សុខ សោម៉ាវត្តី ថ្ងៃទី​១ ធ្វើ​ឲ្យ អ៊ិន សុភិន​ រួច​ខ្លួន

ភ្នំពេញ​៖ ផ្តើមចេញពីភាព​ក្រម៉ិច​ក្រម៉ើម តារាសម្តែង សុខ សោម៉ាវត្តី បានធ្វើឲ្យ ថៅកែ​មហាហង្ស លោក អ៊ិន សុភិនសរសើរ លើ​នាង និង​តួជាច្រើនទៀត បានធ្វើឲ្យលោករួច​​ថ្លៃថត ក្នុងថ្ងៃទី​១ បាត់ទៅហើយ ជាមួយនឹង​រឿង «អ្នកនាង​ម្ចាស់ឡឺកឺ» ។​ 

តាមរយៈរឿង «អ្នកនាង​ម្ចាស់ឡឺកឺ» ដែលកំពុង​ដាក់បញ្ចាំង តាមរោងកុននា​នា ក្នុងរាជ​ធានីភ្នំពេញ និង​តាមបណ្តាល​ខេត្ត​មួយចំនួនកំពុង ធ្វើឲ្យអ្នក​គាំទ្រខ្សែភាពយន្តខ្មែរ ពុះកញ្ជ្រោល​អារម្មណ៍ ចង់មើលហើយមើលទៀត ​​ជាមួយនឹង​សាច់រឿងកំប្លែង​ដ៏ល្អឯក ​ចាយទុន​តិច តែជោគជ័យច្រើន គួរឲ្យកត់សម្គាល់បំផុត ក្នុងចំណោម​ភាពយន្តដែល មហាហង្ស ផលិតកន្លងមក ។​ លោក អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា «តាមរយៈរឿងអ្នកនាង​ម្ចាស់ឡឺកឺ ២ថ្ងៃមកនេះ ជោគជ័យមែនទែន ដោយតាមរោងភាពយន្ត​មួយចំនួនមានអ្នកមើលពេញៗតែម្តង ខ្ញុំអាចនិយាយបានថា នៅថ្ងៃទី​១ គឺរួច​ខ្លួនថ្លៃផលិត បាត់ទៅហើយ ព្រោះមាន​ទស្សនិកជនចូលមើល ជាង ១ម៉ឺននាក់​​ » ។​

ចាងហ្វាង​ផលិតកម្មខាងលើ បានបន្តថា​«ដោយសារតែ​ សុខ សោម៉ាវត្តី គាត់លេងបានល្អ ផ្គោបសាច់រឿង​ល្អផងនោះ បានជួយរកចំណូល ឲ្យ មហាហង្ស រួច​ថ្លៃផលិត​ សឹងតែមិនជឿ ហើយ​អាចចាត់ទុកថា ជារឿង​ ជោគជ័យ​​ ក្នុងចំណោម​រឿងផ្សេងៗ របស់មហាហង្ស​ផលិតកន្លងមក» ។​ ដោយសារតែ​សាច់រឿង «អ្នកនាង​ម្ចាស់ឡឺកឺ» ល្អ​មើល សើចចុកពោះ ពីដើមរហូតដល់ចប់ នោះ បានធ្វើឲ្យ មតិមហាជន​មួយចំនួន គិតថា រឿងនេះ យកតាម កូរ៉េ ឬថៃ ហើយមើលទៅ ។​ ពាក់ព័ន្ធ​ករណី ចម្លងស្នាដៃ​នេះ លោក អ៊ិន សុភិន បានអះអាងថា «រឿងនេះមិនបានយកស្តាយ៍ ឬចម្លងពីប្រទេស​ជិតខាងនោះទេ គឺ​ជាស្នាដៃ​របស់ខ្មែរពិតៗ» ។​ 

ដោយឡែកទាក់ទិននឹងទុន ផលិតរឿង «អ្នកនាង​ម្ចាស់ឡឺកឺ» នេះ ម្ចាស់ផលិតកម្ម​ មហាហង្ស ក៏បាន​បញ្ជាក់ថា រឿងនេះ ចាយទុន​មិនដល់ ៣​ម៉ឺន ដុល្លារ​នោះទេ តែជោគជ័យ ហើយ​វាក៏ជារឿង ដែលធ្វើឲ្យចាងហ្វាងរូបនេះ សឹងតែមិនជឿ ថា​ជោគជ័យដល់ថ្នាក់នេះ។​

ប្រភព ៖
ដើមអម្ពិល

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសម្ពោធរឿងនេះ អ្នកនាង សុខ សោម៉ាវត្តី កំពូលតារាសម្តែងស្រីឆ្នើមមួយរូបនៅកម្ពុជា និងមានចរឹតក្រម៉ិចក្រម៉ើម គួរឲ្យក្នក់ក្នាញ បានប្រកាសថា ខ្លួនជាមនុស្សទទេស្អាត (នៅលីវ) ខណៈគ្មានដំណឹងថា លែងលះស្វាមី ជាផ្លូវការនៅឡើយ។

តារាសម្តែងកូនមួយ ហាក់មិនខ្លាចនឹងមានឈ្មោះជាស្រ្តីមេម៉ាយ ចំណាយមាត់ញាតិ អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់អ្នកសារព័ត៌មានថា« ថ្ងៃនេះ នាងខ្ញុំចាត់ទុកថា ជាលើកទី១ហើយ ដែលនាងខ្ញុំ និយាយពីរឿងគ្រួសារ ប្រាប់អ្នកសារព័ត៌មាន ប៉ុន្តែមិនឲ្យសួរច្រើនទេ ខ្ញុំប្រកាសខ្លួនឯងថា ខ្ញុំនៅលីវ ប៉ុន្តែមិនឲ្យសួរច្រើនទេ..!»។

កន្លងមកជីវិតគ្រួសារ របស់អ្នកនាង សុខ សុម៉ាវត្តី ត្រូវបានគេដឹងថា មានភាពរកាំរកូសជាមួយនឹងស្វាមី រយៈពេល ជាងកន្លះមកឆ្នាំហើយ ។ ព័ត៌មានខ្លះបានបញ្ជាក់ឲ្យដឹងថា អ្នកនាង សុខ សុម៉ាវត្តី បានរស់នៅផ្ទះផ្សេងគ្នាជាមួយស្វាមី និងអ្នកខ្លះថា អ្នកទាំងពីរ គឺបានលះលែងគ្នារួចហើយ។ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការថា អ្នកនាង សុខ សោម៉ាវត្តី លះលែងស្វាមីឲ្យពិតប្រាកដឡើយ ពោលគឺមានតែពាក្យចចាមអារ៉ាម និងការអង្កេតឃើញពីសំណាក់មហាជនថា នាងដើរទៅណាមកណាតែម្នាក់ឯង។

ស្រីស្រស់មានផែនថ្ពាល់រលោង អ្នកនាង សុខ សោម៉ាវត្តី បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ទូច សុខណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តមណ្ឌលគីរី និងជាកូនប្រុសបង្កើត របស់ លោក ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយរៀបការហើយ អ្នកនាង សុខ សោម៉ាវត្តី និងស្វាមីទទួលបាន នូវចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីមួយ ដោយបច្ចុប្បន្ននេះ កូនស្រីរបស់ពួកគេ មានអាយុជិត២ឆ្នាំហើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload