«ជីវិតខ្ញុំ» បទចម្រៀងរបស់ ដេវីត ដែលមានបង្កប់អត្ថន័យ ដឹងគុណទៅដល់ ពេជ្រ សោភា (មានវីដេអូ)

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ បទចម្រៀងថ្មីៗដែលជាប្រភេទ Original និងនិពន្ធឡើង ដោយស្នាដៃរបស់កូនខ្មែរផ្ទាល់ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។

ក្នុងចំណោមតារាចម្រៀង ដែលមានស្នាដៃ និពន្ធ និងច្រៀងនូវបទចម្រៀងប្រភេទ Original គេសង្កេតឃើញ ដេវីត (G-Devith) ហាក់មានភាពលេចធ្លាខ្លាំងផងដែរ ជាពិសេសគឺបទ “រាំញីកែងជើង” តែម្តង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ។

កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ ដេវីត បានបង្ហោះចម្រៀងនិពន្ធថ្មីមួយទៀត ដែលមានលក្ខណៈពិសេស និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលមានចំណងជើងថា “ជីវិតខ្ញុំ” និងបានសរសេរ ភ្ជាប់ជាមួយឃ្លាថា “ខ្ញុំសរសេរបទនេះឡើង គ្រាន់តែសង្ខេបជីវប្រវត្តិជីវិតរបស់ខ្ញុំ សង្ឃឹមថាបងប្អូននឹង ចូលចិត្ត ហើយបន្តការគាំទ្រខ្ញុំបាទ អរគុណដែលតែងតែគាំទ្រខ្ញុំ តាំងពីដើមរហូតមកដល់ ពេលនេះ”

ក្រៅពីនេះអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងទៀតនោះ គឺថាមានប្រយោគមួយឃ្លា នៅក្នុងបទចម្រៀងមួយនេះ បានបង្កប់នូវអត្ថន័យ ដ៏ជ្រាលជ្រៅថា “តាំងចិត្តថាលាចេញពីតន្ត្រី ប៉ុន្តែដោយមាននិស្ស័យ ត្រូវម្ចាស់គ្រាប់ពេជ្រតន្ត្រី មកស្រោចស្រង់”។ គេក៏អាចដឹងបានដែរថា មួយឃ្លានេះគឺជាការសរសេរឡើង របស់ដេវីត ដើម្បីបង្ហាញអំពីទឹកចិត្តដឹងគុណ របស់គេចំពោះ អ្នកនាង ពេជ្រ សោភា ដែលបានជួយជ្រោមជ្រែងចូលក្នុងវិថីសិល្បៈ តាំងពីដើមមក ពោលគឺតាំងពីពេលដែល រូបគេគ្មានអ្វីទាល់តែសោះ៕

បទចម្រៀង “ជីវិតខ្ញុំ” មិនត្រឹមតែមានអត្ថន័យ គួរឲ្យរំជួលអារម្មណ៍នោះទេ បទភ្លេង និងការច្រៀង គឺរឹតតែពិរោះ និងគួរឲ្យជក់ចិត្ត ថែមទៀតផង។ តោះចង់ដឹងថា បទចម្រៀងនេះ យ៉ាងណានោះ សូមរីករាយសណ្តាប់ ទាំងអស់គ្នា៖ 

ប្រភព ៖
ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។

យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។

គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើ មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload