សុខ សោ​ម៉ា​វ​ត្តី កាក់កប​នឹង​តួអង្គ​បែប​ឡឺ​កឺ បាន​តំណែង​ជា​ថ្មី​ក្នុង​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​»

រាជធានី​ភ្នំពេញ ៖ ទទួល​បាន​ការងារ​សម្តែង​ស្ទើរតែ​រើខ្លួន​លែង​រួច ខ្លាំង​ជាង​កាលពី​នៅ​វ័យ​ក្រមុំ​ទៀត​នោះ អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី រីករាយ​ចំពោះ​រឿង​នេះ ។ វ​ត្តី​ចាត់​ទុក​ផ្លែផ្កា​ក្នុង​សួន​សិល្បៈ​នេះ​ផ្តើម​ចេញពី​ចំណុច​សម្តែង​បែប​ចរិត​ក្រមុំ​ឡឺ​កឺ ធ្វើ​ឱ្យ​មានការ​ពេញ​និយម​ពី​ទស្សនិកជន ។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី បាន​ទទួល ស្គាល់​ភាព​ក្រមិចក្រមើម​ធ្វើ​ឱ្យ​មានការ​ពេញ​និយម​នេះ​គ្រា​ដែល​នាង​ចូលរួម​សម្ពោធ​ខ្សែភាពយន្ត​ថ្មី​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» របស់​ផលិតកម្ម​មហាហង្ស កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត TK ទួល​គោក​រាជធានី​ភ្នំពេញ ។ ពិធី​នោះ​មាន​តារា​សម្តែង និង​ទស្សនិកជន​ជា​ច្រើន​ចូលរួម ។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី ពិធី​ការិនី​ល្បីឈ្មោះ​របស់​ទូរទស្សន៍​បាយ័ន​និយាយ​ថា «​នាង​ខ្ញុំ​បាន​ចូលរួម​សម្តែង​ភាពយន្ត​ទាំង​ដុំ និង​ភាគ​ជា​ច្រើន​រឿង​មក​ហើយ​មិន​ចាំ​ប៉ុន្មាន​រឿង​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន គឺ​ដោយសារ​តែ​នាង​ខ្ញុំ​បាន​ជោគជ័យ​ក្នុង​រឿង «​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​» បែប​តួអង្គ​មាន​អត្ត​ចរិត​ឡឺ​កឺ ឡប់​ៗ កំប្លែង​ក្រមិចក្រមើម ទើប​នាង​ខ្ញុំ​ឆក់​បាន​ឱកាស​សម្តែង​បែប​តួអង្គ សប្បាយ​ៗ ចូល​ចិត្ត​ធ្វើ ឡប់​ៗ ឡឺ​កឺ ក្នុង​ភាពយន្ត​បន្តបន្ទាប់ ។ នេះ​ប្រហែលជា​អាច​មក​ពី​នាង​ខ្ញុំ​សម្តែង​ទៅ​គេ​ចូល​ចិត្ត​ដូច្នេះ​ហើយ​បានជា​រឿង មួយ​ៗ​នាង​ខ្ញុំ​មិនសូវ​ជា​រៀបចំ​អត្ត​ចរិត​សុភាព​ប៉ុន្មាន​ទេ » ។

តួអង្គ​សំខាន់​ក្នុង​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» សុខ សោ​ម៉ា​វ​ត្តី បន្ត​ទៀត​ថា ដោយឡែក​រឿង​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​ដែល​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នេះ គឺជា​ស្នាដៃ​ទី​២​ហើយ​ដែល​នាង​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក​ជា សុ​វ​ណ្ណា​រិ​ទ្ធិ​ដែល​ជា​ដៃគូ​ពិធីករ​នៅ​ទូរទស្សន៍​បាយ័ន​ជាមួយ​គ្នា ។ រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» មាន​ឈុត​ឆាក​បែប​កំប្លែង សើច​សប្បាយ​ច្រើន ។ បណ្តា​តួអង្គ​ក្នុង​រឿង​សុទ្ធតែ​បញ្ចេញ​កាយវិការ​កំប្លែង​ធ្វើ​ឲ្យ​ទស្សនិកជន​រីករាយ ។ នេះ​ជា​ការ​ខិតខំ​របស់​ក្រុមការងារ​ផលិតកម្ម​មហាហង្ស ជា​ផលិតកម្ម​មួយ​ខំ​លើក​ស្ទួយ​វិស័យ​កុន​ខ្មែរ​តាំងពី​ដើម​មក ។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី ឱ្យ​ដឹង​ថា មួយ​រយៈ​នេះ​គេ​ហៅ​នាង​ថត​ភាពយន្ត​ច្រើន តែ​នាង​ចង់​ផ្អាក​សម្តែង​ខ្លះ​ដែរ ព្រោះ​នាង​សម្តែង​ច្រើន​មក​ហើយ ។ មាន​ទស្សនិកជន​មួយ​ចំនួន​រិះគន់​ថា ដាក់​តួអង្គ ដដែល​ៗ​នាំ​ឲ្យ​ស៊ាំ​ភ្នែក ។ ទោះជា​យ៉ាងណា​ក្តី​ការ​រិះគន់​នោះ​មាន​ភាគរយ​តិច ហើយ​អ្នក​ចង់​ឲ្យ​នាង​សម្តែង​មាន​ច្រើន រាប់​ទាំង​ម្ចាស់​ផលិតកម្ម​នានា​ផង ។ ដូច្នេះ​ហើយ​ទើប​នាង​មិន​ចង់​ចោលការ​ងារ​ដែល​ស្រឡាញ់​បាន​ហើយ​ខិតខំ​បំពេញ​តាម​ការ​ចង់បាន​របស់​ផលិតកម្ម ម្យ៉ាង​ចង់​ទុក​ស្នាដៃ​ឲ្យ​បាន​ច្រើន​ពេល​ចាស់​ទៅ ទាន់​ខ្លួន​នៅ​ក្មេង នៅ​មាន​សម្រស់ ។

