ទីក្រុងនរក ភ្នក់ភ្លើងលោកីយ

មនុស្ស​លោកនាសម័យបច្ចុប្បន្នកាលនេះ​ គេតែងតែមានការយល់ឃើញស្ទើរតែដូចៗគ្នាថា​ ការផ្លាស់ទៅរស់នៅ ​ឬបន្តតាំងទីលំនៅនៅក្នុងទីក្រុងដែលជាទីប្រជុំជន​, ជាទីប្រមូលផ្ដុំដោយពហុវប្បធម៌នោះ ​គឺពួកគេបានគិតប៉ងប្រាថ្នា​ថានឹងអាចរស់នៅប្រកបដោយ​សេចក្ដីសុខ​ សុវត្ថិភាព​ និង​សុភមង្គល​ ។ ​សម្រាប់ភាពជាក់ស្ដែង​ តើការរស់នៅក្នុងទីក្រុងពិតជា​នាំឱ្យមានសេចក្ដីសុខ ​សុវត្តិភាព ​និងសុភមង្គលប្រាកដមែនដែរឬទេ​? ​ដើម្បីឆ្លើយនឹងសំណួរនេះឱ្យបានត្រឹមត្រូវ​ បុគ្គលម្នាក់ៗគប្បីយកវិចារណញាណមកថ្លឹងថ្លែង​, វែកញែកដោយអព្យាក្រឹត​ (មិនមែនចេះតែឆ្លើយតាមការនឹកឃើញ)​ ថា​៖​ តើ​ការ​រស់​នៅក្នុងទីក្រុង​នាំឱ្យមានសេចក្ដីសុខ​អ្វីខ្លះ​?​ កម្រិតណា​? ​និងផ្ទុយមកវិញវាបានបង្កហានិភ័យអ្វីខ្លះដល់អាយុជីវិត​របស់​មនុស្ស​?​
ដូច​ពាក្យចាស់​លោកបានពោលថា​៖​ “ទឹកត្រជាក់ត្រីកុំ​” ។ ហេតុអ្វីបា​នជាត្រីវាពពាក់ពពូនប្រមូលផ្ដុំញាតិផៅសន្ដាន​របស់វាទៅហែល​រដូករណែលតាមបណ្ដោយខ្សែ​ទឹកត្រជាក់ទៅវិញ​ ? ​នេះគឺជាឧទាហរណ៍តូចមួយ​ ពិតណាស់គឺនៅក្នុងទឹកត្រជាក់ ​ពពួកត្រីជាច្រើន​វាទទួលបាននូវផាសុក​ភាព​តាម​ផ្លូវកាយ​, មានចំណីអាហារច្រើន​, និងជាកន្លែងងាយស្រួល​លាក់ពួន​សម្ងំអាត្មាជាដើម​ ប៉ុន្តែពពួកសត្វត្រីវាគឺជាសត្វតិរច្ឆាន ​វាឃើញ​ និងដឹងតាមធម្មជាតិរបស់វាតែអំពីសេចក្ដីសុខ​ដែលវាទទួលបានតែប៉ុណ្ណោះ​ ប៉ុន្តែវាគ្មានវិចារណាញាណដូចមនុស្សសម្រាប់យកទៅពិចារណាថា​ ទីតំបន់​ទឹក​ត្រជាក់ ​ក៏សម្បូរ​ទៅដោយ​អ្នកនេសាទត្រីច្រើននោះដែរ ​។ ដូច្នេះ​សេចក្ដីសុខ​ដែលពពួកត្រីទទួលបានក៏មាន ​រីឯសេចក្ដីស្លាប់​គជើងគដៃក៏កើតមាន​ឡើង​ជាហូរហែរ​ផងដែរ ​។​ត្រឡប់មកនិយាយ​អំពី​មនុស្សលោកវិញ​ មនុស្សភាគច្រើន​មិនថា​នៅក្នុងប្រទេសណាៗទេ​ ភាគច្រើននៃការគិត​រួមមួយ​របស់ពួកគេ​ គឺគេតែនឹកឃើញ ​និងសម្គាល់ថា​ បើទៅរស់នៅក្នុងទីក្រុង ​នោះពួកគេនឹងមានការងារច្រើនសម្រាប់ធ្វើ​, មានការហូបចុកគ្រប់គ្រាន់,​ មានហេដ្ឋារចនា​សម្ព័ន្ធ ​និងប្រព័ន្ធ​អេឡិចត្រូនិក​ទំនើបៗ​​ខ្វាត់ខ្វែង​, ជាទីសម្បូរទៅដោយភាពងាយស្រួល ​និងការកម្សាន្ដសប្បាយ-​រាំសើចក្អាកក្អាយ ​ដោយគ្រឿងញៀន​-គ្រឿងញាក់-​និងគ្រឿងញុកជាច្រើន​ ដែល៩០%នៃអ្វីៗទាំងនេះ​គឺពុំមាន​នៅឯទីជនបទ ​ឬទីដទៃៗ​ទៀតឡើយ​ ។ ​បើទីក្រុងសម្បូណ៌សប្បាយ​ដល់ម្លឹង ​ចុះហេតុដូចម្ដេចបានជា​ថា ​ទីក្រុងគឺជាទីនរក​ ភ្នក់ភ្លើងលោកីយទៅវិញ​?​
