លួច​យក​កាបូប​លុយ​រួច ចោរ​ស្រី​បាន​ប្ដឹង​បក​ទៅ​ជន​រង​គ្រោះ​វិញ

បន្ទាប់ពីទទួលស្គាល់ថា ខ្លួនបានលួចកាបូប របស់ម្ចាស់ទ្រព្យរួច ចោរស្រីវ័យចំណាស់ បាន​ដាក់​ពាក្យ​ប្ដឹង បក​ទៅ​កាន់​​ម្ចាស់ទ្រព្យវិញ ពីបទបានបង្ហោះរូបភាព នៅពេលធ្វើសកម្មភាព​ចោរកម្ម​នោះ នៅ​លើ​បណ្ដាញ​សង្គម។ សម្រាប់​ចោរ​ស្រី​រូប​នេះ ការផ្សព្វផ្សាយ​រូបភាព​នេះ បាន​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​ជីវិត​របស់​គាត់។
លួច​យក​កាបូប​លុយ​រួច ចោរ​ស្រី​បាន​ប្ដឹង​បក​ទៅ​ជន​រង​គ្រោះ​វិញ

រូបភាពជំនួស៖ គ្រូពេទ្យធ្មេញ ដែលកំពុងខឹងក្រេវក្រោក។ (រូបថតឯកសារ)

ករណីនេះបានកើតឡើង កាលពីដើមខែឧសភានេះ នៅក្នុងក្រុង ណង់ស៊ី (Nancy) ភាគខាងកើត​នៃ​ប្រទេស​បារាំង ហើយតុលាការនឹងយកករណីទីមួយ មកជំនុំជម្រះ នៅចុងខែឧសភាខាងមុខនេះ។ ដោយ​សារ​ខឹង​សម្បារ ក្ដៅក្រហាយនឹងចោរស្រីវ័យចំណាស់ម្នាក់ ដែលបានចូលមកគ្លីនិកធ្វើធ្មេញ ហើយ​បាន​លួច​កាបូប​លុយ​របស់ខ្លួន ទុកនៅក្រោយតុនោះ លោកគ្រូពេទ្យធ្មេញម្នាក់ បានធ្វើការសងសឹក ត្រឡប់ទៅចោរស្រីវិញ ដោយ​យក​វីដេអូ ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព យកទៅបង្ហោះនៅតាមបណ្ដាញសង្គម។ នៅក្នុងកាបូបនោះ មាន​ប្រាក់​ប្រមាណជា ១០០០អ៊ឺរ៉ូ និងក្រដាសស្នាមជាច្រើនទៀត។

នៅអមនឹងវីដេអូនោះ ពេទ្យធ្មេញរងគ្រោះ បានសរសេរថា៖ «បើនរណាម្នាក់ស្គាល់ (ចោរស្រីម្នាក់នេះ) ខ្ញុំសូម​អរគុណទុកជាមុន ដែលបានប្រាប់ព័ត៌មាន (ពីចោរស្រី) មកខ្ញុំវិញ។ វីដេអូនេះ សម្រាប់ធ្វើការចែករំលែក ឲ្យ​បាន​ច្រើន​បំផុត។»

សម្រាប់លោក «Paul Kéré» មេធាវីរបស់ស្ត្រីជាប់សង្ស័យជាចោរ បានលើកឡើង ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP» ថា វីដេអូនេះបានបង្កការប៉ះទង្គិចផ្លូវចិត្ត របស់កូនក្ដីរបស់លោកយ៉ាងខ្លាំង និងបាន​ចាត់​ទុក​ការ​ផ្សាយវីដេអូនេះ ជាការសងសឹកបែបទារុណ ដ៏ខ្លាំងបំផុតមួយ ធ្វើឲ្យប៉ះពាល់ដល់ជីវិតឯកជន របស់​បុគ្គល​អសាធារណៈ។ លោកមេធាវីបានថ្លែងឡើងថា៖ «កូនក្ដីរបស់ខ្ញុំរងការខូចចិត្តធ្ងន់ធ្ងរណាស់ ហើយ​គាត់​នឹង​ទាមទារ ឲ្យ​មាន​សំណង​ជំងឺចិត្តមួយ»។