ដោយឡែក​តួអង្គ​ប្រុស​លោក​ជា សុវណ្ណ​រិ​ទ្ធិ ដែល​ខកខាន​សម្តែង​ភាពយន្ត​មួយ​រយៈ និង​បាន​វិល​មក​វិញ​តាម​រយៈ​ស្នាដៃ​ថ្មី​នៅ​ផលិតកម្ម​មហាហង្ស​ក្នុង​រឿង​«​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» មាន​ក្តី​រីករាយ​ដែល​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​សុខ សោ​ម៉ា​វ​ត្តី សា​ជា​ថ្មី ហើយ​នេះ​ជា​លើក​ទី​២​របស់​ពួក​គេ ។ រវាង​លោក​សុវណ្ណ​រិ​ទ្ធ និង​អ្នក​នាង​វ​តី្ត មាន​ចរិត​លេងសើច​បែប​កំប្លែង​ស្ទើរ​ប្រហែល​គ្នា ចូល​ចិត្ត​ធ្វើ​ឱ្យ​បរិយាកាស​សប្បាយ ធ្វើ​មុខមាត់​បែប​កំប្លែង  ។

លោក​ជា សុវណ្ណ​រិ​ទ្ធ ស្នើ​ទស្សនិកជន​គាំទ្រ​ភាពយន្ត​ខ្មែរ ព្រោះ​វា​ចេះ​តែ​ដើរទៅ​មុខជា​បន្តបន្ទាប់ ។ អ្វី​ដែល​ពិសេស​លោក​ជា សុវណ្ណ​រិ​ទ្ធ ចង់​ឲ្យ​មហាជន​គាំទ្រ​ផលិតកម្ម​មហាហង្ស​ដែល​ខិតខំ​ផលិតភាព​យន្ត​ខ្មែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រមទាំង​ជួយ​តារា​ខ្មែរ​ឲ្យ​មានការ​ងារ​ធ្វើ​មិន​តិច​នាក់​ទេ ។

រឿង​«​ព្រះ​អង្គ​មាស​ឡឺ​កឺ​» និទាន​ពី​នាង​កា​ទី ជា​សិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បន្ត​ចូល​មហាវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម​នៅ​ភ្នំពេញ​។ នាង​ជានា​រី​ស្រស់​ស្អាត មាន​ឧត្តមគតិ​ខ្ពស់ តែ​ជា​មនុស្ស​រ៉ូ​មែន​ទិ​ក​ជ្រុល ទើប​ធ្វើ​ឲ្យ​កា​ទី​គ្មាន​សង្សារ​ទាល់តែ​សោះ ។ កា​ទី​ចូល​ចិត្ត​រឿង​តុក្កតា  ចង់បាន​ជីវិត​ដូច​ព្រះ​នាង​ម្ចាស់ ជួប​បុរស​ល្អ​ដូច​ទេវបុត្រ​ជិះ​សេះស ។ កា​ទី​មាន​មិត្តភក្តិ​ពីរ​នាក់ គឺ​សាន់​នី និង​ម៉ា​និ​ច ។ ពួក​គេ​ទាំង​បី​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ជា​ផ្ទះ​ជួល​ដ៏​តូច​ចង្អៀត​សូ​ម្បី​តែ​បង្គន់​ក៏​រួម​គ្នា ។ ថ្លៃ​មួយ​ស្រាប់តែ​មានផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​បាន​ដាក់​ជួល​ឲ្យ​កា​ទី​ក្នុង​តម្លៃ​ថោក​បំផុត ដោយ​នឹក​ស្មាន​មិន​ដល់ ។ ពួក​នាង​ទាំង​បី​បាន​រើ​ទៅ​នៅ​ក្នុង​វីឡា​នោះ​ធ្វើ​ឲ្យ​កា​ទី​បាន​ជួបនឹង​វិ​បុត្រ​កំលោះ​សង្ហា​អភិជន មានផ្ទះ​នៅ​ជាប់​វីឡា​ដែល​នាង​ជួល ។ វិ​បុត្រ​ជា​បុរស​ដែល​ត្រូវ​តាម​ក្តី​ស្រមៃ​របស់​កា​ទី​គ្រប់យ៉ាង​ធ្វើ​ឲ្យ​កា​ទី​ចាប់ចិត្ត​តាំងពី​ថ្ងៃ​ដំបូង ។

សាន់​នី និង​ម៉ា​និ​ច​បាន​រៀបចំ​គម្រោងការ​ឲ្យ​កា​ទី និង​វិ​បុត្រ​បាន​ជួប​ទាក់ទង​គ្នា តែ​ត្រូវ​បរាជ័យ​ដោយសារ​តែ​ភាព​ស​ស្លាក់​សស្លើត​របស់​កា​ទី​បង្កើត​ជា​រឿង​អស់សំណើច តែ​ចុង​ក្រោយ​ទើប​ដឹង​ថា វិ​បុត្រ​មិនមែន​ជា​ប្រុស​ពេញ​លក្ខណៈ តែ​ជា​ខ្ទើយ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទៅ​វិញ ។

កា​ទី​ណាត់ជួប​បុរស​ជា​ច្រើន​ដើម្បី​ស្វែងរក​បុរស​ក្នុង​ក្តី​ស្រមៃ ប៉ុន្តែ​ការ​ណាត់ជួប​ក្លាយជា​រឿង​អស់សំណើច ព្រោះតែ​បុរស​ទាំងនោះ​ខ្លះ​ជា​មនុស្ស​សុភាព ឆ្លើយ​មួយ​ម៉ាត់​បាត់​មួយ​ម៉ោង ខ្លះ​ជា​បុរស​និយាយ​ច្រើន​ហួស ហើយ​ខ្លះ​ទៀត បែរជា​ចរិត​គគ្រេច​ស្មោកគ្រោក ។ ក្នុង​ថ្នាក់​កា​ទី​មាន​ប្រុស​ថ្មី​ម្នាក់​ឈ្មោះ​សមុទ្រ ។ សមុទ្រ​ជា​សិស្ស​ដែល​ទើបតែ​ផ្លាស់​មក​ពី​បរទេស​ចូល​ចិត្ត​ធ្វើខ្លួន​សាមញ្ញ ជា​បុរស​សង្ហា ឆ្លាត និង​ពូកែ​គ្រប់យ៉ាង ទាស់​តែ​ម្យ៉ាង​គឺ​មាត់ដាច ។ សមុទ្រ​និង​កា​ទី​ឈ្លោះប្រកែក​គ្នា​តាំងពី​ថ្ងៃ​ដំបូង បង្កើត​ជា​ភាព​កាច់​កុង​គ្នា​សើច​សប្បាយ​រហូត ហើយ​បង្កប់​នូវ​អនុស្សាវរីយ៍​ជ្រាលជ្រៅ ។ ការណ៍​ពិត​សមុទ្រ​ជា​កូន​អ្នកជំនួញ​ដ៏​ល្បី ហើយ​លួច​ស្រឡាញ់​កា​ទីតាំង​ពី​ថ្ងៃ​ដំបូង ។ គេ​តែងតែ​លួច​ជួយ​កា​ទី ដោយ​សម្ងាត់ សូ​ម្បី​តែ​ការ​ដាក់​ជួល​ផ្ទះ​វីឡា​ឲ្យ​កា​ទី​ក្នុង​តម្លៃ​ថោក​បំផុត​ក៏​ជា​គំនិត​សមុទ្រ តែ​កា​ទី​មិន​បានដឹង​រឿង​នេះ​ឡើយ ។ ទីបំផុត​ធ្វើ​ឲ្យ​សមុទ្រ​ដាច់​ចិត្ត​បង្ហាញ​មនោសញ្ចេតនា​របស់​គេ ។ កា​ទី​រំភើបចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដឹង​ថា សមុទ្រ​ជា​មនុស្ស​ប្រុស​មាន​គ្រប់​ទាំងអស់​ដូច​ក្តី​ស្រមៃ​ចង់បាន​របស់​នាង ហើយ​ហ៊ាន​សុំ​នាង​រៀប​ការ​ធ្វើ​ឱ្យ​នាង​ស្រក់​ទឹកភ្នែក​និង​ឆ្លើយ​ថា​យល់ព្រម ។

រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» និពន្ធ​ដោយ​កញ្ញា​ម៉ៅ ចាន់​រស្មី និង​ដឹកនាំ​រឿង​ដោយ​លោក​ទិ​ត ធា​រិ​ទ្ធិ ។ ចូលរួម​សម្តែង​ដោយ​លោក​ជា សុ​វ​ណ្ណា​រិ​ទិ្ធ​, សុខ សោ​ម៉ា​វ​ត្តី លោក​លឹ​ម រ​ដ្ឋា អ្នក​នាង​ស៊ុំ សុ​ម៉ា​លី លោក​អូន ឧស្សាហ៍ និង​កញ្ញា​ពេជ្រ ចិន្តា ជាដើម ៕