ្វើឲ្យរដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុង Washington អាចយកឈ្នះលើឧបសគ្គនិងភាពខុសគ្នាជាច្រើនបាន។

ការសង្កេតមើលយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរទស្សនកិច្ចរបស់លោក Obama នឹងក្លាយជាសញ្ញាបង្ហាញថា តើប្រទេសទាំងពីរនេះមានឆន្ទៈនឹងរឹតចំណងយុទ្ធសាស្រ្តកាន់តែជិតស្និទ្ធដល់កម្រិតណា។

កំហឹងរបស់សាធារណជនវៀតណាមកំពុងតែកើនឡើងជុំវិញការរានរបស់ចិនយកតំបន់ថ្មប៉ះប្រះទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាលក្រុងហាណូយគឺដើម្បីចៀសវាងមិនមានសម្ព័ន្ធមិត្ត ដើម្បីកុំឲ្យមានទីបញ្ជាការដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឬពឹងផ្អែកលើប្រទេសដទៃដើម្បីការពារខ្លួន។

ថ្វីដ្បិតតែមានជំហរយ៉ាងដូច្នេះក៏ពិតមែន ក៏នៅតែមានមន្ទិលសង្ស័យថា ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មគ្រឿងសព្វាវុធនេះចេញទាំងស្រុង មន្ទីរបញ្ចកោណនឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ដែនអាកាសឬកំពង់ផែរបស់វៀតណាម ដូចជានៅឆកសមុទ្រ Cam Ranh ជាដើម។

បញ្ហាដ៏ពិបាកនឹងដោះស្រាយមួយទៀតនៅក្នុងទំនាក់ទំនងកាន់តែទូលំទូលាយជាងមុននេះគឺថា សហរដ្ឋអាមេរិករិះគន់វៀតណាមចំពោះសេរីភាពជនស៊ីវិល ដែលនៅតែគួរឲ្យព្រួយបារម្ភ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch។

កាសែត The Washington Post បានចុះផ្សាយវិចារណកថាកាលពីថ្ងៃទី១៣ខែឧសភាថា «ការដកទណ្ឌកម្មគ្រឿងសព្វាវុធទំនងជាមានហេតុផលសមរម្យ ប៉ុន្តែលោក Obama គួរតែទទូចឲ្យមានការលើកកម្ពស់សិទ្ធិមនុស្ស មុនពេលដកទណ្ឌកម្មនេះចេញ»។

ការកើនឡើងចំនួនអ្នកសរសេរ blog និងសកម្មជនជនជាតិវៀតណាមជាច្រើននាក់ក៏សម្តែងចេញនូវការចង់បានលទ្ធិប្រជាធិបតេយ្យ សេរីភាពនិងតម្លាភាពខ្លាំងជាងមុនផងដែរ ប៉ុន្តែពួកគេទាំងនោះប្រឈមនឹងការដាក់ទោសពីអាជ្ញាធរ ដែលមានចាប់ពីការបំភិតបំភ័យរហូតដល់ការចាប់ដាក់ពន្ធនាគារ។

លោក Loi បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិកនិងស្ថាប័នអន្តរជាតិត្រូវតែទទួលស្គាល់ថា សិទ្ធិមនុស្សក្នុងប្រទេសវៀតណាមក្នុងពេលថ្មីៗនេះប្រសើរឡើងជាងមុនយ៉ាងខ្លាំង។ នេះជាចំណុចដែលគួរតែយកទៅពិចារណាឲ្យបានច្បាស់លាស់។ ប្រាកដណាស់ ប្រទេសកំពុងអភិវឌ្ឍន៍មួយនៅតែប្រឈមនឹងការលំបាកនិងឧបសគ្គក្នុងការដោះស្រាយបញ្ហានេះ»។

ប្រជាជនវៀតណាមមួយចំនួន ដូចជាលោកសាស្ត្រាចារ្យ Lai ស្នើឲ្យរដ្ឋាភិបាលក្រុង Washington ទុកបញ្ហានេះនៅមួយឡែកសិន។

លោកបានថ្លែងប្រាប់ VOA ថា «កាលណាសេដ្ឋកិច្ចត្រូវបានពង្រឹង នោះវាគឺជាពេលវេលាសមស្របសម្រាប់ពិភាក្សាអំពីការផ្លាស់ប្ដូរសង្គមនិងសិទ្ធិមនុស្ស»។

ទោះបីជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសវៀតណាមហាក់ដូចជាបង្កើនបញ្ហាបរិស្ថាន ដែលធ្វើឲ្យប្រជាជនវៀតណាមជាច្រើនដែលមិនធ្លាប់មានពីមុនមកតវ៉ាប្រឆាំងយ៉ាងខ្លាំងនៅក្នុងខែនេះ។

បញ្ហាដែលបណ្តាលឲ្យមានការប្រឆាំងតវ៉ា ដែលត្រូវបានបំបែកដោយក្រុមប៉ូលិសនោះ គឺជាការងាប់ត្រី១០០តោនក្បាលនៅឆ្នេរសមុទ្រប៉ែកកណ្តាលនៃប្រទេសវៀតណាម។ ហ្វូងបាតុករបានបន្ទោសការងាប់សត្វត្រីក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ថាបណ្តាលមកពីការបញ្ចេញសារធាតុគីមីពុលពីរោងចក្រផលិតដែករបស់តៃវ៉ាន់ដែលទើបតែបង្កើតថ្មី។

ការិយាល័យឧត្តមស្នងការរបស់អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៣ ខែឧសភាថា៖

«យើងមានការព្រួយបារម្ភអំពីការកើនឡើងកម្រិតនៃអំពើហិង្សាទៅលើអ្នកតវ៉ាជនជាតិវៀតណាម ដែលបញ្ចេញកំហឹងរបស់ពួកគេទៅលើការងាប់សត្វត្រីក្នុងចំនួនច្រើនដ៏អាថ៌កំបាំងនៅក្នុងឆ្នេរសមុទ្រប៉ែកកណ្តាលនៃប្រទេសវៀតណាម។ យើងស្នើឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ដែលស្របទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ»។

បាតុកម្មនេះបានរីករាលដាលទូទាំងរដ្ឋធានី ហាណូយ ទីក្រុងហូជីមិញ ហើយបន្ទាប់មកបានធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ។ ហេតុដូច្នេះហើយ ក្រុមអាជ្ញាធរអាចនឹងប្រឈមជាមួយនឹងហ្វូងបាតុករដ៏ធំមួយនៅថ្ងៃអាទិត្យនេះ មុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Obama មួយថ្ងៃ៕

ប្រភពៈ VOA