បឹងកេត ត្រូវជួបស្វាយរៀង ខណៈខេមបូឌានថាយហ្គឺរ អាចស៊ីវេស្ទើន

ការប្រកួតក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ នឹងចាប់ដំណើរការប្រកួតវិញ ចុងសប្តាហ៍នេះ បន្ទាប់ពីឈប់សម្រាក១សប្តាហ៍ ហើយនៅថ្ងៃសៅរ៍នេះមាន២គូ ដោយក្នុងនោះក្រុមខេមបូឌានថាយហ្គឺរ ត្រូវជួបក្រុមវេស្ទើន នៅពហុកីឡដ្ឋានជាតិ ចាប់ពីរសៀលម៉ោង៣:៣០ទៅ រីឯក្រុមបឹងកេតអង្គរ ប្រឈមជាមួយក្រុមព្រះខ័នរាជស្វាយរៀង ចាប់ពីល្ងាចម៉ោង៦តទៅ។
bket
ការវិលមកជួបគ្នារវាងក្រុមបឹងកេតអង្គរ និងព្រះខ័នរាជស្វាយរៀង បានក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះបឹងកេត ត្រូវការឈ្នះដើម្បីប្រជែងយកតំបន់កំពូលតារាងពីក្រុមក្រសួងការពារជាតិ ដែលកំពុងមាន១៨ពិន្ទុស្មើគ្នា ខណៈព្រះខ័នរាជស្វាយរៀង រឹតតែត្រូវការឈ្នះ ដើម្បីបង្កើនភាគរយ ក្នុងការប្រកួតយកពាន ព្រោះពេលនេះស្វាយរៀង មានត្រឹម១៣ពិន្ទុ និងកំពុងឈរនៅលេខរៀងទី៣។

សម្រាប់ការប្រកួត កាលពីឆ្នាំ២០១៥ បឹងកេត បានឈ្នះក្រុមស្វាយរៀង ៥-១ មុនពេលស្មើគ្នា ២-២ ក្នុងការប្រកួតជើងទី២ ខណៈពេលនេះក្រុមទាំង២មានទម្រង់លេងល្អដូចគ្នា។ យ៉ាងណាក៏ដោយ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត នៅតែមានក្តីរំពឹង ក្នុងការយកឈ្នះក្រុមស្វាយរៀង លើកនេះ។

លោក សុវណ្ណារ៉ា បាននិយាយថា៖«ការជួបក្លិបធំៗវាតែងតែមានការលំបាក ដែលទាមទារឲ្យយើងត្រូវខំប្រឹង និងរៀបចំឲ្យបានល្អ ប៉ុន្តែយើងនៅតែមានប្រៀបលើក្រុមស្វាយរៀង បន្តិច ដោយសារកីឡាករជួរមុខរបស់ស្វាយរៀង២នាក់គឺលេខ១៦ Latiff និងលេខ១៤ សុខ សំណាង បានជាប់ពិន័យ មិនអាចចូលលេងបាន ខណៈបឹងកេត មិនមានកីឡាកររបួស ឬជាប់ពិន័យនោះទេ គឺយើងត្រូវបានយ៉ាងល្អ ដើម្បីត្រៀមការប្រកួតនេះ តែយើងមិនមើលស្រាលគូប្រកួតឡើង គឺយើងនឹងលេងដោយប្រុងប្រយ័ត្នបំផុត ព្រោះយើងត្រូវការ៣ពិន្ទុជាចាំបាច់»។

ចំណែកក្រុមខេមបូឌានថាយហ្គឺរ ដែលកំពុងឈរនៅលេខរៀងទី ៦ មាន១០ពិន្ទុនោះ ត្រូវជួបក្រុមវេស្ទើន។ កាលពីឆ្នាំ២០១៥ ខេមបូឌានថាយហ្គឺរ បានយកឈ្នះវេស្ទើនទាំង២ជើងជាមួយលទ្ធផល ៣-២ និង ៦-១ ហើយបើតាមមើលទម្រង់លេងនៅពេលនេះ ខេមបូឌានថាយហ្គឺរ ត្រូវបានគេមើលឃើញថា អាចនឹងឈ្នះបន្តទៀត ព្រោះទម្រង់លេងរបស់វេស្ទើន ហាក់មានការធ្លាក់ចុះ ខណៈ៧ប្រកួតកន្លងមកនេះ ពួកគេបានត្រឹម៣ដង និងចាញ់រហូតដល់៤ដង និងកំពុងឈរនៅលេខរៀងទី៩ មាន៣ពិន្ទុ៕