សង្គមនិយម​វ៉េណេស៊ុយអេឡា ពី​ជីវភាព​រុងរឿង មក​វគ្គ​ប្រើ​កម្លាំ​ងយោធា

នៅពេលដែលវិបត្តិនយោបាយកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ហើយគណបក្សប្រឆាំងកំពុងស្វះស្វែងរកការសម្របសម្រួលពីសហគមន៍អន្តរជាតិ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡាប្រកាសបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីទុកជាការព្រមានដល់អ្វីដែលលោកហៅថាជាអន្តរាគមន៍ពីក្រៅប្រទេស មកក្នុងកិច្ចការរបស់វេណេស៊ុយអេឡា។ ហេតុអ្វីបានជាវ៉េណេស៊ុយអេឡា ដែលធ្លាប់ជាប្រទេសមានបាន បែរជាត្រូវលង់ខ្លួនក្នុងវិបត្តិធ្ងន់ធ្ងរឡើងៗយ៉ាងនេះ ?

ក្រោយពីបានបោះឆ្នោតច្រានចោលក្រិត្យរបស់ប្រធានាធិបតីចង់ដាក់ប្រទេសក្នុងភាពអាសន្នសេដ្ឋកិច្ច និងនាំដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃពុធ ដោយបានទទួលការបង្ក្រាបយ៉ាងខ្លាំងពីអាជ្ញាធរ បក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅសភា និងប្រធានសភាជាតិ បានបង្កើនសម្ពាធលើរដ្ឋាភិបាល ដោយងាកទៅពឹងពាក់សហគមន៍អន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងជាមួយប្រធានាធិបតីនៃបណ្តាប្រទេសធំៗ និងជិតខាងវ៉េណេស៊ុយអេឡា ដូចជាអេស្ប៉ាញ កូឡុំប៊ី និងប៉ាណាម៉ាជាដើម។

សង្គមនិយម​វ៉េណេស៊ុយអេឡា ពី​ជីវភាព​រុងរឿង មក​វគ្គ​ប្រើ​កម្លាំ​ងយោធាបក្សប្រឆាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស

ចំណែកអង្គការការពារសិទ្ធិមនុស្ស Human Right Watch និងអតីតប្រធានាធិបតីកូឡុំប៊ីបួនរូប ក៏បានអំពាវនាវឱ្យអង្គការរដ្ឋនៅអាមេរិក នាំគ្នាបញ្ចេញសំឡេងខ្លាំងដាក់វ៉េណេស៊ុយអេឡា។ ហើយនៅទីបំផុត ក្រោមសំណើរបស់អង្គការសហភាពជាតិអាមេរិកខាងត្បូង អតីតប្រធានាធិបតីអេស្ប៉ាញ ហ្សាប៉ាតេរ៉ូ បានក្លាយជាដឹកនាំគណៈប្រតិភូជាតំណាងប្រមុខដឹកនាំប្រទេសបរទេស ចូលធ្វើអន្តរាគមន៍ ដើម្បីសម្របសម្រួលឱ្យភាគីបក្សដិបក្សទាំងពីរ (គឺប្រធានាធិបតី ជាតំណាងអំណាចប្រតិបត្តិ និងសភាដឹកនាំដោយបក្សប្រឆាំង ជាតំណាងអំណាចនីតិបត្តិ) ចូលចរចា។
បើតាមអតីតប្រធានាធិបតីអេស្ប៉ាញ វ៉េណេស៊ុយអេឡា គ្មានជម្រើសផ្សេងក្រៅពីត្រូវចូលតុ ពិភាក្សាគ្នាអំពីបញ្ហាសង្គម សេដ្ឋកិច្ច …  ដំណើរការចរចានេះអាចវែងឆ្ងាយ និងស្មុគស្មាញ ភាគីទាំងពីរមានចេតនាផ្តោះប្តូរយោបល់គ្នា។ ប៉ុន្តែបក្សប្រឆាំងដាក់លក្ខខណ្ឌថាដើម្បីអាចជជែកជាមួយរដ្ឋាភិបាលកើតដល់ត្រូវនិយាយអំពីការរៀបចំប្រជាមតិទម្លាក់លោកម៉ាឌុយរ៉ូ ជាអាទិភាព។ ឯលោកប្រធានាធិបតីវិញ ឆ្លើយតបថាព្រមទាល់តែការចរចាឆ្ពោះទៅរកការបិទបញ្ចប់ទម្រង់ជារដ្ឋប្រហារ។

សមយុទ្ធយោធា ?!

