តារាចម្រៀង​វ៉ា​ន់ នី​ឡា និង​គូស្នេហ៍​ឆ្លើយឆ្លង​រឿង​ស្នេហ៍​ប្រេះស្រាំ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត នាង​វ៉ា​ន់ នី​ឡា និង​គូស្នេហ៍​របស់​នាង​បាន​សរសេរ​សារ​បង្ហោះ​ឆ្លើយឆ្លង​គ្នា​បង្ហាញ ទឹកចិត្ត​ដែល​ចង់បាន រៀង​ៗ​ខ្លួន ខណៈ​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​គេ​ទាំង​ពីរ​នៅ​មិន​ទាន់​ផ្សះផ្សា​គ្នា​បាន​នៅឡើយ ។

តារាចម្រៀង​វ៉ា​ន់ នី​ឡា តែងតែ​សរសេរ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ស្តី​ពី​អារម្មណ៍​ពិត និង​ភាព​ឈឺចាប់​ដែល​ខ្លួន​បាន​ទទួល បន្ទាប់​ពី​ចំណង​ស្នេហ៍​មិន​ទាន់​ត្រឡប់​មក​រក​សភាព​ដូច​ដើម​វិញ ខណៈ​ពេល​ដែល​គូស្នេហ៍​របស់​នាង​បាន​ឆ្លើយ​តប និង​ព្យាយាម​ផ្សះផ្សា​គ្នា​ជា​ថ្មី​ឡើង​វិញ ។

ជា​ការ​កត់សម្គាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន វ៉ា​ន់ នី​ឡា សរសេរ​ថា «​សុខចិត្ត​ជ្រើសរើស​មនុស្ស​ដែល​សាមញ្ញ ប៉ុន្តែ​ស្រលាញ់​ថ្នាក់ថ្នម​អាណិត​ប្រពន្ធ វា​ប្រសើរ​ជាង​រស់នៅ​ក្នុង​វីឡា​ស្កឹមស្កៃ ឡាន​ទំនើប មានបុណ្យ​សក្តិ ប៉ុន្តែ​រស់នៅ​ប្រៀប​បីដូច​ជា​ទាសករ ឃើញ​ផ្ទាល់​ភ្នែក ឮ​ផ្ទាល់​ត្រចៀក​លោក​អើយ​! ហេតុតែ​គេ​មាន​អំណាច វៃ​៉​ធ្វើបាប​ប្រពន្ធ​តាម​ចិត្ត ហើយ​ប្រពន្ធ​ជា​ស្ត្រី​ទន់ខ្សោយ គ្រួសារ​អ្នក​សាមញ្ញ គ្មាន​យស​សក្តិ​ដូច​ប្តី ។ គេ​ជេរ គេ​វ៉ៃ ឃុំឃាំង ទៅ​ណាមួយ​ជំហាន​មិន​បាន ឡាន​ដាក់​សុទ្ធតែ GPS ឈ្លោះ​គ្នា ម្តង​ៗ​កាំភ្លើង​លើ​ក្បាល​ដេក​ទាំង​ភ័យ​ខ្លាច ។ អីុចឹ​ង​បាន​ថា លុយ​សំខាន់​...​ទាំង​អ្នកមាន ទាំង​អ្នកក្រ​សុទ្ធតែ​ត្រូវការ​វា ប៉ុន្តែ​បើសិនជា​អ្នក​ណា​ដែល​បានដឹង​ឮ និង​ហែល​ឆ្លង​នូវ​រឿង​រ៉ាវ​ទាំង​អស់នេះ នោះ​អ្នក​នឹង​លែង​ត្រូវការ ហើយ​លុយ​ទ្រព្យសម្បត្តិ​ហូរហៀរ សុំ​ត្រឹមតែ​មាន​ជីវភាព​សម​ល្មម តែ​មាន​សុភមង្គល​ក្នុង​គ្រួសារ តែបើ​មាន​លុយ​ហើយ​គេ​ទាត់​ធាក់ ហើយ​មាន​ស្រី​ទៀត ក៏​លុយ​ទាំង​អស់នោះ​មិន​អាច​ទិញ​ទឹកភ្នែក​អ្នក​បាន​ដែរ ! អីុ​ចឹ​ង​បាន​ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយាយ​ថា «​ស៊ូ​ធ្វើ​ព្រះ​នាង​សម្រាប់​ប្តី​អ្នកក្រ កុំ​ធ្វើ​ជា​ខ្ញុំកំដរ​សម្រាប់​ប្តី​អ្នកមាន​» ។

គ្មាន​ការ​ជួបជុំ​ណាមួយ​ដែល​មិន​បែកបាក់  មនុស្ស​មួយ​ចំនួន​ស្អប់​ពាក្យ​នេះ ដោយសារ​អ្វី ? ដោយសារ​តែ​វា​ត្រូវ​ពេក​» ។

ដោយឡែក​សម្រាប់​គូស្នេហ៍​របស់​វ៉ា​ន់ នី​ឡា ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​ឈ្មោះ​សិ​ទ្ធី​សក្តិ បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​មនុស្ស​ណា​ដែល​មិន​ចេះ​ខុស តែ​សំខាន់​ដឹង​ខុស​ហើយ​ចេះ​កែ​ទាន់​នៅ​មានឱកាស ចង់​ប្រាប់​ថា​ខ្ញុំ​នៅ​ទី​នេះ ចាំ​លើកទឹកចិត្ត​អ្នក ជួយ​ប្រាប់​និង​ដាស់តឿន​អ្នក​គ្រប់ពេល ដោយ​មិន​ខ្លាច​នឿយហត់ ហើយ​មិនមែន​មាន​តែ​ខ្ញុំ​ទេ គឺ​អ្នកមាន​គ្រួសារ​ជាទី​ស្រលាញ់ ហើយ​និង​មិត្តភក្តិ​ដ៏​ល្អ​នៅ​ជួយ​ជា​កំលាំងចិត្ត  ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​អ្នក និង​ពិភពលោក​នេះ​ថា អ្នក​មិន​ឯកា​ទេ​» ។
កូន​មន្ត្រី​ប៉ូលិស​ថ្នាក់ខ្ពស់​រូប​នេះ​ហាក់​បង្ហាញ​ពី​ការ​ព្យាយាម​ផ្សះផ្សា​ចំណង​ស្នេហ៍​របស់​ខ្លួន​ដែល​ជួប​ភាព​រង្គោះរង្គើ​ឡើង​វិញ បន្ទាប់​ពី​ខ្លួន​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឯ​ក្រៅ​ប្រទេស។

កន្លង​មក​នាង​វ៉ា​ន់ នី​ឡា បាន​បង្ហាញមុខ​គូស្នេហ៍​ជា​ចំហ និង​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ មុន​នឹង​ឈាន​ដល់​ភាព​រកាំរកូស​គ្នា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ។ ភាព​រកាំរកូស​នេះ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ​ភាព​មិន​យល់ចិត្ត​គ្នា និង​មាន​ភាព​ប្រចែប្រចណ្ឌ​ច្រើន តែ​យ៉ាងណា​ក្តី​ភាគី​ខាង​ប្រុស​តែងតែ​ព្យាយាម​សម្រប​សម្រួល និង​ទទួលកំហុស​របស់​ខ្លួន ដើម្បី​ផ្សះផ្សា​ចំណង​ស្នេហ៍​ឱ្យ​ដូច​ដើម​វិញ ៕