រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

រ៉េ​ត​ឈ្ងោក​មើល​ខោ​ដែល​អរុណ​កំពុង​ដេរ ឃើញ​ថ្នេរ​មិន​ត្រង់​ជ្រួញ​វៀច​ខោ​ឡើង​ជ្រួញ រ៉េ​ត​បើកភ្នែក​ធំ​ៗ ស្រវា​ទាញ​ខោ​មក​វិញ
រ៉េ​ត​៖ អ៊ូ​ៗ! អត់​ទេ​ៗ! ខ្ញុំ​មិន​ឲ្យ​បង​រុណ​ដេរ​ឲ្យ​ទេ​! ស្មានថា​ចេះ​គ្រាន់បើ​ជាង​ខ្ញុំ​! ដេរ​ថ្នេរ​ខោ​មិន​ត្រង់​ជួ​ផង ស្លៀក​យ៉ាងម៉េច​កើត​ទៅ​ខ្មាស់​គេ​ស្លាប់​ហើយ​! គេ​ដេរខោ​របៀប​ហ្នឹង​នោះ​!

អរុណ​អស់សំណើច
អរុណ​៖ អឺ​! ចុះបើ​បង​ទើបតែ​រៀន​ដេរ​ដែរ ធ្វើ​ម៉េច​ហ្នឹង​ដេរ​ស្អាត​! ឯង​មិន​ឲ្យ​ដេរ​នោះ​ល្អ​ហើយ បង​កំពុង​តែ​ខ្ជិល​ស្រាប់​! មនុស្ស​យើង​បើ​ធ្វើ​ចេះ​ពេក​ឆាប់​ហត់​ទៅ​វិញ​ទេ ធ្វើ​ល្ងង់​អ​ញ្ចឹ​ង​ហើយ ទើប​ស្រណុកខ្លួន​!
រ៉េ​ត​៖ នៅ​ខំ​និយាយ​អួត​ទៀត​! ខំ​ធ្វើ​ល្ងង់​ស្អី​ទៅ​! គឺ​បង​ល្ងង់​មែនទែន​ហ្នឹង​ណាស់​! បើ​ទុក​ខ្ញុំ​ដេរ​ឲ្យ​ប្រហែលជា​ដេរ​ស្អាត​ជាង​ហ្នឹង​ផង​!

មីង​រឿង​កាន់​កែវ​ទឹកដូង​ពីរ​កែវ មក​ដាក់​ឲ្យ​អរុណ និង​រ៉េ​ត ញញឹម​បណ្តើរ
រឿង​៖ នែ​ស​! កុំ​អាល់​ជជែក​គ្នា ផឹកទឹក​ដូង​សិន​ទៅ​កូន​! ដូង​យើង​ដាំ​នៅ​ក្រោយ​ផ្ទះ ផ្លែ​ធំ​ៗ​ណាស់​! ម៉ែ​កាប់​តែ​មួយ​សោះ​បាន​ទឹក​ពីរ​បី​កែវ​ឯណោះ ហើយ​ផ្អែម​ល្អ​ទៀត​!

អរុណ​បើកភ្នែក​ធំ​ៗ​ទទួល​កែវ​ទឹកដូង
អរុណ​៖ ហ៎ា​! ចុះ​អ្នក​ណា​ឡើង​បះ​ឲ្យ​ម៉ែ ? ថ្ងៃមុន​ម៉ែ​ប្រាប់​ឲ្យ​ខ្ញុំ​ឡើង​បះ ហើយ​ខ្ញុំ​ភ្លេច​បាត់​ទៅ !

រឿង​អង្គុយ​ចុះ​ក្បែរ​អរុណ
រឿង​៖ ពូ​ផាត គាត់​មក​សុំ​ទិញ​ដូង​យើង​យក​ទៅ​លក់​ហ្នឹង​ណា​កូន ! គាត់​ឡើង​កាប់​ខ្លួនឯង ម៉ែ​ក៏​ទុក​ខ្លះ​ផឹក​ទៅ ។ លក់​ដូង​បាន​បី​បួន​ធ្លាយ​ដែរ​កូន គ្រាន់​ហ្នឹង​រួច​ថ្លៃ​ម្ហូប​បាន​មួយ​អាទិត្យ​ដែរ !

រ៉េ​ត​ផឹកទឹក​ដូង​បណ្តើរ លិ​តមាត់​បណ្តើរ
រ៉េ​ត​៖ ដូង​យើង​ផ្អែម​មែន​ហ្នឹង​ម៉ែ​! ថ្ងៃក្រោយ​អា​ដើម​មួយ​ហ្នឹង កុំ​លក់​អី​ម៉ែ​! ទុក​ផឹក​ខ្លួនឯង​វិញ​ល្អ​ជាង ! ដូង​គេ​មិនមែន​បាន​ផ្អែម​ដូច​ដូង​យើង​ទេ !
រឿង​៖ អឺ​! តែ​ទម្រាំ​តែឯង​នឹកឃើញ​ប្រាប់​នោះ ម៉ែ​លក់​អស់​បាត់​ទៅ​ហើយ​អា​រ៉េ​ត​អើយ​! ចាំ​វា​ផ្លែ​សា​ក្រោយ​ទៅ !

រឿង​ឈ្ងោក​មើល​អរុណ​ដេរអាវ​ដេរខោ ឃើញ​មិន​ចេះ​ដេរ រឿង​ញញឹម​គ្រវីក្បាល
រឿង​៖ បើ​ដេរ​មិន​ត្រង់​ជ្រុង​ផង ខំ​ដេរ​ធ្វើ​អី​កូន​! ល្មម​រកប្រពន្ធ​មក​ទុក​ឲ្យ​ជួយ​ដេរ​ប៉ះខោ​អាវ​ឲ្យ​ហើយ ! ម៉ែ​ក៏​ចង់បាន​កូនប្រសារ​ស្រី​មក​ជួយ​ជំនួស​ដៃជើង​ដែរ មានកូន​សុទ្ធតែ​ប្រុស គ្មាន​អ្នក​ណា​ចេះ​ធ្វើ​ការងារ​ផ្ទះ​ជំនួស​ម៉ែ​ទេ ! ម៉ែ​សម្លឹង​ឃើញ​ក្មួយ​កែវ រូបរាង​ក៏​ស្អាត​សមរម្យ ហើយ​នាង​ក៏​ស្រឡាញ់​កូន​ខ្លាំង​ណាស់​ម៉ែ​មើល​ដឹង​! ជា​កូនកំព្រា​គ្មាន​ម៉ែ​គ្មាន​ឪ​អ​ញ្ចឹ​ង​ស្រួល​ម្យ៉ាងដែរ ហើយ​លោក​មេ​ភូមិ​ក៏​គាត់​អាណិត​អប់រំ​ក្មួយ​បាន​ល្អ មិន​ចាញ់កូន​គេ​មាន​ម៉ែ​មាន​ឪ​ទេ !

អរុណ​ទម្លាក់​ខោ​កំពុង​ដេរ​ចុះ មើល​មុខ​រឿង​ភាំង​បន្តិច​រួច​ដកដង្ហើម​ធំ
អរុណ​៖ ម៉ែ​! បេះដូង​មិនមែន​ជា​រឿង​អាច​ប្តូរផ្លាស់​ដូច​ជា​សម្លៀក​បំពាក់​ទេ​! ម៉ែ​ស្គាល់​កូន​ម៉ែ​ច្បាស់​ជាង​អ្នក​ណា​ទាំងអស់​! ក្តី​ស្រលាញ់​ស្ថិត​នៅ​លើ​និស្ស័យ ! ខ្ញុំ​មិន​បាន​សម្លឹង​មើល​ភួង​ម្លិះ​ទៅ​លើ​ទ្រព្យសម្បត្តិ​ដែល​នាង​មាន​ទេ ខ្ញុំ​សម្លឹង​មើល​ដល់​បេះដូង ព្រោះ​ខ្ញុំ​ពេញចិត្ត​អូន​ម្លិះ​លើ​គ្រប់យ៉ាង​ដែល​នាង​មាន ហើយ​ទាំង​អស់នោះ​មិនបាច់​ពឹងពាក់​ទៅ​លើ​ទ្រព្យសម្បត្តិ​ឡើយ ! ខ្ញុំ​គ្មាន​ថ្ងៃ​ដែល​នឹង​កែប្រែ​ចិត្ត និង​ក្តី​រំពឹង​ទុក​នេះ​ទេ ! ទោះជា​គ្មាន​សង្ឃឹម ឬ​មាន​សង្ឃឹម​ក៏​ខ្ញុំ​នៅ​តែ​ប្រឹង​ដើរ​ឲ្យ​ដល់ទី​បំផុត​ដែរ ! ហើយ​ម៉ែ​ក៏​មិនបាច់ ជ្រើសរើស ឬ​ក៏​សម្លឹង​មើល​ស្រី​ផ្សេង​ទៀត​នោះ​ទេ ខ្ញុំ​នឹង​នៅ​រង់ចាំ​ភួង​ម្លិះ រហូត​ដល់​ធ្មេញ​បាក់​សក់ស្កូវ !

រឿង​បើកភ្នែក​ធំ​ៗ​មើល​មុខ​ហួសចិត្ត
រឿង​៖ ថា​ម៉េច​ហ្នឹង​កូន ? ត្រូវការ​ពេលវេលា​ចាំ​គ្នា​យូរ​យ៉ាងនេះ​ហ្អី​! កូន​គិត​ឲ្យ​ម៉ែ​គ្មាន​ចៅ​ព​នឹង​គេ ឬ​យ៉ាងម៉េច ? មនុស្ស​ស្រី​ដែល​ល្អ មិនមែន​មាន​តែ​ម្នាក់​ហ្នឹង​ទេ ! កូន​ឯង​កុំ​ធ្វើ​ដូច​ជា​គ្មាន​ភួង​ម្លិះ​ហើយ ក្នុង​លោក​នេះ​រលំរលាយ​អស់នោះ ! ម៉ែ​ដឹង​ថា​ម្លិះ​ជា​ស្រី​ល្អ គ្រប់លក្ខណៈ  ក៏​ប៉ុន្តែ​ការ​ស្រមៃ​របស់​កូន​វា​មិន​អាច​ក្លាយជា​ការ​ពិត​បាន​ឡើយ !

(​នៅ​មាន​ត​)