សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី យាង​ទត​ការ​សម្តែង​របាំ​បា​ឡេ​រៀបចំ​ឡើង​ដោយ​ស្ថានទូត​កូរ៉េ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ​យាង​ទត​ការ​សម្តែង​របាំ​បា​ឡេ​ក្នុង «​មហោស្រព​កូរ៉េ​ក្នុង​ប្រទេស​អាស៊ី រាត្រីសមោសរ​របាំ​បា​ឡេ​កូរ៉េ​»​ដែល​រៀបចំ​ដោយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ។

កម្មវិធី​នេះ​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​ការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​ស្ថានទូត ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប ។

មន្ត្រី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ឱ្យ​ដឹង​ថា របាំ​បា​ឡេ​ជាតិ​របស់​កូរ៉េ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦២​ដែល​ជា​ក្រុមហ៊ុន​របាំ​បា​ឡេ​វិជ្ជាជីវៈ​លើក​ដំបូង​នៅ​ប្រទេស​កូរ៉េ​។

បច្ចុប្បន្ន​វា​គឺជា​ក្រុម​រាំ​ដ៏​អស្ចារ្យ និង​គ្រប់​ជំនាញ​មាន​ក្រុម​រាំ​សរុប​ចំនួន​៩០​នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​សម្តែង​ល្ខោន​ឆ្លាស់គ្នា​យ៉ាង​ធំ​ទូលាយ ។ ក្រុម​នេះ​បាន​ចេញ​សម្តែង​ជាង​១០០​ដង​ប្រចាំឆ្នាំ ហើយ​ជាមួយនឹង​ការ​បើក​ដំណើរការ​សាលា​បណ្តុះបណ្តាល​របាំ​បា​ឡេ​ផ្ទាល់ខ្លួន​សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ ។

បើក​ឆាក​សម្តែង​ដោយ​ការ​សម្តែង យឺត​ៗ​របស់​ក្រុម​របាំ​បា​ឡេ​រៀបរាប់​អំពី​រឿង​«​បឹង​ហង្ស​»​ដែល​សម្តែង​ដោយ​សិល្បករ Han Narea និង Kim Kiwan ជាមួយនឹង​ក្រុម​របាំ​បា​ឡេ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល​រាំ​យ៉ាង​ល្វតល្វន់​គួរ​ជាទី​ទាក់ទាញ ។ បន្ទាប់​មក​គឺ​ការ​បង្ហាញ​ពី​ក្បាច់​រាំ​«​ឆ្មាំ​ចម្បាំង​» «​ព្រះ​អង្គ​ម្ចាស់ Hodong» របាំ «​ចោរ​សមុទ្រ​» របាំ «Spauacus» ការ​រាំ​របស់​សិល្បករ​បី​នាក់​ក្រោម​ចំណងជើង «​តើ​អ្នកធំ​ដូច​ខ្ញុំ​ទេ​» របាំ «​ខាងក្នុង​សាច់ភ្លេង​» របាំ​តុង​ហ្គោ ការ​រាំ​វាយ​ស្គរ «La Bayadere» និង​ចុង​ក្រោយ​គឺ​ការ​សម្តែង​របាំ​បា​ឡេ «Don Quixote» ។

ចុងបញ្ចប់​នៃ​កម្មវិធី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី សព្វព្រះរាជហឫទ័យ​ប្រគល់​ជូន​នូវ​កន្ត្រក​ផ្កា និង​ផ្តិលប្រាក់​ដល់​មន្ត្រី​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ។

មហោស្រព​កូរ៉េ​គឺជា​កម្មវិធី​វប្បធម៌​ដ៏​ទូលំទូលាយ​ដែល​រៀបចំ​ដោយ​មូលនិធិ​កូរ៉េ​បង្ហាញ​ពី​សកម្មភាព ផ្សេង​ៗ​គ្នា​ច្រើន​បែប ច្រើន​យ៉ាង​ដើម្បី​ជួយ​ឲ្យ​អ្នក​ទស្សនា​នៅ​ជុំវិញ​ពិភព​លោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​វប្បធម៌​និង​សិល្បៈ​កូរ៉េ ។

សម្រាប់​ឆ្នាំ​២០១៦​មហោស្រព​នេះ​បាន​បង្ហាញ​នៅ​អាស៊ី​បូព៌ា ជា​ប្រទេស​ពោរពេញ​ដោយ​ភាសា វប្បធម៌ សាសនា ទំនៀមទម្លាប់​ចម្រុះ​សព្វបែបយ៉ាង ។

ជាមួយ​គ្នា​នេះ​មូលនិធិ​កូរ៉េ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​ពី​វប្បធម៌​កូរ៉េ នៅ​កម្ពុជា និង​បង្កើត​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​ពី​វប្បធម៌​កម្ពុជា​នៅ​ក្នុង​ប្រទេស​កូរ៉េ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​មូលនិធិ​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​តន្ត្រី និង​របាំ​បុរាណ​កូរ៉េ​ទៅ​ទស្សនិកជន​នៅ​កម្ពុជា រួម​ជាមួយនឹង​ការ​បង្ហាញ​ពី​មហោស្រព​ម្ហូប​កូរ៉េ​ជាដើម ៕