ប៉ុន្តែទន្ទឹមនឹងចរន្តចរចាចាប់ផ្តើម ប្រធានាធិបតីវ៉េណេស៊ុយអេឡាបានប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលមានទាហាននិងយុទ្ធជន ជាងកន្លះលាននាក់ចូលរួម ដើម្បីប្រឈមនឹងការគំរាមកំហែងមកពីក្រៅ មិនមែនធ្វើដើម្បីបំភ័យនរណាម្នាក់នៅក្នុងប្រទេសទេ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ប៉ុន្តែពាក្យនេះ គ្រាន់តែដើម្បីដោះសារតែប៉ុណ្ណោះ តើមានការគំរាមកំហែងមកពីក្រៅឯណា ក្រៅអំពីអន្តរគមន៍អន្តរជាតិ ដែលចង់សម្របសម្រួលឱ្យភាគីរដ្ឋាភិបាលនិងសភាភ្ជាប់សំដីគ្នា ក្រែងបានបន្ធូរបន្ថយសម្ពាធបានខ្លះ។

ពេលនេះវ៉េណេស៊ុយអេឡា កំពុងស្ថិតក្នុងស្ថានការណ៍អាសន្ន ព្រោះក្រិត្យដាក់ប្រទេសក្នុងស្ថានភាពពិសេស និងបន្ទាន់សេដ្ឋកិច្ច ដែលសភាបានបោះឆ្នោតច្រានចោល តែត្រូវបានតុលាការធម្មនុញ្ញឱ្យឈ្នះ នៅល្ងាចមិញ ដូច្នេះទើបរដ្ឋាភិបាលអាចការវិលមកប្រើកម្លាំងទ័ពជាការណ៍ធម្មតា។ ប៉ុន្តែសម្រាប់ក្រុមអ្នកវិភាគ យកលេសធ្វើសមយុទ្ធ ក្រោមហេតុផលមានការគំរាមកំហែងពីក្រៅ គឺគ្រាន់តែទម្រង់បង្ហាញសាច់ដុំ ដាក់បក្សប្រឆាំងតែប៉ុណ្ណោះ ដែលប្រមូលបានហត្ថលេខី ១លាន៨សែន សុំធ្វើប្រជាមតិទម្លាក់ប្រធានាធិបតី។

សេដ្ឋកិច្ចបែបសង្គមនិយមនិងរំពឹងតែលើប្រេងកាត នាំមហន្តរាយដល់ប្រទេស

វ៉េណេស៊ុយអេឡា ជាប្រទេសធ្លាប់មានបាន និងកំរិតជីវភាពប្រជាជន នៅក្នុងទសវត្សរ៍ទី ៦០ ប្រដំប្រសងនឹងប្រទេសលោកខាងលិចផ្សេងៗទៀត ព្រោះជាប្រទេសសម្បូរប្រេងកាត។ ប៉ុន្តែពេលនេះវ៉េណេស៊ុយអេឡាធ្លាក់ខ្លួនជាប្រទេសក្រីក្រ ដ៏ខ្លាំងបំផុតមួយនៅតំបន់អាមេរិកឡាទីន និងនៅលើពិភពលោក ដោយមានពលរដ្ឋ ៧៣%រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

ផលិតផលក្នុងស្រុកដាំក្បាលចុះជាប់ជាប្រចាំតាំងពីជាងពីឆ្នាំមកហើយ។ ឱនភាពជាតិ មានកំរិតដល់ទៅ ២៧៥%នៅឆ្នាំ២០១៥ និងធ្លាក់ដល់៧០០%នៅឆ្នាំ២០១៦  ពោលគឺជាជើងឯកប្រចាំភពផែនដី។ ការធ្លាក់ចុះនេះ បណ្តាលមកពីមូលហេតុពីរសំខាន់ៗ ទីមួយគឺនយោបាយរំពឹងលើធនធានប្រេង និងទីពីរមកនយោបាយបែបសង្គមនិយមរបស់វ៉េណេស៊ុយអេឡា។

