រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ច័​ន្ទ្រ​រត់​មក​ស្ទាក់ផ្លូវ​មីង​លក់​តា​ប៉ែ​មុខ​ភ័យ
ច័​ន្ទ្រ​៖ មីង​ៗ! មាន​ឃើញ​អ្នក​ណា​ជិះ​ម៉ូតូ​ចាស់​មួយ​តាម​ផ្លូវ​នេះ​ទេ​មីង ?

មីង​លក់​តា​ប៉ែ​គ្រវីក្បាល
មីង​លក់​តា​ប៉ែ​៖ អញ​មិន​បាន​ចាប់ភ្លឹក​ទេ​អា​ច័​ន្ទ្រ​អ៊ើ​យ​! អញ​គិតតែ​រឿង​អញ​លក់​តា​ប៉ែ​មិន​ដាច់​ឯណោះ​! មនុស្ស​ជិះ​កង់​ជិះ​ម៉ូតូ​តាម​ផ្លូវ​ឲ្យ​គ​គោក​អញ​ធ្វើ​ម៉េច​ដឹង​ម៉ូតូ​ណា​ចាស់​ម៉ូតូ​ណា​ថ្មី !

ច័​ន្ទ្រ​រត់​ទៅ​មុខ​ទៀត​យំ​បណ្តើរ
ច័​ន្ទ្រ​៖ អាចោរ​ចង្រៃ​! អាចោរ​ថ្លើមខ្មៅ​! ម៉េច​ក៏​វា​មិន​ទៅ​លួច​អ្នកមាន​ទៅ ! វា​មក​លួច​    ​អ្នកក្រ ! ម៉ូតូ​ឯង​ខ្ចី​គេ​សោះ​វា​ឆ្លៀត​មក​លួច​ឯង​ឲ្យ​ពិបាក​សង​គេ​អ​ញ្ចឹ​ង​កើត​! កុំ​ឲ្យ​អញ​ទាន់​ឱ្យ​សោះ​! តែ​អញ​តាម​ទាន់​អញចាប់​ញាត់​គុក​ឲ្យ​ជ្រុះ​សក់​ខ្ទេច​ម្តង​ចាំ​មើលចុះ !

ច័​ន្ទ្រ​រត់​ហួស​កន្លែងផ្ទះ​លក់​ចាប់ហួយ​បន្តិច​។ វ៉ា​ន់​ជិះ​កង់​មក​ឈប់​ង៉ក់​ពីមុខ​ច័​ន្ទ្រ ។ ច័​ន្ទ្រ​ស្ទុះ​គេច​ទៅ​ម្ខាង​បើកភ្នែក​ធំ​ៗ ជូត​ទឹកភ្នែក​បណ្តើរ ជូត​សំបោរ​បណ្តើរ​ស្រែក​ដាក់​វ៉ា​ន់​ទាំង​អណ្តើ​ត​អណ្តក់
ច័​ន្ទ្រ​៖ ណែ​! នាយ​វ៉ា​ន់​! ឆ្កួត​ទេ​ហ្អី​! ផ្លូវ​ប៉ុន​ផ្លូវ​ចេះ​ជិះ​មក​រក​បុក​មនុស្ស​ទៅ​កើត​! ផ្លូវ​នេះ វ៉ា​ន់​ឯង​ទិញ​ដាច់​ហ្អី ?

វ៉ា​ន់​ធ្វើ​មុខ​ហួសចិត្ត
វ៉ា​ន់​៖ អឺ​! កំពុង​តែ​យំ​ស្រែក​ហើយ​នៅ​ឆ្លៀត​ឆ្នាស់​ឆ្នើម​បាន​ទៀត​ហ្ន៎​! មិន​កែ​ចរិត​មែន !

ច័​ន្ទ្រ​សម្លក់​វ៉ា​ន់ ចាប់​រុញ​ដៃ​កង់​វ៉ា​ន់​វិះ​ដួល
ច័​ន្ទ្រ​៖ ខ្ញុំ​យំ​ខ្ញុំ​ស្រែក​ជា​រឿង​របស់ខ្ញុំ​! ចេះ​ដឹង​ស្អី​ដែរ​! យើង​ចង់​យំ​គឺ​យំ​ហើយ​គ្មាន​ទើសក្បាល​អ្នក​ណា​ទេ !
វ៉ា​ន់​៖ អូ​ហ៍​! បើ​ចូល​ចិត្ត​យំ យំ​ឲ្យ​អស់ចិត្ត​ទៅ​! សម្តី​ពូកែ​អ​ញ្ចឹ​ង​ទោះជា​ខ្ញុំ​ឃើញ​ចោរលួច​ម៉ូតូ​យក​ទៅ​តាម​ផ្លូវ​ណា​ក៏​ខ្ញុំ​មិន​ប្រាប់​ដែរ !

ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ​ស្ទុះ​មក​ចាប់ដៃ​កង់​វ៉ា​ន់​ជាប់ ទឹកមុខ​រីករាយ
ច័​ន្ទ្រ​៖ ថា​ម៉េច​ហ្នឹង ? វ៉ា​ន់​ឃើញ​ចោរលួច​ម៉ូតូ​ខ្ញុំ​មែន​ទេ ? ពិតមែន​ហ្អី ?  អត់​កុហក​ទេ​មែន​ទេ ? ណែ​ៗ! និយាយ​តាម​ត្រង់​មក​កុំ​និយាយ​លេង​! បានឃើញ​មែនឬ​អត់ ?

វ៉ា​ន់​ធ្វើ​ឫក​ក្រ​អើត​ដាក់​ច័​ន្ទ្រ
វ៉ា​ន់​៖ មនុស្ស​ស្អី​និយាយ​ស្តី​មិន​ចេះ​គួរ​ចេះ​សម​! បើ​ទោះជា​ខ្ញុំ​ឃើញ​ក៏​ខ្ញុំ​មិន​ប្រាប់​ដែរ​    ​ព្រោះ​វា​គ្មាន​ប្រយោជន៍​ស្អី​ដល់​ខ្ញុំ​ផង !

វ៉ា​ន់​ជិះ​កង់​ទៅ​មុខ​ទៀត ។ ច័​ន្ទ្រ​រត់​តាម​ក្រោយ ចាប់​ទាញ​កង់​វ៉ា​ន់​ជាប់​មិន​ឱ្យ​ជិះ​ទៅ​មុខ​រួច
ច័​ន្ទ្រ​៖ ឈប់​សិន​! យើង​និយាយ​គ្នា​សិន​! វ៉ា​ន់​ប្រាប់​មក​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​ទើប​    ​ប្រាប់​ខ្ញុំ​ពី​ចោរលួច​ម៉ូតូ​នោះ​! ម៉ូតូ​ខ្ញុំ​ខ្ចី​គេ​ផង​! ខ្ញុំ​អត់​មាន​ប្រាក់​សង​គេ​ទេ​! ប្រាប់​ខ្ញុំ​ផង ទៅ​ថា​ចោរ​នោះ​វា​ជិះ​ម៉ូតូ​ទៅ​តាម​ផ្លូវ​ណា !

វ៉ា​ន់​យកដៃ​ញី​ច្រមុះ​ធ្វើ​មុខ​ឌឺ​ដាក់​ច័​ន្ទ្រ
វ៉ា​ន់​៖ ចង់​ពឹងពាក់​គេ​ឲ្យ​ជួយ​ចេះ​ប្រើ​ពាក្យ​ល្អ​ពាក្យ​ផ្អែម​ពិ​រោះ​ដូច​ស្រី​គេ​ដទៃ​ទៀត​ដែរ​ទេ ? យល់​ដល់​យើង​ជា​អ្នក​ភូមិ​ស្រុក​ជាមួយ​គ្នា ! ខ្ញុំ​មិន​ចិត្តអាក្រក់​ដូច​មនុស្ស​ខ្លះ​នោះ​ទេ​! ព្យាបាទ​គេ​សូ​ម្បី​តែ​ជីវិត​គេ​ត្រូវ​ស្លាប់​រស់​ក៏​មិន​គិត​ផង​! តែ​មុន​នឹង​ចង់​ឲ្យ​គេ​ជួយ​ត្រូវ​ចេះ​រៀបចំ​ឫកពារ​ពាក្យ​សម្តី​ឲ្យ​ឱនលំទោន​ខ្លះទៅ !

ច័​ន្ទ្រ​ទ​ន្ទ្រាំ​ជើង​តិច​ៗ​របៀប​ក្នាញ់
ច័​ន្ទ្រ​៖ រវល់​តែ​នៅ​កាច់រាង​នៅ​ហ្នឹងហើយ​! ចោរ​វា​ជិះ​ម៉ូតូ​ទៅ​ដល់​ស្រុក​ក្រៅ​បាត់​ហើយ​ក៏​មិនដឹង ! ឥឡូវ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​ឆាប់​និយាយ​មក !

វ៉ា​ន់​ញាក់ចិញ្ចើម
វ៉ា​ន់​៖ ចង់​ឲ្យ​ច័​ន្ទ្រ​ចេះ​និយាយ​សុភាព​រាបសារ​ដឹង​ខ្ពស់​ដឹង​ទាប​ជាង​នេះ​បន្តិច ! ត្រូវ​គោរព​ហៅ​ខ្ញុំ​ថា​បង​វ៉ា​ន់ ! មិនមែន​អ​ន្ទិ​តវ៉ា​ន់​ឬ​ក៏​តា​ប៉ិ​វ៉ា​ន់​ស្អី​ទេ ! ចាប់ពី​ថ្ងៃនេះ​ទៅ​ត្រូវ​ហៅ​ខ្ញុំ​បង​វ៉ា​ន់ ! ហើយ​ឥឡូវនេះ​ត្រូវ​និយាយ​ឲ្យ​ផ្អែម​ល្អែ​ម​ថា ! បង​វ៉ា​ន់ ! ជួយ​អូន​ច័​ន្ទ្រ​ម្តង​ទៅ​! អូន​ច័​ន្ទ្រ​ដឹង​ខុស​ហើយ ! ពី​ថ្ងៃនេះ​ទៅ​អូន​ច័​ន្ទ្រ​នឹង​គោរព​បង​វ៉ា​ន់​ទុក​ស្មើនឹង​ឪពុក ! មិន​ហ៊ាន​ធ្វើ​អ្វី​លើសលួស​លើ​បង​វ៉ា​ន់​ទៀត​ទេ​! ម៉េច ? ត្រឹម​និយាយ​ពាក្យ​ប៉ុណ្ណឹង​ធ្វើ​បាន​ដែរ​ទេ ? ច័​ន្ទ្រ​ខាំមាត់​ក្តាប់ដៃ​សម្លក់សម្លឹង​វ៉ា​ន់​ទាំង​ក្នាញ់​មិន​ឆ្លើយ​។ វ៉ា​ន់​ធ្វើ​ជា​ជិះ​កង់​ទៅ​មុខ
វ៉ា​ន់​៖ អូ​ហ៍ ! បើ​មិន​អាច​និយាយ​បាន​ទេ​ខ្ញុំ​លា​សិន​ហើយ !

ច័​ន្ទ្រ​រត់​តាម​ទៅ​ស្ទាក់​ពីមុខ​កង់ លាតដៃ​ទាំង​ពីរ​ឃាំង​ផ្លូវ
ច័​ន្ទ្រ​៖ ឈប់​សិន​! ឈប់​! បាន​ៗ! ខ្ញុំ​យល់ព្រម​! ខ្ញុំ​និយាយ​ក៏​បាន​ដែរ !

ច័​ន្ទ្រ​ធ្វើ​អេះ​អុញ​បន្តិច និយាយ​ទាំង​សោះអង្គើយ
ច័​ន្ទ្រ​៖ បង​វ៉ា​ន់​! ឲ្យ​ខ្ញុំ​សូមទោស​! ខ្ញុំ​ខុស​ហើយ​! ថ្ងៃក្រោយ​ខ្ញុំ​មិន​ហ៊ាន​ល្មើស​លើ​បង​​ទៀត​ទេ​! ខ្ញុំ​នឹង​គោរព​បង​ឲ្យ​ស្មើនឹង​ឪពុក​!

វ៉ា​ន់​រាដៃ
វ៉ា​ន់​៖ ឈប់​ៗ! ពេល​និយាយ​ធ្វើ​មុខ​ញញឹម​ឲ្យ​ផ្អែម​ផង ! កុំ​និយាយ​ធ្វើ​មុខ​ដូច​គេ​យក​ទៅ​ចង​បាញ់​អ​ញ្ចឹ​ង ! វា​មិន​ទំនង​ទេ​! បំណាច់នឹង​ដើរតួ​សម្តែង​ហើយ​ត្រូវ​តែ​សម្តែង​ឲ្យ​បាន​សម​ផង !

ច័​ន្ទ្រ​បើកភ្នែក​ធំ​ៗ​ក្តាប់ដៃ​ចង់​ដាក់​មុខ​វ៉ា​ន់​។  វ៉ា​ន់​ចង្អុលមុខ​បើកភ្នែក​ធំ​ៗ​ដាក់​វិញ
វ៉ា​ន់​៖ ណែ​ៗ! ចង់​យ៉ាងម៉េច​ហ្នឹង ? អត់​ចង់បាន​ម៉ូតូ​វិញ​ទេ​ហ្អី ?

ច័​ន្ទ្រ​ទម្លាក់​ដៃ​ចុះ​ខំ​សើច​ទៅ​ដូច​ជា​ចង់​ពេប​ទៅ​វិញ
ច័​ន្ទ្រ​៖ ច៎ា​ៗ! បង​វ៉ា​ន់​! ឲ្យ​ខ្ញុំ​សូមទោស​! ឈប់​ប្រកាន់​ខឹង​នឹង​ខ្ញុំ​ទៅ ! វ៉ា​ន់​សើច សប្បាយចិត្ត !
វ៉ា​ន់​៖ ត្រឹមត្រូវ​ៗ ! ធ្វើ​អ​ញ្ចឹ​ង​បាន​ហៅ​ថា​ត្រឹមត្រូវ !

(​នៅ​មាន​ត​)