Barcelona ផ្តួល Sevilla ទាំងលំបាកដើម្បីលើកពាន Copa Del Rey (មានវីដេអូ Highlight)

ខ្សែការពារ Jordi Alba និងខ្សែប្រយុទ្ធ Neymar បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីបន្ថែម១៥នាទីពីរដង ខណៈដែលក្រុម Barcelona បានបំពេញការឈ្នះពានរង្វាន់ពីរក្នុងរដូវកាលតែមួយដែលរួមមានក្របខ័ណ្ឌលីក និងពាន Copa del Rey ជាលើកទី២៨ ក្រោយពីបានទទួលជ័យជម្នះ ២-០ លើក្រុម Sevilla ក្នុងការប្រកួតដ៏ស្វិតស្វាញមួយដែលនាំឲ្យមានកាតក្រហមដល់ទៅបីកាលពីថ្ងៃអាទិត្យ។
barcelona
ការបណ្តេញខ្សែបម្រើ Javier Mascherano នៅមុនពេលបញ្ចប់តង់ទីមួយសម្រាប់ការទាញឲ្យកីឡាករ Kevin Gameiro ដួល បានធ្វើឲ្យក្រុម Barcelona ជួបបញ្ហា ហើយពួកគេត្រូវបានកាត់បន្ថយភាពខ្លាំងបន្ថែមទៀតនៅពេលដែលខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេ Luis Suarez បានរងរបួសនៅដើមតង់ទីពីរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេបានរារាំងការដាក់សម្ពាធរបស់ក្រុម Sevilla ក្រោយពីសម្រាកតង់ទីមួយ ហើយការចាញ់ប្រៀបរបស់ក្រុម Barca ត្រូវបានលុបចោលនៅពេលជិតបញ្ចប់ការប្រកួតរយៈពេល៩០នាទីនៅពេលដែលកីឡាករ Ever Banega បានរងពិន័យកាតក្រហមសម្រាប់ការឈូសជើងទៅលើ Neymar។

ក្រុម Barcelona បានធ្វើការគ្រប់គ្រងវិញក្នុងនាទីបន្ថែមរយៈពេល៣០នាទី និងត្រូវការរយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះដើម្បីរកគ្រាប់បាល់ទម្លាយសំណាញ់នៅពេលដែលការបញ្ជូនបាល់របស់ Lionel Messi បានជួយឲ្យ Alba រកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ។ បន្ទាប់មក Neymar បានរកគ្រាប់បាល់ទី២នៅជិតបញ្ចប់ការប្រកួតពីការបញ្ជូនបាល់យ៉ាងល្អមួយផ្សេងទៀត ក្រោយពីកីឡាករ Daniel Carrico ក៏ត្រូវបានបណ្តេញចេញផងដែរសម្រាប់ការរងពិន័យកាតលឿងជាលើកទី២។ Sevilla បានសម្លឹងរកការឈ្នះពានចំនួនពីរ ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Europa League ជាលើកទី៣ជាប់ៗគ្នាតាមរយៈករផ្តួលក្រុម Liverpool ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ប៉ុន្តែ បែរជារងនូវការខកចិត្តវិញ៕

ប្រភពព័ត៌មាន៖ Channel News Asia