ភ្នំពេញក្រោន ចាញ់អាស៊ីអឺរ៉ុប តែទ័ព និងណាហ្គាវើល ឈ្នះដូចគ្នា

ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) បាន​ផ្តួល​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ដើម្បីដណ្តើម​យក​តំបន់​កំពូល​តារាង​ពី​ក្រុម​បឹង​កេតអង្គរ វិញ រីឯ​ក្រុម​ណាហ្គាវើល ​បាន​យក​ឈ្នះ​ក្រុម​ប៉ូលិស ប៉ុន្តែ​ក្រុម​ម្ចាស់​​ជើង​ឯក​ភ្នំពេញ​ក្រោន បាន​ជួប​ការ​ខក​ចិត្ត​ជា​លើក​ទី​៣ ខណៈ​ពួក​គេ​បាន​ចាញ់​ក្រុម​ឈរ​នៅ​បាតតារាង អាស៊ីអឺរ៉ុប​យូណាយធីត នៅ​កីឡដ្ឋាន RSN របស់​ខ្លួន កាល​ពី​យប់​ថ្ងៃអាទិត្យ​នោះ។
mcl1
mcl2
ក្រុម​ទ័ពបាន​យក​ឈ្នះ​​ក្រុម​ស៊ីម៉ាក់ ៣-០ នៅ​ស្តាត​ចាស់ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ហើយ​គ្រាប់បាល់​នោះ​​រក​បាន​ដោយ​កីឡាករកូរ៉េខាង​ជើង Choe Myong Ho ចំនួន​​២​គ្រាប់​(​​នាទី​ទី​២៩ និងនាទីទី​​៨៥) និងប្រធាន​ក្រុម ភួង សុខសាណា ​(នាទី​​៥៨)​​។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ទ័ព ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ និង​បាន​ទម្លាក់​បឹង​កេត មក​ឈរ​នៅ​លេខ​រៀង​ទី​២​វិញ បើ​ទោះបី​ជា​ក្រុម​ទាំង​២​មាន​២១ពិន្ទុ​ស្មើ​គ្នា​ក៏​ដោយ ​ព្រោះ ទ័ព ​​ធ្លាប់​​ឈ្នះ​បឹង​កេត ២-១ ក្នុង​ជើង​ទី​១​នេះ។

ចំណែក​​ក្រុម​ណាហ្គាវើល បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​១៤ពិន្ទុ បន្ទាប់​ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុមប៉ូលិស ​២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ។ ​ខ្សែ​បម្រើ សុះ ស៊ូហាណា ជា​អ្នក​រក​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ណាហ្គាវើល ​នៅ​នាទី​​៣៤ មុន​ពេល​​ខ្សែ​ប្រយុទ្ធ ទុំ សារ៉ាយ បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​​៤៩ ខណៈ​ខ្សែ​ប្រយុទ្ធជើង​ចាស់ នុត ស៊ីនួន ជា​អ្នក​រក​គ្រាប់​បាល់​​ឲ្យ​ក្រុម​ប៉ូលិស ​នៅ​នាទី​​៨៥។
mcl3
mcl4
ចំពោះ​ក្រុម​ម្ចាស់​ផ្ទះ និង ជា​ម្ចាស់​ជើង​ឯក ​ភ្នំពេញ​ក្រោន ​មិន​អាច​​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​​ភ្ញៀវ​អាស៊ី​អឺរ៉ុប​បាន​ឡើយ បើ​ទោះ​ជា​ ពួក​គេខំ​ប្រឹង​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ក្រុមអាស៊ី​អឺរ៉ុប បែរ​ជា​អាច​ប្រើ​ការ​វាយ​បក រក​បាន​រហូត​ដល់​២​គ្រាប់ ដែល​រក​បាន​ដោយ​ដោយ​​កីឡាករ Afanwi ​នៅ​នាទី​ទី​២១ ​ដោយ​ការ​ទាត់​ពិន័យ​១១​ម៉ែត្រ និង​នៅ​នាទី​ទី​៤៨ ដើម្បី​ឈ្នះ​ភ្នំពេញ​ក្រោន ២-០ លើក​នេះ។
mcl5
​លទ្ធ​ផល​​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អាស៊ីអឺរ៉ុប ស្គាល់​ការ​ឈ្នះជា​លើក​ដំបូង និង​បាន​ឡើង​មក​លេង​រៀង​ទី​៨ ផុត​ពី​តំបន់​បាតរាង​ផង​ដែរ ​ប៉ុន្តែ​ជ័យ​ជម្នះ​របស់​ពួក​គេ បាន​រុញ​ភ្នំពេញ​ក្រោន ឲ្យ​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី​៦ ដោយ​​មាន​១១ពិន្ទុ​ដដែល គឺ​តិច​ជា​ព្រះខ័នរាជស្វាយ​រៀង និង​ខេមបូឌាន​ថាយហ្គឺរ​​២ពិន្ទុដូច​គ្នា តែ​លើស​ក្រុម​ស៊ីម៉ាក់៤ពិន្ទុ លើស​អាស៊ីអឺរ៉ុប​៦ពិន្ទុ លើស​ក្រុម​ប៉ូលិស​៧ពិន្ទុ និង​លើស​ក្រុម​វេស្ទើន៨ពិន្ទុ៕