បន្ទាប់ពីការផ្សាយរបស់វីដេអូនេះ ស្ត្រីជាប់សង្ស័យបានទទួលនូវសារជាច្រើន ដែលប្រាប់ឲ្យដឹង ពីវត្តមាន​នៃ​រូបភាព​របស់ខ្លួន នៅក្នុងវីដេអូ ហើយកំពុងរីករាលដាល ពាសពេញបណ្ដាញអ៊ិនធើណែត។ ស្ត្រីរូបនោះ បាន​ថ្លែង​ថា៖ «បើសូម្បីតែចៅស្រីខ្ញុំ ដែលមានអាយុទើបតែ៤ឆ្នាំ ក៏បានស្ដាប់ឭរឿងនេះ ពីសាលារៀនមកដែរ»។

ស្ត្រីជាប់ឈ្មោះជាចោរលួច ​បានចូលទៅបង្ហាញខ្លួន នៅប៉ុស្ដ៍នគរបាល តែដំបូងឡើយបាននិយាយថា ខ្លួន​រក​ឃើញ​កាបូបនោះ នៅតាមចិញ្ចើមថ្នល់ មុននឹងសារភាពថាខ្លួន ពិតជាបានលួចមែន នៅពេលក្រោយមក។ ករណី​ទីមួយនេះ នឹងត្រូវតុលាការយកមកជំនុំជម្រះ នៅថ្ងៃទី៣១ ខែឧសភាខាងមុខ។

កូនស្រីរបស់ស្ត្រីជាប់ចោទ បានថ្លែងដែរថា៖ «យើងយល់ហើយ ថានរណាក៏ដោយ ចង់រក​យុត្តិធម៌​ឲ្យ​បាន​ដូច​ចិត្ត។ តែអ្វីដែលយើងមិនយល់ព្រម គឺបែបផែនដែលចង់បានយុត្តិធម៌នោះ។ (...) ម្ចាស់វីដេអូគួរយកវីដេអូ ទៅ​ប្រគល់​ឲ្យ​នគរបាល តែមិនគួរណាយកទៅចែកចាយ នៅតាមបណ្ដាញអ៊ិនធើណែត។ រឿងនេះ វាទៅជា​ការ​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ទៅវិញ។ ម្ចាស់វីដេអូ មិនបានគិតដល់ ពីផលប៉ះពាល់ដែលវិលត្រឡប់ មកដល់​គ្រួសារ​ទាំង​មូល​នោះ​ផង​ទេ។»

ចំណែកឯលោកគ្រូពេទ្យធ្មេញវិញ បានពន្យល់ប្រាប់សារព័ត៌មានតំបន់ «Est républicain» បន្ទាប់ពី​បាន​លុប​វីដេអ​នោះ ចេញពីគណនីហ្វេសប៊ុករបស់ខ្លួនចេញវិញថា៖ «ខ្ញុំមិនបានគិតថា រឿងនេះវាបានរីកធំ ដល់​ថ្នាក់​ណ្នឹង​នោះទេ»។ យ៉ាងណាក៏ដោយ លោកបានសម្ដែងការសោកស្ដាយ ពីកាយវិការ«សងសឹក»​របស់​លោក តែ​បាន​រីករាយ​ក្នុងចិត្ត ដោយសារយកបាន នូវកាបូបនិងក្រដាសស្នាមមកវិញ តែចំពោះ​ប្រាក់១០០០អ៊ឺរ៉ូ វិញ ​បាន​បាត់​ឈឹង​រហូត។ ប្រាក់១០០០អ៊ឺរ៉ូនេះ ត្រូវបានភាគីស្ត្រីជាប់ចោទបដិសេធ ថាមិនបានរកឃើញអ្វី នៅ​ក្នុង​កាបូប​នោះ សូម្បី​តែ​មួយ​សេនឡើយ៕