សាន់ឆាយ ប៊ិះគ្រោះថ្នាក់ដល់ជីវិត ពេលសម្រាលកូនទី២

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏ពេញនិយម ដែលប្រិយមិត្តភាគច្រើនហៅថា សាន់ឆាយ នោះ បានសម្រាលកូនទី២ របស់នាងហើយ តែសុខភាពរបស់នាងហាក់ចុះទន់ខ្សោយ ក្នុងអំឡុងពេលឆ្លងទន្លេ រហូតដល់ប៊ិះតែនឹងគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានការនិយាយតៗគ្នាជាច្រើនថា តារាសម្តែងស្រីតៃវ៉ាន់ នាង Barbie Hsu (សាន់ឆាយ) បានកើតមានជម្ងឺស្កន់ ក្នុងពេលនាងឆ្លងទន្លេ (សម្រាលកូន) ក្រោយការចាក់ថ្នាំសន្លប់ច្រើនហួសកម្រិតរួចមក។ ដំណឹងនេះ បានធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្ររបស់នាង មានការព្រួយបារម្ភយ៉ាងខ្លាំង។

យ៉ាងណាមិញ ម្តាយរបស់សាន់ឆាយ បានចេញមុខអះអាងជុំវិញរឿងរ៉ាវមួយនេះថា តាមពិតទៅ សាន់ឆាយមិនបានចាក់ថ្នាំសន្លប់លើសកម្រិតទេ តែនាងបានសន្លប់ដោយសារឈឺចាប់ខ្លាំងពេក នៃការកន្ត្រាក់សាច់ដុំ ក្នុងពេលសម្រាលនោះ ដែលជាហេតុនាំឲ្យកើតមានជម្ងឺស្កន់ (epilepsy) ភ្លាមៗយ៉ាងដូច្នេះ។

ប្រភពបានរាយការណ៍បន្តថា ក្រោយស្ថានភាពអាក្រក់កើតឡើង សាន់ឆាយ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយមិនយូរប៉ុន្មាន នាងក៏បានដឹងខ្លួនឡើងវិញ។ ពេលនេះ នាងក៏ហាក់ដូចជាវិលទៅរកភាពប្រក្រតីវិញផងដែរ តែនៅមានសភាពខ្សោយបន្តិច ព្រោះនាងទើបតែសម្រាលកូនប្រុស ដ៏គួរឲ្យស្រលាញ់ម្នាក់រួច។

បន្ថែមពីនេះ លោក Wang Xiaofei ប្តីរបស់សាន់ឆាយ បានបង្ហោះរូបភាព ស្នាមជើងកូនប្រុសទើបនឹងកើតរបស់ខ្លួន នៅលើបណ្តាញសង្គម អមជាមួយពាក្យបញ្ជាក់ថា “អរគុណអ្នកគ្រប់គ្នា សម្រាប់ការជូនពរ ពេលនេះកូនប្រុសរបស់ខ្ញុំ មានសុខភាពល្អណាស់។ ខ្ញុំនឹងនៅកំដរប្រពន្ធរបស់ខ្ញុំ នៅឯមន្ទីរពេទ្យ ក្រោយពេលអ្វីៗដែលយើងបានឆ្លងកាត់ ខ្ញុំកាន់តែយល់ជ្រៅអំពីជីវិត។ ខ្ញុំសូមអរគុណដល់ក្រុមគ្រួសារ និងមិត្តភក្តិ ហើយក៏សូមជូនពរឲ្យអ្នកគ្រប់គ្នា មានសេចក្តីសុខផងដែរ”។

នេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អំពីតារាសម្តែងស្រីតៃវ៉ាន់ នាង Barbie Hsu ដែលជួបគ្រោះថ្នាក់ ក្នុងពេលឆ្លងទន្លេ តែយ៉ាងណាក៏ដោយ ពេលនេះទាំងម្តាយ និងកូន សុទ្ធតែមានសុវត្ថិភាព និងសុខភាពល្អដូចគ្នា៕

ខាងក្រោមរូបភាពផ្សេងៗទៀត នៃភាពស្និទ្ធស្នាលរបស់ ក្រុមគ្រួសារសាន់ឆាយ៖

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញរូបថតអេកូកូនទីពីរ របស់តារាសម្តែងស្រី Barbie Hsu ហៅសាន់ឆាយ។

តារាស្រីវ័យ៣៩ឆ្នាំរូបនេះ បានចែករំលែកនូវរូបថតឆ្លុះអេកូកូនប្រុសរបស់នាង ទៅអ្នកគាំទ្រ។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺរូបថតនោះ បានបង្ហាញឲ្យឃើញនូវសញ្ញាលើកមេដៃ នៅក្នុងពោះរបស់នាងទៅវិញ។

ជាមួយគ្នានោះដែរ សាន់ឆាយ កំពុងតែពរពោះកូនទី២ បាន៧ខែ ហើយនាងក៏បានសរសេរក្នុងបណ្តាញសង្គមដែរថា "ពួកយើងបានរៀបការអស់រយៈពេល៥ឆ្នាំមកហើយ វាមិនមែនជាការងាយស្រួលនោះទេ។ កូនប្រុសរបស់ខ្ញុំ បានឲ្យមេដៃមកខ្ញុំ"។

គួរបញ្ជាក់ផងដែរថា សាន់ឆាយ មានទំនាក់ទំនងជាមួយនឹងលោក Wang Xiaofei នៅឆ្នាំ២០១០ ហើយពួកគេក៏បានសម្រេចរៀបការ នៅឆ្នាំបន្ទាប់។ រហូតដល់ឆ្នាំ២០១៤ ពួកគេក៏មានកូនស្រីច្បងម្នាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload