បេក្ខ​នារី «The Voice Cambodia» កញ្ញា រ៉េត ស៊ូហ្សា​ណា ត្រូវ​បាន​មន្រ្តី​ថ្នាក់​ធំ​ម្នាក់ ​កោត​សរ​សើរ​ (មានវីដេអូ)

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃចន្ទនេះ បានចែករំលែកនូវទេពកោសល្យ របស់បេក្ខនារី «The Voice Cambodia» កញ្ញា រ៉េត ស៊ូហ្សាណា ដែលបានច្រៀងនៅ វគ្គ Live Show កាលពីយប់មិញ។

លោកថា យុវតីខ្មែររូបនេះ គឺជាធនធាន ដែលលោកគោរពនូវការ​យល់ឃើញរបស់នាង ហើយចាត់ទុកថា នេះជាការបង្កើនភាពរីករាយ ដល់សង្គម ដែលមានសន្តិភាព មិនដូចក្រុមមួយចំនួន ដែលធ្វើសកម្មភាព ដែលសង្គមមិនត្រូវការ។

លោក ផៃ ស៊ីផាន បានលើកឡើង នៅលើ Facebook របស់លោកថា «ធនធានមនុស្សដែល តារា កញ្ញា បានលើកឡើងនៅ ​The Voice Cambodia ធ្វើឲ្យខ្ញុំគោរព នូវការយល់ឃើញរបស់នាង។ កូនខ្មែរបាននាំមកជូនសង្គមជាតិ គ្រប់វិស័យ នូវមោទនភាពជាតិ ក្នុងសម័យកាលនេះ។ សន្តិភាព និងការរីកចំរើន ជាកត្តា និងមូលដ្ឋាននៃអ្វីៗទាំងអស់។ វិស័យឯកជន បានចូលរួមនឹងបានបង្កើត នូវភាពរីករាយ។ សម្តេចតេជោ បានរំឭក និងអំពាវនាវ សូមចូលរួមកាពារសន្តិភាពនេះ។ យើងអត់ត្រូវការពួកចលនាអាវខ្មៅ នោះទេ»។

យុវតី រ៉េត ស៊ូស្សាណា អាយុត្រឹម១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលាសិង្ហបុរី ដែលបានឆ្លងផុត ជាច្រើនវគ្គ នៅក្នុងកម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២។ នាងមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងចម្រៀងបរទេស។ បទចម្រៀងរបស់នាង ដែលធ្វើឲ្យទស្សនាមើលស្ទើរបាត់ស្មារតី នៅយប់មិញនេះមានចំណងជើងថា « My heart will go on» ជាបទចម្រៀងដ៏ល្បី នៅលើពិភពលោក ដែលស្គាល់តាមរយៈ រឿង Titanic ៕

ប្រភព ៖
Khmer Talking

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា បេក្ខភាព «The Voice Cambodia Season 2» កញ្ញា រ៉េត ស៊ូហ្សាណា ក្រោយពីបានជាប់វគ្គ Blind Auditions ក្រោមការបកស្រាយចម្រៀង ជាភាសាបរទេស “The Power of Love” ដែលធ្វើឲ្យ Coach និងទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍រួចមក កាលពីពេលថ្មីៗនេះ មានវីដេអូមួយ កាន់តែធ្វើឲ្យរូបនាងមានប្រជាប្រិយភាពទ្វេដង។

តួយ៉ាងប្រិយមិត្តជាច្រើន ធ្លាប់តែបានឃើញនាង បកស្រាយតែបទចម្រៀងជាភាសាបរទេសក្នុងកម្មវិធីTheVoice ប៉ុណ្ណោះ តែពេលនេះមានការចាប់អារម្មណ៍ពីប្រិយមិត្ត ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម លង់ចិត្ត និងមានភាពជឿជាក់បន្ថែមទៅលើសមត្ថភាពរបស់នាង ដោយរូបនាងបានបកស្រាយចម្រៀងជាភាសាខ្មែរ យ៉ាងពិរោះរណ្តំ មិនចាញ់បទចម្រៀងភាសាបរទេសឡើយ និងត្រូវបានគេថតបង្ហោះទទួលបានការគាំទ្រយ៉ាងច្រើន និងមានការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

យ៉ាងណាមិញ កាលពីពេលកន្លងទៅ ប្រិយមិត្តមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាប់បានធ្វើការរិះគន់ លើនាង (ហ្សាណា) ថាគ្រាន់តែជាបេក្ខនារីម្នាក់ដែល អាចច្រៀងបានត្រឹមតែបទបរទេសប៉ុណ្ណោះ ចំណែកបទជាភាសាជាតិ (ខ្មែរ) វិញ ប្រហែលជាបកស្រាយមិនកើតទេ។

ទស្សនៈយល់ឃើញខាងលើនេះ បែរជាផ្ទុយស្រឡះពីការគិតទៅវិញ ក្រោយពីរូបនាង បានលេចចេញក្នុងវីដេអូឃ្លីបមួយ ដែលបកស្រាយជាភាសាខ្មែរ ដែលរិតតែធ្វើឲ្យអ្នកដែលតែងតែគាំទ្រលើរូបនាង បាក់ចិត្ត សរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះមិនចាញ់បទជាភាសាបរទេសឡើយ។ បទចម្រៀងនោះដែរ មានចំណងជើងថា «អ្នកស្មោះនឹកអ្នកក្បត់» ច្រៀងដោយ កញ្ញា ឳក សុគន្ធកញ្ញា ហើយត្រូវបាន Cover ដោយ រ៉េត ស៊ូហ្សាណា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload