កូន​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ក្តុកក្តួល​ដ្បិត​គ្មាន​សិល្បករចូលរួម​ក្នុង​ពិធី​ទទួល​អដ្ឋិធាតុ​នាំ​មក​ដល់​មាតុភូមិ

រាជធានី​ភ្នំពេញ ៖ អដ្ឋិធាតុ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៦ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ធ្វើបុណ្យ និង​បូជាសព​រួចរាល់​នៅ​ប្រទេស​ន័​រវេ​ស ទី​ដែល​កវី​រូប​នេះ​ស្នាក់​អាស្រ័យ​ក្រោយ​និរទេស​ខ្លួន​ពី​កម្ពុជា ។

ក្នុង​ពិធី​ទទួល​ធាតុ​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន នោះ​មិនសូវ​មាន​អ្នកសិល្បៈ និង​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ចូលរួម​ឡើយ ក្រៅពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​មួយ​ចំនួន​ប៉ុណ្ណោះ ក្នុង​នោះ​មាន​លោក​មុត ថា​រី ជា​កូនប្រសា និង​ភរិយា​របស់​លោក ខណៈ​ពេល​សំឡេង​យំ​ខ្សឹកខ្សួល​នៅ​តែ​បន្ត​លាន់ឮ​ពី​ក្រុម​គ្រួសារ​នៅឡើយ ។

លោក​មុត ថា​រី ឲ្យ​ដឹង​ថា ធាតុ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន យក​ទៅ​តម្កល់​នៅផ្ទះ​របស់​លោក​ក្នុង​បុរី​វិមាន​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​វិ​ថី​ជា សុ​ផា​រ៉ា ហើយ​នៅ​វេលា​ម៉ោង​១​រសៀល​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ទទួល​អដ្ឋិធាតុ ។

លោក​មុត ថា​រី ធ្លាប់​អះអាង​ថា ក្រោយ​ពេល​ធាតុ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន មក​ដល់​ហើយ​នោះ ក្រុម​គ្រួសារ​របស់​លោក​នឹង​តម្កល់​ទុក​សម្រាប់​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ និង​ប្រិ​យ​មិត្ត​ជិត​ឆ្ងាយ​ចូល​អុជ​ធូប​គោរព​បូជា និង​ធ្វើបុណ្យ​គម្រប់​១០០​ថ្ងៃ ។ បន្ទាប់​ពី​នោះ ក្រុម​គ្រួសារ​គិត​ពី​ផែនការ​នាំ​យក​ស្នាដៃ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ ទៅ​ដាក់​ក្រោម​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា បន្ទាប់​ពី​ពិធីបុណ្យ​តាម​ទំនៀមទម្លាប់​ចប់​រួចរាល់ ។ ចំពោះ​ការ​បញ្ជូន​ធាតុ​ទៅ​តម្កល់​នៅ​ដងស្ទឹង​សង្កែ​តាម​ការ​ចង់បាន​ពី​កវី​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នោះ លោក​មុត ថា​រី អះអាង​ថា នឹង​កំណត់​ពេលវេលា​ណាមួយ​ច្បាស់លាស់ ក្រោយ​ពេល​រៀបចំ​ពិធីបុណ្យ​រួចរាល់ ។

ទោះ​ជាយ៉ា​ង​ណា​ក្តី រហូត​មក​ដល់​ពេល​នេះ​លោក​មុត ថា​រី នៅ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ជូន​ធាតុ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន យក​ទៅ​តម្កល់​នៅ​ដងស្ទឹង​សង្កែ ដោយសារ​តែ​ក្រុម​គ្រួសារ​ត្រូវ​ពិភាក្សា​គ្នា​ជា​មុន​សិន ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្រី ប៊ុ​ន ឈឿ​ន សុរិយាន កូនស្រី​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន សរសេរ​ថា «​ថ្ងៃនេះ​តាំងពី​ព្រឹក​រហូត​ដល់​យប់​ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល និង​ទប់ទឹក​ភ្នែក​មិន​បាន​ពេល​ដែល​បានឃើញ​វី​ដេ​អូ​អដ្ឋិធាតុ​របស់​លោកប៉ា​ខ្ញុំ​បាន​ទៅ​ដល់​ដៃ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​ទឹកដី​កំណើត តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រឹតតែ​ក្តុកក្ដួល​នោះ គឺ​គ្មាន​សិល្បករ​ណា​ទៅ​​ចូលរួម​ទទួល​អដ្ឋិធាតុ​លោកប៉ា​ខ្ញុំ​អ្វី​បន្ដិច​សោះ ជា​រឿង​ចម្លែក និង​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លោចផ្សា​ក្នុង​ចិត្ត​ក្នុង​នាម​ជា​កូន​ម្នាក់ គឺ​វា​មិន​សម​ទេ ។ លោក​សុះ ម៉ាច ជា​ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ បានឱ្យ​ដឹង​ថា មិន​បានដឹង និង​មិន​ព្រម​ផ្តល់​ដំណឹង​ជូន​លោក ហើយ​លោក​ក៏​ចូលរួម​សោកស្ដាយ​ផង​ដែរ​ក្នុង​រឿង​នេះ​ដោយសារ​តែ​មិន​បាន​ទទួល​ដំណឹង​ច្បាស់ តែ​ទោះ​ជា​យ៉ាងណា​វា​ហួស​ទៅ​ហើយ អារម្មណ៍​ដែល​ឈឺចាប់ និង​អារម្មណ៍​ដែល​ខូចចិត្ត​គឺ​ពួក​ខ្ញុំ​ជា​កូនបង្កើត និង​គ្មាន​ពាក្យ​អ្វី​និយាយ​លើស​ពី​នេះ​ទៀត​ទេ​ក្រៅពី​ទឹកភ្នែក ។ តម្លៃ​អ្នក​និពន្ធ​​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​បាន​បម្រើ​ជាតិ​រាប់​សិប​ឆ្នាំ បាន​តែ​ប៉ុណ្ណឹង​» ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កវី​ម្ចាស់​ស្ទឹង​សង្កែ បាន​ទទួលមរណភាព​ក្នុង​អាយុ​៧៧​ឆ្នាំ នៅ​ប្រទេស​ន័​រ​វែ​ស នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០១៦ ៕