Vardy រៀបការថ្ងៃពុធនេះ និងត្រូវអវត្តមានឲ្យអង់គ្លេសមួយប្រកួត

ខ្សែប្រយុទ្ធក្លិបកញ្ជ្រោង Leicester City កីឡាករ Jamie Vardy នឹងអវត្តមានលេងក្នុងការប្រកួតមិត្តភាពឲ្យប្រទេសអង់គ្លេស ជាមួយនឹង អូស្ត្រាលី នាថ្ងៃសុក្រនេះ ដោយសាររូបគេត្រូវ រៀបអាពាហ៍ពិពាហ៍ នៅថ្ងៃពុធនេះ។
Vardy
Vardy វ័យ ២៩ឆ្នាំ បានលុបចោលការរៀបការម្តងរួចមកហើយកាលពីឆ្នាំមុន និងថែមទាំងលើកពេលថយក្រោយមួយខែ ពីខែមិថុនា (មកឧសភានេះវិញ) ដើម្បីឲ្យរូបគេបានចូលលេងនៅ Euro 2016 ដែលនឹងចាប់ផ្តើមនាថ្ងៃទី ១១ ខែមិថុនាខាងមុខនេះ។

គ្រូបង្វឹកជម្រើសជាតិលោក Roy Hodgson និយាយថា «កាលពីឆ្នាំមុន អាពាហ៍ពិពាហ៍របស់គេ ត្រូវបានកក់ទុក ចំខែមិថុនានេះ ហើយខ្ញុំបានកោះហៅគេ ចូលរួមជាមួយក្រុមជម្រើសជាតិ»។ «ខ្ញុំគិតថា គេគួរតែអាចបានរៀបការនាពេលនេះ»។

Vardy ដែលស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុងលីក Premier League ឲ្យ Leicester លើកពានលីកកំពូលមួយនេះ បានចូលលេងក្នុងប្រកួតមិត្តភាពឈ្នះប្រទេស តួកគី ២-១ កាលពីថ្ងៃសៅរ៍៕