ធម្មជាតិ​ជាមនុស្ស​នៅក្នុងពិភពលោកនេះ​ គេព្យាយាម​ប្រកបការរស់នៅ​ប្រចាំថ្ងៃ ​គឺប្រាថ្នាដើម្បី​ឱ្យជួប​តែឧត្តមភាព​បួនយ៉ាងនៅក្នុងជីវិតប៉ុណ្ណោះគឺ​ ទី១.​ សុខុមាលភាព​ (ការរស់នៅដែលទទួលបានសុខភាពទាំងផ្លូវកាយ ​និងផ្លូវចិត្តល្អពេញ​បរិបូណ៌​ តាមរយៈម្ហូបចំណីអាហារ​, ទឹក-ដី,​ និង​បរិយាកាស​នៅជុំវិញ ​មិនលាយឡំ​ប្រកបដោយ​ជាតិពុល​ ជាតិស្រវឹង​ ជាតិរំខាន​ និងជាតិបំផ្លាញនានា​),​ ទី២. សុវត្ថិភាព​ (ការរស់នៅប្រកបដោយសេចក្ដីសុខ​ ដោយឥតមានការបៀតបៀនពីមជ្ឈដ្ឋាននានា ​ទោះដោយផ្លូវកាយ ឬផ្លូវចិត្ត)​​ ទី៣​. សន្តិភាព​ (គឹការរស់នៅប្រកបដោយសេចក្ដីសុខជា​ស្ងប់​នៅលើ​​ផ្ទៃនៃកាយ​ និងក្នុងថ្នាក់នៃចិត្ត ​ឬការរស់នៅ​ប្រកបដោយ​ភាពបរិសុទ្ធ​ក្នុងការប្រព្រឹត្ត​សកម្មភាពទូទៅ​, ចិត្តគំនិត​, និងការនិយាយស្ដីនៅក្នុងសង្គម​), និងឧត្តមភាព​ទី៤នោះគឺ​. វិបុលភាព​ (គឺការរស់នៅប្រកបដោយភាពជាទីសម្បូណ៌ដោយប្រយោជន៍​, សម្បូណ៌ដោយភោគផល ​និង​សុខ​ផល​ជាដើម​ ដោយពុំរាប់បញ្ចូលនូវភាព​សប្បាយក្អាកក្អាយ​ឡើយ​ ព្រោះការសប្បាយក្អាកក្អាយ ​គឹប្រៀបបីដូចជាកករល្អក់​នៅបាតនៃទឹកថ្លា​ ប្រសិនបើយើងរាប់បញ្ចូលជាមួយនូវការ​សប្បាយក្អាកក្អាយផងនៅក្នុងន័យវិបុលនេះ ​គឺមនុស្សមិនអាចយកទឹកនោះមកផឹកបានឡើយ​) ​។ ​
បើ​យើង​យកខ្នាត​នៃឧត្តមភាព​របស់មនុស្ស​នៅក្នុងសង្គម​ទាំងបួនយ៉ាងនេះ​យកមកពិចារណាឱ្យ​បាន​ដិតដល់ល្អិតល្អន់នោះ ​យើងនឹងឃើញថា​​៖ ​ទីក្រុងដ្បិតតែសម្បូណ៌​ទៅដោយពហុវប្បធម៌​ ចរាចរណ៍​ និងធនធានជាច្រើន​ ប៉ុន្តែផ្ទុយមកវិញ​ បើនិយាយពី​ “សុខុមាលភាពល្អ​” អ្នករស់​នៅក្នុង​ទីក្រុង ​គឺកំពុងរងគ្រោះ​ជាអតិបរមា(យ៉ាងខ្លាំង) ​ដោយមិនដឹងខ្លួន​ ដោយសារការបំពុលនៃសារជាតិគីមី​, ជាតិធាត់​, ជាតិម្សៅស​, ជាតិអាស៊ីដខ្ពស់​, ជាតិញៀន​, និងជាតិពុលជាច្រើន​រយមុខទៀត​ដែលមានបង្កប់នៅក្នុង​ម្ហូបចំណីអាហារ​, ទឹក​, និងខ្យល់ដកដង្ហើម​ ដែលយើងមិនអាច​យក​ភ្នែកទ​ទេរទៅមើល​ឃើញបានឡើយ​ ។ “សុវត្តិភាព​”, តើអ្នករស់​នៅក្នុង​ទីក្រុង ​ពិតជាមានសុវត្ថិភាព​ល្អដែរឬទេ​ ?