បុរសរោគចិត្តម្នាក់ រត់ចូលមកចាប់ផ្តួល កំពូលតារាសម្តែងស្រី សៀវឡុងនី ដួលលើឆាក ផ្អើលអស់អ្នកគាំទ្រ (មានវីដេអូ)

ចិន ៖ ប្រិយមិត្តមួយចំនួនច្បាស់ជា បានស្គាល់រួចមកហើយ ជាមួយកំពូលតារាសម្តែង រឿងភាគបុរាណចិននាង Crystal Liu ដែលប្រិយមិត្តខ្មែរយើងតែងតែហៅនាងថា សៀវឡុងនីនោះ ថ្មីៗនេះត្រូវបានអ្នកគាំទ្ររោគចិត្តម្នាក់ ចាប់ផ្តួលនាងលើឆាកទាំងកម្រោល បង្កជាភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក៏ដូចគ្រប់សារព័ត៌មានផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅថ្មីៗនេះ នាង Crystal Liu ឬសៀវឡុងនី បានចូលរួមកម្មវិធីសម្ពោធរឿងភាគថ្មី ប្រចាំឆ្នាំ ២០១៦ របស់នាងដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានចំណងជើងថា “Le Paon di Nuit <夜孔雀>” និងធ្វើសន្និសីទកាសែតផងដែរ ស្ថិតនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។

ខណៈដែលរូបនាង Crystal បង្ហាញមុខនៅលើវេទិកាកម្មវិធី ធ្វើការថ្លែងពីចំណាប់អារម្មណ៍ផ្សេងៗទៅកាន់អ្នកគាំទ្រ ក៏ដូចជាម្ចាស់ផលិតកម្មរួចរាល់ រូបនាងក៏ត្រូវបានបុរស ដែលជាអ្នកគាំទ្ររោគចិត្តម្នាក់ រត់ស្ទុះទៅអោបនាងផ្តួលទាំងកម្រោលទៅនឹងឆាក បង្កជាភាពឆោឡោពេញទី ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពភ្ញាក់ផ្អើល និងតក់ស្លត់ជាខ្លាំង នាំគ្នាស្រែកស្ទើរភ្លាត់សំឡេងតែម្តង។

ភ្លាមៗនោះដែរ រូបនាងត្រូវបានជួយសង្គ្រោះពីសំណាក់ ក្រុមការងារ ក៏ដូចជាអ្នកគាំទ្រជាច្រើន​​ ដែលមានវត្តមាននៅទីនោះ ដោយនាំគ្នាចូលជួយចាប់បំបែកចេញពីការអោបរឹតរបស់បុរសរោគចិត្តម្នាក់នោះ។

បើតាមប្រភពបន្តថា ក្នុងហេតុការណ៍នោះ Crystal នាងពុំទទួលរងរបួសធំដុំអ្វីឡើយ ប៉ុន្តែគេអាចដឹងបានថា នាងពិតជាភ័យតក់ស្លុតយ៉ាងខ្លាំង ពេលបានជួបហេតុការណ៍ ដែលមិនគួរកើត និងមិននឹកស្មានដល់យ៉ាងដូច្នោះ។

បើតាមសម្តីក្រុមការងារផលិតខ្សែភាពយន្តវិញ បានរាយការណ៍ថា រូបនាងបានរបួសដោយការដាច់រលាត់ផ្នែកមួយចំនួនលើរាងកាយ ដូចជាដៃ និងជើងជាដើម ដោយសារតែការបុកដួលខ្លាំងពេក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះមានស្ថានភាពល្អជាធម្មតាវិញហើយ។ មិនតែប៉ុណ្ណោះ ខាងក្រុមការងារបានធ្វើការសុំទោសចំពោះ Crystal ដែលមិនអាចទប់ស្កាត់រឿងយ៉ាងដូច្នេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រោយកើតហេតុបានបន្តិច ប៉ូលិសក៏ទៅដល់ និងធ្វើការឃាត់ខ្លួនបុរសខាងលើតែម្តង។ បើតាមការសាកសួរ បុរសរោគចិត្តម្នាក់នោះ បានសារភាពថា គាត់មកពីស្រុក Guangzi ដើម្បីមកគាំទ្រនាង Crystal។ នៅពេលដែលឃើញនាងនៅលើឆាក គាត់ពិតជាទទួលបានអារម្មណ៍ថារំជើបរំជួល ក្នុងចិត្តខ្លាំងមែនទែន ស្ទើរតែទប់អារម្មណ៍មិនបាន ហើយរូបគាត់ធ្វើបែបនោះ ក៏ដោយសារតែចង់បង្ហាញពីអារម្មណ៍ពិត ដែលមានចំពោះនាង Crystal តែប៉ុណ្ណោះ និងចង់ក្លាយជាមិត្តរបស់នាងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

តោះចង់ដឹងយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖    

ប្រភព ៖
Lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload