ACU ផ្ញើ​លិខិត​អរគុណ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប​ដែល​សហការ​ចូល​បំភ្លឺ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទើប​បញ្ចប់​ការ​សាកសួរ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ដែល​គេ​សង្ស័យ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​លើ​ប្រាក់​ជំនួយ​បរទេស។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) បាន​កោះ​ហៅ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប លោក ស៊ីវ រដ្ឋា ទៅ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​ដែល​ចោទ​ប្រកាន់​ថា លោក​បាន​កិបកេង​ប្រាក់​ច្រើន​លាន​រៀល​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ជនបទ ព្រម​ទាំង​ជួយ​សង្គ្រោះ​ស្បៀង​អាហារ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB)

ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត​មួយ​ច្បាប់ ថ្លែង​អំណរគុណ​ដល់​ប្រធាន​មន្ទីរ​នេះ ដែល​បាន​សហការ​ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង ដែល​ចោទ​ប្រកាន់​រូប​លោក​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ។

ការ​ចេញ​លិខិត​ថ្លែង​អំណរគុណ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​កោះ​ហៅ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ដោយ​ស្ងាត់ស្ងៀម ទៅ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ដែល​មាន​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ពី​បទ​កិបកេង​ប្រាក់​ជាច្រើន​លាន​រៀល​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ជនបទ ព្រម​ទាំង​ជួយ​សង្គ្រោះ​ស្បៀង​អាហារ (Emergency Food Assistance Project) របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) មក។

បុគ្គលិក​របស់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ១​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា ថា កាល​ពី​ពីរ​ថ្ងៃ​មុន លោក​បាន​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​ជូន​លោក ស៊ីវ រដ្ឋា ដែល​ជា​ប្រធាន​មន្ទីរ៖ «ឃើញ​លិខិត​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​មក​ថ្លែង​អំណរគុណ​លោក​ប្រធាន​ដែល​បាន​សហការ»

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លោក ស៊ីវ រដ្ឋា ដើម្បី​សុំ​ការ​ពន្យល់​ពី​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា។

ចំណែក​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប លោក កែវ ច័ន្ទរដ្ឋា បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ថា ប្រធាន​របស់​លោក​បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តាំង​ពី​ពេល​ណា​ទេ ប៉ុន្តែ​លោក​ដឹង​តាម​រយៈ​បុគ្គលិក​របស់​លោក បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ហើយ​ប៉ុណ្ណោះ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ជុំវិញ​ការ​ហៅ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប មក​ឆ្លើយ​បំភ្លឺ​នោះ​ទេ ពីព្រោះ​មន្ត្រី​របស់​លោក​មាន​ឯករាជ​ភាព​នៅ​ក្នុង​ការងារ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា លោក ឱម យ៉ិនទៀង ពន្យល់​ថា ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ចេញ​លិខិត​ថ្លែង​អំណរគុណ​ទៅ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប មែន គឺ​មាន​ន័យ​ថា ការ​បំភ្លឺ​របស់​សាមី​ខ្លួន​បាន​សមរម្យ ឯ​ព័ត៌មាន​ដែល​ចោទ​ប្រកាន់ គឺ​មិន​ត្រឹមត្រូវ​ទេ។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អរគុណ​ចំពោះ​ការ​សហការ៖ «ឬ​មួយ​ក៏​បំភ្លឺ​ដោយ​លាយលក្ខណ៍​អក្សរ គឺ​យើង​ចម្លង​ការ​បំភ្លឺ​នោះ​ទៅ​ឲ្យ​ម្ចាស់​បណ្ដឹង ដើម្បី​ឲ្យ​គេ​តវ៉ា​ត​ទៅ​ទៀត»

លោក ឱម យ៉ិនទៀង ពន្យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អនុវត្ត​លើ​នីតិវិធី​ច្រើន​យ៉ាង​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ ដូចជា​ស្រាវជ្រាវ​ព័ត៌មាន​សម្ងាត់ ស្រាវជ្រាវ​ព័ត៌មាន​ដែល​ចំហ និង​ទី​៣ យោង​លើ​ពាក្យ​បណ្ដឹង។

គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​មនុស្ស​មិន​ស្គាល់​ឈ្មោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ចោទ​ប្រកាន់​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ចំនួន ៣​រូប ថា​បាន​ឃុបឃិត​គ្នា​ធ្វើ​ឯកសារ​បន្លំ​កិបកេង​យក​ប្រាក់​ជាច្រើន​លាន​រៀល​ពី​ជំនួយ​គម្រោង​ជួយ​សង្គ្រោះ​ស្បៀង​អាហារ និង​គម្រោង​ផ្លូវ​លំ​ជនបទ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។