វ៉េណេស៊ុយអេឡា គឺជាតំណាងប្រទេសសង្គមនិយមដ៏ធំបំផុតប្រចាំសតវត្សរ៍ទី ២១នេះ។ សេដ្ឋកិច្ចសង្គមនិយម ប្រមូលដាក់ជាសមូហភាព -រដ្ឋគ្រប់គ្រងរាល់គ្រប់ក្រុមហ៊ុនសហគ្រាស តូចធំ ទីផ្សារហិរញ្ញវត្ថុ ទីផ្សារទំនិញ មន្ទីរពេទ្យ … សូម្បីតែអំណាចតុលាការក៏ត្រូវស្ថិតក្រោមបង្គាប់នយោបាយដែរ។ រដ្ឋាភិបាលត្រួតពិនិត្យគ្រប់យ៉ាងទាំងអស់ គ្មានអ្វីជារបស់ឯកជនទេ និង គ្មានទេពាក្យថាសេរី សេរីភាព។ រដ្ឋជាអ្នកចែកចាយទឹក ភ្លើង ចំណីអាហារ សម្ភារៈប្រើប្រាស់ ផលិតផលកសិកម្ម យ៉ាងខ្ជះខ្ជាយ។

នយោបាយសង្គមនិយមនេះត្រូវបានស្តារនិងអនុវត្តន៍ តាំងពីឆ្នាំ១៩៩៩មក ដោយប្រធានាធិបតី អ៊ុយហ្កោ ស្ហាវែស។ របបនយោបាយបែបនេះ បានធ្វើឱ្យមានអំពើពុករលួយស៊ីរ៉ូងផ្ទៃក្នុង នៅពេលធនធានប្រេងកាតដែលជាដង្ហើមសេដ្ឋកិច្ចរបស់ប្រទេស ឡើងថ្លៃ លុយធ្លាក់ចូលក្នុងហោបៅថ្នាក់ដឹកនាំ (កូនស្រីស្ហាវែស គឺកំពូលអ្នកមានបំផុតមួយនៅលើពិភពលោក)។ លុយចំណេញបានមកពីការលក់ប្រេង មិនអាចទាំងសងបំណុលជាតិគ្រប់ផង។

នៅពេលប្រធានាធិបតី ស្ហាវែស ស្លាប់ទៅនៅឆ្នាំ ២០១៣ លោកនីកូឡា ម៉ាឌុយរ៉ូ បានឡើងបន្តតំណែង និងបន្តនយោបាយសេដ្ឋកិច្ចបែបសង្គមនិយម គ្មានចាត់វិធានការអ្វីទាំងអស់ លុះតម្លៃប្រេងធ្លាក់ថ្លៃ សេដ្ឋកិច្ចត្រដរខ្យល់ភ្លាម។

ពេលនេះ ក្រៅអំពីវិបត្តិនយោបាយជម្លោះរវាងរដ្ឋាភិបាលនិងសភាដ៏តានតឹង ប្រជាពលរដ្ឋវិញកំពុងត្រដាបត្រដួស ខ្វះទឹកខ្វះភ្លើងប្រើប្រាស់ មានលុយហើយមិនអាចទិញសម្ភារៈម្ហូបអាហារចាំបាច់សម្រាប់រស់បានផង ព្រោះគ្មានរបស់លក់ និងដោយសារការប្រើប្រព័ន្ធផ្តិតក្រយៅដៃ ពលរដ្ឋវ៉េណេស៊ុយអេឡាអាចវិញចំណីអាហារបានស្តុកទុកបានត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ។ តាំងពីថ្ងៃខែមេសាមក ភាពអត់ឃ្លាន បានរុញច្រានឱ្យមានការលួច ប្លន់ បំផ្លិចបំផ្លាញគ្រប់បែបយ៉ាង តាមហាងទំនិញ តាមរថយន្តដឹកជំទិញ ស្ទើរពេញផ្ទៃប្រទេស៕

ប្រភពៈ RFI