ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

ក្រុមភេរវនិយម រដ្ឋអ៊ីស្លាម បានថ្លែងទៅកាន់បណ្ដាជនឥណ្ឌា-មូស្លីម​ភាគតិច នៅសប្ដាហ៍នេះ ដើម្បីអំពាវនាវឲ្យ​អ្នក​ទាំង​នោះ មក​ចូលរួម​ជា​មួយ​នឹង​ខ្លួន និងដើម្បីសងសឹកជូនអ្នក​ដែលបានស្លាប់ទៅ នៅក្នុងជម្លោះសាសនា​នា​ពេល​កន្លង​មក។
ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

ក្រុមរដ្ឋអ៊ីស្លាម ត្រៀមបើកការវាយប្រហារ ទៅលើប្រទេសឥណ្ឌា។ (រូបថតផ្តិតពីវីដេអូ)

នៅក្នុងវីដេអូមួយ ដែលត្រូវបានត្រួតពិនិត្យ ពីប្រភពពិតរបស់វា ដោយសហគ្រាសអាមេរិកាំង ឈ្មោះ​ «SITE» បាន​ឲ្យ​ដឹង​ថា ក្រុមសមាជិកនៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវ​ទៅកាន់​បណ្ដាជន​មូស្លីម ដែលរស់នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​ហិណ្ឌូ ឲ្យមកចូលរួមជាមួយនឹងពួកខ្លួន ដើម្បីធ្វើសកម្មភាព​សងសឹក ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា​វិញ។

យុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ម្នាក់ (Djihad) ម្នាក់​ ដែលដាក់ឈ្មោះខ្លួន «Abou Salman al Hindi» បាន​ថ្លែង​នៅ​ក្នុង​វីដេអូនោះថា៖ «នៅលើទឹកដីនេះ ទើបសាសនារបស់អ្នកឯង មានសុវត្ថិភាព។ នៅ​លើ​ទឹកដី​នេះ គឺ​មាន​តែ​ច្បាប់​របស់​ព្រះអាឡាហ៍​ទេ ដែល​ធំ​ជាង​អ្វី​ទាំង​អស់។ នៅលើទឹកដីនេះ មិនមាន​អ្វី​ដែល​ហាមឃាត់​អ្នក​ឯង មិន​ឲ្យ​ធ្វើ​ទង្វើ​ល្អៗ មិន​ឲ្យ​គោរព​បូជា​អ៊ីស្លាម​នោះ​ឡើយ។ នៅលើទឹកដីនេះ ជីវិតរបស់អ្នកឯង សុភមង្គលរបស់អ្នកឯង កម្មសិទ្ធិរបស់អ្នកឯង សុទ្ធតែត្រូវបានការពារ។»

សមាជិម្នាក់ទៀត របស់ក្រុមភេរវជននេះដដែល បានប្រកាសបន្ថែមថា ក្រុមរដ្ឋអ៊ីស្លាមរបស់ខ្លួន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បី«រំដោះ»​បណ្ដាជនមូស្លីម និងដើម្បីសងសឹកឲ្យជនរងគ្រោះ ព្រោះអំពើ​ហិង្សា​​សាសនា​​មិនចេះ​ចប់​​មិនចេះ​ហើយ ដែលបានកើតឡើងប្រឆាំង ពួកមូស្លីម នៅឆ្នាំ២០០២ នៅ​ក្នុង​រដ្ឋ​«Gujarat»​ រដ្ឋ​«Cachemire» និង​នៅ​ក្នុង​ការកំទេច​ព្រះវិហារអ៊ីស្លាមមួយ កាលពីឆ្នាំ១៩៩២ ដោយ​ក្រុម​អ្នក​កាន់​​សាសនា​​​ហិណ្ឌូ​និយម​ជ្រុល ​ក្នុង​រដ្ឋ«Uttar Pradesh»។

សមាជិករូបនោះ បានថ្លែងថា៖ «យើងនឹងទៅកាន់ទីនោះ ជាមួយដាវអាជ្ញារបស់​យើង ដើម្បី​រំដោះ​​ពួក​អ្នក​ឯង​ទាំង​អស់​គ្នា ដើម្បី​សងសឹក​ឲ្យ​ព្រះវិហារ "Babri" និងហេតុការណ៍ទាំងឡាយ នៅក្នុង​រដ្ឋ​"Gujarat" ក៏ដូចជានៅក្នុង​រដ្ឋ​"Cachemire"»៕