ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអាល់បានីក្នុងដំណើរទៅ Euro ឆ្នាំ២០១៦

សម្រាប់យុទ្ធនាការកីឡាបាល់ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមប្រកួតនៅខែមិថុនា ក្នុងប្រទេសបារាំង នាពេលខាងមុខនេះ Cambosport នឹងធ្វើការចេញផ្សាយនូវប្រវត្តិខ្លីៗរបស់រាល់ក្រុមជម្រើសជាតិនានាដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយចាប់ផ្តើមពីក្រុមជម្រើសជាតិអាល់បានីតទៅ។
Albania
ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនក្នុងយុទ្ធនាការកីឡាបាល់ទាត់ដ៏ធំមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល់បានី ក្រោយពីពួកគេបានឈ្នះកៅអីជាស្វ័យប្រវត្តិពីការប្រកួតជម្រុះតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល I បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់។ ពួកគេបានបញ្ចប់ការប្រកួតជម្រុះនេះ ដោយឈ្នះ៤លើក ចាញ់២ និងស្មើ២លើក ក្នុងនោះពួកគេក៏បានផ្តួលក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ែប៊ី និងស្មើជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក ពីការប្រកួតបីលើកចុងក្រោយរបស់ពួកគេ ផងដែរ។ អាល់បានី នឹងត្រូវពឹងផ្អែកទៅលើទម្រង់លេងរបស់ពួកគេ ជាពិសេសខ្សែការពារ Lorik Cana ដែលនឹងត្រូវបំពេញតួនាទីឲ្យបានល្អទាំងក្នុងតំបន់ការពារ និងក្នុងនាមជាប្រធានក្រុម។

ក្រុមបាល់ទាត់ជម្រើសជាតិអាល់បានី ស្ថិតក្នុងពូល A រួមជាមួយនឹងក្រុមម្ចាស់ផ្ទះបារាំង រូម៉ានី ស្វ៊ីស ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ហើយពួកគេនឹងត្រូវធ្វើការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស នាថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Stade Bollaert-Delelis ក្នុងទីក្រុង Lens។ ការឆ្លងផុតវគ្គជម្រុះតាមពូល នឹងមានការស្វិតស្វាញ ប៉ុន្តែ ក្រុមជម្រើសជាតិអាល់បានី នឹងទទួលបានឱកាសរបស់ពួកគេ ជាពិសេសនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស និងរូម៉ានី៕