​ សំណួរមួយនេះ​ពិតជាគួរឱ្យ​អស់សំណើចបន្តិច​ ។ អ្នកខ្លះ ​ព្រោះតែចង់ឈ្នះ ​គេអាចនឹងឆ្លើយទាំងងងឹតងងុលថា​៖​ អ្នករស់នៅក្នុងទីក្រុងមានសុវត្ថិភាពណាស់​ ព្រោះតែយ៉ាងនេះ​ ព្រោះតែ​យ៉ាង​នោះ ​។ ​សម្រាប់មនុស្ស​ប្រភេទនេះ​ ​ការមើលឃើញរបស់គេ ​គឺនៅមានភាពរាក់កំផែលនៅឡើយ​ ។ ចំពោះអ្នករស់នៅទីក្រុង​ “សុវត្ថិភាព​” ពិតជាមាន​ ប៉ុន្តែការរស់នៅប្រកប​ដោយសុវត្ថិភាព​របស់អ្នកទីក្រុង​ គឺស្ថិតនៅក្នុងកម្រិតនៃការគម្រាមកំហែង​ជានិច្ចជាកាល​ ព្រោះទីក្រុង​ គឺជាទី​ដែល​ប្រមូល​ផ្ដុំ​ដោយធនធាន ​និងពហុវប្បធម៌​ជាច្រើនអនេក​ ដូច្នេះអំពើចោរកម្ម​, ឃាតកម្ម​, អំពើរំលោភសេពសន្ថវៈ​, ឧក្រិដ្ឋកម្ម​, ភេរវកម្ម​, ការរំលោភបំពានសិទ្ធិ​, អំពើហិង្សានានា​, បាតុកម្ម​, និងកុប្បកម្មជាដើម ​តែងតែអាចកើតមានឡើងជារៀងរាល់ថ្ងៃ ​។ ​បើសុខុមាលភាពល្អ ​និងសុវត្ថិភាពល្អ​ មិនទាន់​មាន​នៅក្នុង​ទីក្រុងនៅ​ឡើយផង​​ កុំថាឡើយសន្តិភាព ​ឬវិបុលភាពពេញលេញ​ គឺរឹតតែទាន់អាចនិយាយដល់បានឡើយ​ លុះត្រាណាតែសង្គមមួយនោះ​ អាចសម្រេចឱ្យបាននូវឧត្តមភាពថ្នាក់មូលដ្ឋានទាំងពីរយ៉ាង ​ដែលមានសុខុមាលភាព​ និងសុវត្ថិភាពឱ្យមានកម្រិតអតិបរមាជា​មុនសិន​ ។ ​សម្រាប់​បុគ្គល​ដែលតែងតែឡើងវេទិកាសាធារណៈ​កាន់ក្បាលមេក្រូ និយាយប្រកាសប្រាប់គេឯងថា ប្រទេសនេះមានសន្តិភាពណាស់ ទីក្រុងនោះមានសន្តិភាពណាស់ ភូមិឃុំនេះមានសន្តិភាពហើយ, ការនិយាយបែបនេះ គឺជាការបំភ្លៃពីការពិតក្នុងន័យដើម្បីបំភាន់មតិសាធារណៈ ។ ហើយការពោលយ៉ាងដូច្នេះ យើងអាចធ្វើការវាយតម្លៃបានថា មនុស្សជំពូកបែបនេះ និយាយស្ដីគ្មានសុភ​វិនិច្ឆ័យ​ ឬគតិបណ្ឌិត​នៅក្នុងខ្លួនឡើយ​ និងជាមនុស្សអាត្មានិយមពេញទី ​។ ​
ដូច្នេះ​ដែលហៅថា​៖ “​ទីក្រុងនរក ​ភ្នក់ភ្លើងលោកីយ​” ក្នុងន័យនេះ​ គឺសម្ដៅ​ចំពោះ​ទីក្រុងទាំងឡាយណា​ដែលសម្បូណ៌​ទៅដោយការបំពុលក្នុងចំណីម្ហូបចំណីអាហារ​, ទឹក​, ដី​, ខ្យល់, បរិយាកាស, អារម្មណ៍, មនោសញ្ចេតនា,​ និងគំនិត​ប្រាជ្ញារបស់មនុស្ស​លោក​ឱ្យ​ជួប​តែភាពទ្រុឌទ្រោម​ រេចរឹល​ និង​ចុះ​ខ្សោយ​ជាលំដាប់​ៗ​ ហើយនៅទីចុងបញ្ចប់​គឹមាន​តែរង់ចាំ​សេចក្ដីស្លាប់​មក​ទទួលយក​ទៅ​តែប៉ុណ្ណោះ​ ដែលនេះ​ហើយ​គឺ​ជាភ្នក់ភ្លើង​មច្ចុរាជនៃលោកីយ​ ព្រោះតែសង្គមមួយ​មាន​ឧត្តមភាព​បួនយ៉ាង​ដែលគ្មាន​គុណភាពល្អ​ ៕​

ទីក្រុងនរក ភ្នក់ភ្លើងលោកីយទីក្រុងនរក ភ្នក់ភ្លើងលោកីយ
ដោយ៖ ឈូក ស
Cool FM 100.7