ទិសដៅ​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៦៖ «សៀមរាប-អង្គរ» ធ្លាក់​មក​លេខ៥

អន់ជាងឆ្នាំទៅម៉ិញ ដែល«សៀមរាប-អង្គរ»ទទួលបានចំណាត់ថ្នាក់លេខ២! នៅឆ្នាំ២០១៦នេះ តំបន់​សៀមរាប​អង្គរ ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់លេខ៥វិញ សម្រាប់ទិសដៅទេសចរណ៍ ដែលបណ្ដាជន​ក្នុង​លោក ចង់​ធ្វើ​ដំណើរ​មក​កំសាន្ដ និង​ទស្សនា។ នេះបើគេយោងតាមរបាយការណ៍ថ្មី របស់គេហទំព័រដ៏​ធំមួយ ដែល​មាន​បណ្ដាញ​​នៅ​​គ្រប់​​ទិសទី​ ជំនាញ​​ខាង​​ការ​​រៀបចំ​​​ដំណើរ​ទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រយន្ដហោះ ...) មាន​​ឈ្មោះ​​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor)។
ទិសដៅ​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៦៖ «សៀមរាប-អង្គរ» ធ្លាក់​មក​លេខ៥

ក្លោងទ្វាចូលបរិវេណអង្គរធំ នៃតំបន់រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ«អង្គរ»។ (រូបថតឯកសារ)

ប៉ុន្តែយ៉ាងហោចណាស់ សម្រាប់ចំណាត់ថ្នាក់ នៃទិសដៅទេសចរណ៍ទាំង២៥ ចុងក្រោយ ដែល​បណ្ដាជន​ក្នុង​លោក​ចង់​មកកំសាន្ដ និងទស្សនានោះ តំបន់«សៀមរាប-អង្គរ»របស់កម្ពុជា នៅតែគ្រាន់បើជាងរដ្ឋធានី ឬ​ក្រុង​ធំៗមួយចំនួនដែរ។ នេះ​ជា​ការ​ចាត់​ចំណាត់​ថ្នាក់​ថ្មី​មួយ សម្រាប់តំបន់ខេត្តក្រុង ដែល​អ្នក​ទេសចរណ៍​ចង់​ទៅ​កំសាន្ដ និង​ទស្សនា​ជាងគេ នៅ​ក្នុង​របាយការណ៍​ផ្សាយ​នៅ​ក្នុងខែឧសភា ឆ្នាំ២០១៦នេះ របស់​គេហទំព័រ​ដ៏​ធំ​មួយ ដែល​​មាន​​បណ្ដាញ​​នៅ​​គ្រប់​​ទិសទី​ ជំនាញ​ខាង​ការ​រៀបចំ​​ដំណើរទេសចរណ៍ (កក់​សណ្ឋាគារ ជួល​រថយន្ដ ទិញ​សំបុត្រ​​យន្ដហោះ ...) មាន​​ឈ្មោះ​​ថា ទ្រីពេវ៉ាយស៊័រ (TripAdvisor)។

ដូចបានជម្រាបក្នុងអត្ថបទមុនៗហើយ ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជា​សាធារណៈ​ទេ តែ​ជា​ការ​ច្របាច់បញ្ចូលគ្នា ទៅលើ​ការ​ឲ្យ​យោបល់​​ពីសំណាក់​អ្នកទេសចរណ៍ និងពីគុណភាព​សេវាកម្ម​ទេសចរណ៍ នៅក្នុងតំបន់នីមួយៗ សម្រាប់រយៈពេល១២ខែ។ បាន​សេចក្ដី​ថា ពិន្ទុឬយោបល់ ដែលត្រូវ​បាន​អ្នក​ទេសចរណ៍​ដាក់ ឬ​វាយ​តម្លៃ​ទៅលើតំបន់នោះ ជាការយល់ឃើញ ដោយការស្រឡាញ់ ពេញចិត្ត ឬ​ស្អប់​ខ្នក់ខ្នាញ់ នៅ​ពេល​ដែល​ពួកគេ បានទៅកាន់តំបន់ណាមួយដោយផ្ទាល់។

ជាលទ្ធលសម្រាប់ឆ្នាំ២០១៦ ចំណាត់ថ្នាក់ទីមួយ បានទៅលើរាជធានី ឡុងដ៍ នៃប្រទេសអង់គ្លេស អម​ដោយ​ចំណាត់ថ្នាក់បន្ទាប់ បានទៅលើក្រុង អ៊ីស្តង់ប៊ូល (Istanbul) នៃប្រទេសទួរគី។ ចំណែកខេត្ត សៀមរាប-​អង្គរ របស់​កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ នៅក្រោយរដ្ឋធានី ប៉ារីស នៃប្រទេសបារាំង និងនៅមុនរដ្ឋធានី ប្រាក នៃ​ប្រទេស​ឆែក។

ចុះតំបន់ខេត្តក្រុងផ្សេងទៀត នៅក្នុងទ្វីបអាស៊ីខាងកើត បានទទួលចំណាត់ថ្នាក់បែបណា? រដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៨ ខណៈក្រុង អ៊ូប៊ុត (Ubud) នៃប្រទេសឥណ្ឌូនេស៊ី ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ ១០។ រីឯរាជធានី បាងកក នៃប្រទេសថៃវិញ ទទួលបានចំណាត់ថ្នាក់លេខ ១៥ - ក្រុង​ហុងកុង នៃ​ប្រទេសចិន ទទួលបានលេខ ១៨ ខណៈរាជធានី តូក្យូ នៃប្រទេសជប៉ុន ទទួលបានចំណាត់​ថ្នាក់​លេខ ២១។ ចំណែក​ឯ​រដ្ឋធានី កាតាម៉ានឌូ (Katmandou) នៃប្រទេសនេប៉ាល់ ក៏បានស្ថិតក្នុង​ចំណាត់​ថ្នាក់​ទាំង​២៥ នៃ​តំបន់​ខេត្ត​ក្រុង ដែលគេចូលចិត្តទៅកំសាន្ដ ឬទស្សនានោះដែរ។ រដ្ឋធានីរបស់ ប្រជាជន​នេប៉ាល់​មួយ​នេះ ទទួលពិន្ទុបានជាប់លេខ ២៣។

គួរឲ្យកត់សម្គាល់ដែរថា តំបន់ខេត្តក្រុងភាគច្រើន នៅក្នុងចំណាត់ថ្នាក់នេះ សុទ្ធសឹងជារាជធានី ឬ​រដ្ឋធានី​ធំៗ​នៃ​ប្រទេស ដែលជាប់ពិន្ទុសម្រាប់លេខរៀងខ្ពស់បំផុត។ ផ្ទុយទៅវិញ រាជធានីភ្នំពេញ (ឬក្រុងគុជ) មិន​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ហើយជាប់​នៅក្នុងតារាង​ចំណាត់ថ្នាក់ចុងក្រោយនេះទេ។ យ៉ាងណាក៏ដោយ ក៏កម្ពុជា​នៅ​មាន​តំបន់ សៀមរាប-អង្គរ មួយសម្រាប់​យោង​មុខមាត់ និងដើម្បីទាក់ទាញទេសចរណ៍៕